មនុស្សតែងតែគិតថាលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ជាមនុស្សដែលជឿជាក់លើខ្លួនឯងពេក និងអាត្មានិយមផងដែរទាំងក្នុងនាមជាប្រធានាធិបតី និងអាជីបករ។ យោងទៅតាមសៀវភៅរបស់ក្មួយស្រីរបស់លោកដែលមានឈ្មោះថា ម៉ារី ត្រាំ (Mary Trump)បានឲ្យដឹងថា លោកត្រាំបានរៀនអាកប្បកិរិយានេះពីអ្នកនិពន្ធណូមេន វីនសេន ផេល (Normal Vincent Peale)។

យោងទៅតាម Politico បានឲ្យដឹងថា លោកផេនបានសរសេរសៀវភៅអភិវឌ្ឍន៍ខ្លួនដែលលក់ដាច់ជាងគេក្រោមចំណងជើងថា The Power of Positive Thinking កាលពីឆ្នាំ ១៩៥២។ ពេលនោះ លោកត្រាំមានអាយុទើបតែ ៦ឆ្នាំទេ ប៉ុន្តែឪពុករបស់លោកបានចាប់អារម្មណ៍នឹងការទូន្មានរបស់លោកផេល។
យោងទៅតាមការទូន្មានរបស់លោកផេល មនុស្សត្រូវការតែជំនឿចិត្តលើខ្លួនឯងទេដើម្បីជោគជ័យក្នុងវិធីដែលព្រះចង់ឲ្យអ្នកជោគជ័យ។
អ្នកស្រីម៉ារីបានសរុបសេចក្តីមកថា ឪពុករបស់លោកត្រាំប្រហែលជាមានទស្សនៈថា លោកជាអ្នកមានព្រោះលោកស័ក្តិសមជាអ្នកមាន និងគិតថាការមិនមានជំនឿចិត្តលើខ្លួនជាភាពទន់ជ្រាយ ហើយបានបង្រៀនគោលការណ៍ទាំងនេះបន្តទៅលោកត្រាំផងដែរ។
ទោះជាលោកផេលមានអ្នកគាំទ្រជាច្រើនពិតមែនក្តី លោកក៏មានអ្នករិះគន់ច្រើនដែរ។ យោងទៅតាម Politico បានឲ្យដឹងថា លោកផេលប្រៀបបានជាអ្នកលក់តំណាងឲ្យព្រះ និងមនុស្សមួយចំនួនទៀតថែមទាំងហៅលោកថាជាជនបោកប្រាស់ទៀតផងព្រោះទស្សនៈដ៏សាមញ្ញរបស់លោកបានទប់ស្កាត់រាល់ការគិតដែលសំខាន់ដទៃទៀត។
សៀវភៅ Too Much and Never Enough នឹងត្រូវបានដាក់លក់លើទីផ្សារនៅថ្ងៃទី១៤ ខែកក្កដា ខាងមុខនេះ។ អ្នកស្រីម៉ារីបានបកស្រាយដែរថា អ្នកស្រីមិនសរសេរសៀវភៅនេះដើម្បីលុយ ឬដើម្បីសងសឹកទេ។ ប៉ុន្តែអ្នកស្រីត្រូវបានបង្ខំឲ្យសរសេរព្រោះតែលោកបានក្លាយជាប្រធានាធិបតីអស់រយៈពេលបីឆ្នាំមកនេះ និងថែមទាំងបន្ថែមទៀតថា ប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកនឹងត្រូវបានបញ្ចប់ប្រសិនបើលោកជាប់ឆ្នោតមួយអាណត្តិទៀត ៕
ចែករំលែកព័តមាននេះ