ខេត្តរតន:គីរី ៖ យុទ្ធនាការ «កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្ត្រកបរិស្ថាន» បានរៀបចំឡើងដោយអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តរតន:គីរី ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តរតនគីរី និងប្រជាពលរដ្ឋមួយចំនួននៅ ថ្ងៃ ទី១០ ខែកក្កដា ឆ្នាំ២០២០ នាទីក្រុងបាលុង ខេត្តរតនៈគីរី ។ នេះបើយោងតាមក្រសួងបរិស្ថាន ចេញផ្សាយនាថ្ងៃទី១០ ខែកក្កដានេះ ។

លោកស្រី មាស ចន្ទ័ធីតា អគ្គនាយិការង នៃអគ្គនាយដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា « យុទ្ធនាការ កាត់បន្ថយថង់ប្លាស្ទិក» នាឱកាសនេះ រៀបចំឡើងដើម្បីឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា របស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ជាមួយប្រជាជាតិលើសកលលោក ចូលរួមការពារ និងថែរក្សាអនាម័យបរិស្ថានឱ្យជៀសផុតពីភាពកខ្វក់ ដែល បណ្តាល មកពីសំណល់ និងប្រភពបំពុលផ្សេងៗទៀត ដើម្បីគាំពារសុខុមាលភាពប្រជាពលរដ្ឋ និង គុណភាពបរិស្ថានឱ្យល្អស្រស់បំព្រងជានិច្ចសម្រាប់មនុស្សជាតិបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយៗទៀត។

លោកស្រី មាស ច័ន្ទធីតា បានឱ្យដឹងថា យុទ្ធនាការ នៃការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយ ពីកន្ត្រកបរិស្ថាន នឹងបានផ្តល់នូវព័ត៌មាន ក៏ដូចជា ចំណេះដឹង ថ្មីៗ ដូចជាចលនាទូលំទូលាយ កាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្ត ក៏ដូចជាជំរុញ ការអនុវត្តអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ស្ដីពី ការ គ្រប់គ្រង ថង់ប្លាស្ទិក ព្រមទាំងជំរុញនិងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឍប់ ជាអចិន្ត្រៃយ៍នូវការផ្ដល់ថង់ប្លាស្ទិក ដោយមិនគិតថ្លៃដល់អតិថិជន និងចូលរួម ចំណែកលើកស្ទួយជីវភាព រស់នៅរបស់ប្រជាជននៅតាម សហគមន៍ផលិតកន្ត្រកកញ្ជោរ។

លោកស្រី មាស ច័ន្ទធីតា បានបង្ហាញសេចក្តីសង្ឃឹមថា យុទ្ធនាការនាពេលនេះ នឹងលើកទឹកចិត្តប្រជាពលរដ្ឋ ទាំងអស់មានការយល់ដឹង និងភ្ញាក់រលឹក ហើយប្រែក្លាយជាការអនុវត្ត ជាក់ស្តែង និងអនុវត្តជាប្រចាំ ដើម្បី បុព្វហេតុបរិស្ថាននៅកម្ពុជា និងបរិស្ថានពិភពលោក ឱ្យមាននិរន្តរភាព។
សូមបញ្ជាក់ថា សំរាមនៅតាមទីប្រជុំជនបង្កើតឡើងចំនួនជាង ១ម៉ឺនតោនក្នុងមួយថ្ងៃ ក្នុងពេលដែលពលរដ្ឋរស់នៅក្នុងរាជធានី និងក្រុងធំៗត្រូវបានប៉ានប្រមាណថា បានបង្កើតសំរាម ១ គីឡូក្រាមក្នុងមួយថ្ងៃ និងបងប្អូនប្រជាពលរដ្ឋរស់នៅតាមជនបទបង្កើតសំរាមប្រមាណ កន្លះគីឡូក្នុងមួយថ្ងៃ។

សរុបមួយឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណជិត ៤ លានតោន ក្នុងនោះ២០% ជាសំណល់ប្លាស្ទិក។ ខេត្ត រាជធានីធំៗដែលផលិតបរិមាណសំរាមច្រើនរួមមាន៖ រាជធានីភ្នំពេញប្រមាណជាង ៣០០០ តោនក្នុងមួយថ្ងៃ ក្រុងព្រះសីហនុប្រមាណ ៧០០តោនក្នុងមួយថ្ងៃ ក្រុងសៀមរាប ៣៨០ តោនក្នុងមួយថ្ងៃ និងនិយាយដោយឡែកក្រុងបានលុងនេះផ្ទាល់ មានប្រមាណពី៥៨ ទៅ៦៥ តោនក្នុងមួយថ្ងៃក្នុងនោះ៣៥% ជាសំណល់ប្លាស្ទិក ៕
ចែករំលែកព័តមាននេះ