ខេត្តស្វាយរៀង ៖ បុរសវ័យ៣៤ឆ្នាំ ម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ សមត្ថកិច្ចដាក់ការសង្ស័យថា ខ្យល់គាំងបេះដូងស្លាប់ ដោយជនរងគ្រោះពិសាស្រារាល់ល្ងាច ហើយមិនហូបបាយ ទើបបណ្តាលឲ្យខ្យល់គស្លាប់ ។ ករណីជាងឈើធ្វើតុទូស្លាប់នេះ កើតឡើងនៅភូមិមេភ្លើងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង ។

បើតាមម្ចាស់ផ្ទះឈ្មោះ អ៊ុក ភេទស្រី អាយុ៥៧ឆ្នាំ នៅផ្ទះកើតហេតុខាងលើ បានឲ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុជាងឈើធ្វើតុទូម្នាក់នេះផឹកស្រា នៅវេលាម៉ោង៦និង០០នាទីល្ងាច ថ្ងៃទី៩ កក្កដា ២០២០ ដោយអត់ហូបបាយ (គឺផឹកស្រារាល់ល្ងាចមិនដែលហូបបាយទេ) ក្រោយពីផឹកស្រាស្រវឹងហើយ បានចូលទៅដេកនៅក្នុងបន្ទប់ផ្ទះផ្ទាល់ដីម្នាក់ឯង ។

លុះព្រឹកឡើងវេលាម៉ោងប្រមាណជា៤និង២០នាទីព្រឹកទៀបភ្លឺថ្ងៃទី១០ កក្កដា ២០២០ មានឈ្មោះ ឈុនប្រុក ភេទស្រី អាយុ៤៧ឆ្នាំ ដែលរស់នៅក្នុងផ្ទះនោះដែរ (ដេកនៅលើផ្ទះ) បានចុះពីលើផ្ទះមកក្រោមក៏ចូលទៅដាស់ជនរងគ្រោះឲ្យក្រោកស្រាប់តែ ជនរងគ្រោះស្លាប់សពរឹងបាត់ទៅហើយ មិនដឹងស្លាប់តាំងពីពេលណានោះទេ ។ ក៏ប្តឹងសមត្ថកិច្ចឲ្យមកពិនិត្យតែម្តង ។

បើតាមសមត្ថកិច្ចនគបាលក្រុងស្វាយរៀងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះកែវរ៉េ ភេទប្រុស អាយុ៣៤ឆ្នាំ ជាកូនកំព្រា គ្មានប្រពន្ធកូនទេ មានស្រុកកំណើតនៅខេត្តកំពង់ធំ ។
ប្រភពដ៏ដែលបន្តទៀតថា ដោយជីវភាពក្រីក្រ បានមករស់នៅជាមួយម្ចាស់ផ្ទះឈ្មោះ អ៊ុក អស់ រយៈពេលជាង៦ឆ្នាំមកហើយ ដោយសុំម្ចាស់ផ្ទះធ្វើជាកូនធម៌ និងដោយមានជំនាញចេះធ្វើតុ កៅអី ទូ (ជាងឈើ)ម្ចាស់ផ្ទះក៏ទទួលធ្វើជាកូនធម៌និងបានបើកសិប្បកម្មធ្វើតុ កៅអី ធ្វើទូលក់រហូតមក ដោយមានដាក់កូនជាងបីបួននាក់ធ្វើការជាមួយ។ហើយប៉ុន្មានឆ្នាំចុងក្រោយនេះជនរងគ្រោះតែងតែផឹកស្រារាល់ល្ងាច ជួនកាលផឹកទាំងថ្ងៃពេលណាគ្មានការងារធ្វើឬពេលថ្ងៃសម្រាក ហើយពេលផឹកស្រា គឺមិនដែលឃើញចេះក្លែម ឬហូបបាយទេផឹកអត់បាយទើបខ្យល់គ ស្លាប់បែបនេះ ។
សមត្ថកិ្ចបានបញ្ជាក់ថា តាមការពិនិត្យនិងធ្វើកោសលវិច្ច័យរបស់ក្រុមគ្រូពេទ្យ គឺពុំមានឃើញមានស្លាកស្នាមអ្វីគួឲ្យសង្ស័យនោះទេដូច្នេះក្រុមគ្រូពេទ្យបច្ចេកទេសបានធ្វើការសន្និដ្ឋានថា ស្លាប់ដោយខ្យល់គ ។ ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានហៅរថយន្តសាមុយដឹកសពយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តព្រៃឆ្លាក់សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀងខេត្តស្វាយរៀង ៕
ចែករំលែកព័តមាននេះ