ទីក្រុងគូឡាឡាំពួ ៖ ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ ស្ថានទូតកម្ពុជាបានសម្របសម្រួល និងជួយរៀបចំការវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញរបស់ប្រជាពលរដ្ឋ ពលករ ពលការនី និងសិស្សនិស្សិតកម្ពុជា បានចំនួន ៥ លើក សរុបមានចំនួន ៦២៣ នាក់។

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នេះតាមជើងយន្តហោះពាណិជ្ជកម្ម ពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី លេខMH762 បានចាកចេញពីទីក្រុងគូឡាឡាំពួ នៅវេលាម៉ោង16:30 ហើយនឹងទៅដល់ទីក្រុងភ្នំពេញ នៅវេលាម៉ោង 17:25 ថ្ងៃដដែល។

លោក ចឺយ វិចិត្ត ដែលបានជូនដំណើរនិស្សិតកម្ពុជា ដែលធ្វើដំណើរពីប្រទេសអារ៉ាប់ប៊ីសាអូឌីត នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួ បានគូសបញ្ជាក់ជូនថា កន្លងមក «សម្តេចតេជោ ហ៊ុនសែន បានអនុញ្ញាតឱ្យនិស្សិតកម្ពុជាដែលសិក្សានៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត វិលត្រឡប់ទៅកម្ពុជាវិញ ហើយទើបតែពេលនេះ ទើបយើងអាចរៀបចំជើងហោះហើរនេះបាន» ដែលជាការរៀបចំឡើងក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម អូស្មាន់ ហាសាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប។
ជើងយន្តហោះនេះ មានអ្នកដំណើរសរុប ៩៤ នាក់ ដែលក្នុងនោះរួមមាននិស្សិតកម្ពុជាចំនួន ៨០ នាក់ ធ្វើដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌីត អ្នកដំណើរពលរដ្ឋខ្មែរនៅប្រទេសម៉ាឡេស៊ីចំនួន ១៣ នាក់ និងជនជាតិខ្មែរកាន់លិខិតឆ្លងដែនម៉ាឡេស៊ី ១ នាក់៕
ចែករំលែកព័តមាននេះ