ស្ថានការបច្ចុប្បន្ននេះប្រហែលជាមិនមែនជាពេលល្អក្នុងការរកការងារថ្មីឡើយ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនដែលចៀសមិនផុតពីការបាត់បង់ការងារ វាអាចជាវិធីតែមួយគត់ដែលអ្នកអាចរកចំណូលសម្រាប់ចិញ្ចឹមជីវិតបាន ។ ក្នុងពេលដែលមានមនុស្សជាច្រើនកំពុងរកការងារផងដែរ តើអ្នកត្រូវធ្វើយ៉ាងដូចម្តេចដើម្បីឈានមុខអ្នកដទៃ និងមានឱកាសច្រើនក្នុងការរកបានការងារក្នុងពេលឆាប់ៗ?

១. ដាក់ពាក្យគ្រប់កន្លែង
ជាក់ស្តែង ឱកាសក្នុងការរកបានការងារនឹងកើនឡើងប្រសិនបើអ្នកដាក់ពាក្យច្រើនកន្លែងដែរ ។ អ្នកអាចព្យាយាមពិនិត្យមើលជំនាញដែលអ្នកមានឡើងវិញ ដែលរួមទាំងជំនាញដែលអ្នកមានតែមិនបានប្រើផងដែរនៅកន្លែងការងារចាស់ ។ ជំនាញទាំងនោះអាចអនុញ្ញាតឲ្យអ្នកធ្វើការក្នុងផ្នែកដទៃផ្សេងទៀតប្រសិនបើអ្នកមានចិត្តបើកទូលាយ ។ ប៉ុន្តែអ្នកត្រូវចងចាំថាប្រវត្តិរូបសង្ខេបរបស់អ្នកមិនគួរដូចគ្នាទាំងអស់ទេ តែអ្នកត្រូវកែច្នៃវាឲ្យខុសៗគ្នាដើម្បីសម្របទៅតាមអ្វីដែលកន្លែងធ្វើការនីមួយៗចង់បាន ។
២. ស្រាវជ្រាវឲ្យបានច្រើន
គ្រាន់តែនិយាយប្រាប់អ្នកស្គាល់គ្នាថា ប្រសិនបើមានជ្រើសបុគ្គលិក ជួយប្រាប់ដំណឹងផង គឺមិនគ្រប់គ្រាន់ទេព្រោះទោះជាមិត្តរបស់អ្នកចិត្តល្អយ៉ាងណាក៏ដោយក៏ពួកគេអាចភ្លេចដែរ ។ អ្វីដែលអ្នកត្រូវធ្វើគឺស្រាវជ្រាវមើលថាតើសមត្ថភាពរបស់អ្នកអាចមានតួនាទីអ្វីខ្លះក្នុងក្រុមហ៊ុននោះរួចសួរទៅកាន់អ្នកស្គាល់ថា តើតួនាទីនោះកំពុងខ្វះមនុស្សទេ ។
៣. រក្សាភាពរហ័សរហួន និងភាពស្មោះត្រង់
ប្រសិនបើអ្នកទើបតែបានបាត់បង់ការងារ អ្នកគួរតែប្រាប់អ្នកសម្ភាសន៍តាមត្រង់ព្រោះពួកគេនឹងយល់ពីស្ថានការបច្ចុប្បន្នច្បាស់ ។ ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើគឺរក្សាភាពរហ័សរហួនព្រោះពេលនេះមានមនុស្សកាន់តែច្រើនដែលកំពុងតែប្រកួតប្រជែងគ្នាដើម្បីដណ្តើមតួនាទីដែលអ្នកចាប់អារម្មណ៍ ។
៤. បង្ហាញពីអត្តសញ្ញាណរបស់អ្នក
ពេលខ្លះឆ្លើយសំណួរតាមអ្វីដែលអ្នកស្តាប់ចង់លឺ គឺមិនល្អទេ ។ ប្រសិនបើអ្នកត្រូវបានហៅទៅសម្ភាសន៍ហើយនោះមានន័យថាអ្វីដែលអ្នកបានសរសេរលើប្រវត្តិរូបបានបង្ហាញច្បាស់ពីសមត្ថភាពរបស់អ្នកហើយ ដូច្នេះអ្នកមិនគួរចំណាយពេលច្រើននិយាយពីវាទេ ។ អ្វីដែលសំខាន់គឺអ្នកត្រូវបង្ហាញពីជំនាញទន់របស់អ្នកដូចជាការធ្វើការជាក្រុម សមត្ថភាពក្នុងការដោះស្រយាបញ្ហា ឬភាពជាអ្នកដឹកនាំជាដើម ៕
ចែករំលែកព័តមាននេះ