អ្នកប្រហែលជាធ្លាប់លឺតារាៗនិយាយពីការស្រលាញ់ និងមើលថែខ្លួនឯងពេលដែលពួកគេចង់លក់អ្វីឲ្យអ្នកប្រើហើយ ។ ដូច្នេះតើមានន័យថាអ្នកត្រូវតែចំណាយលុយទើបអាចស្រលាញ់ និងមើលថែខ្លួនបានពិតមែនទេ?

ការពិតជាក់ស្តែង វាមិនដូច្នេះទេ ។ លោក រូភើត សនដឺស (Rupert Saunders) ដែលជាទីប្រឹក្សាផ្នែកព្យាបាលនៅ Headspace បានប្រាប់មកថា វាជាសកម្មភាពប្រចាំថ្ងៃដែលជួយមើលថែសុខភាពផ្លូវចិត្ត និងជួយធ្វើឲ្យសុខភាពរបស់អ្នកល្អប្រសើរឡើង ។
យោងទៅតាមនិយមនន័យនេះ អ្នកមិនតែងតែត្រូវចាយវាយដើម្បីអាចស្រលាញ់ និងមើលថែខ្លួនទេ ។ ផ្ទុយមកវិញ មានសកម្មភាពជាច្រើនដែលអ្នកអាចធ្វើបានដើម្បីសម្រេចគោលដៅខាងលើ ហើយខាងក្រោមគឺជាឧទាហរណ៍មួយចំនួនដែលអ្នកអាចសាកល្បងបាន ៖
១. រក្សាគម្លាតរវាងការងារ និងជីវិត
គម្លាតរវាងការងារ ឬការសិក្សា និងជីវិតផ្ទាល់ខ្លួនមិនងាយស្រួលក្នុងការរក្សាទេ ហើយវាកាន់តែពិបាកទៅទៀតក្នុងកំឡុងពេលនេះខណៈដែលមនុស្សជាច្រើនត្រូវធ្វើការ ឬសិក្សាពីផ្ទះ ។ ប៉ុន្តែអ្វីដែលអ្នកអាចធ្វើបានគឺការបង្កើតវាជាទម្លាប់ក្នុងការបែងចែកការងារ ឬការសិក្សា និងជីវិតផ្ទាល់ខ្លួនឲ្យបានដាច់ ។
ឧទាហរណ៍ដូចជាកំណត់បន្ទប់សម្រាប់សម្រាក និងសម្រាប់ធ្វើការឬសិក្សាឲ្យបានច្បាស់ ។ រាល់ពេលដែលអ្នកចូលក្នុងបន្ទប់ណាមួយហើយ អ្នកមិនអាចធ្វើអ្វីផ្សេងក្រៅពីអ្វីដែលអ្នកបានកំណត់ទុកទេ ។
២. ព្យាយាមទទួលទានអាហារល្អៗ
ការទទួលទានអាហារល្អៗក៏ជាការមើលថែខ្លួនឯងដែរ ។ ហើយវាមិនជាបញ្ហាទេក្នុងការក្រេបស្រា ឬបរិភោគនំផ្អែមៗម្តងម្កាល ។ តែអ្នកមិនគួរអនុញ្ញាតឲ្យខ្លួនធ្លាក់ក្នុងទម្លាប់មិនល្អយូរពេកទេ ។ ជាពិសេសពេលដែលអ្នកស្ត្រេស ព្រោះមនុស្សនៅពេលដែលស្ត្រេសខ្លាំងមានភាគរយកច្រើនក្នុងការជ្រើសរើសអាហារដែលមិនល្អ ។
៣. កុំនៅស្ងៀមមួយកន្លែង
ការឧស្សាហ៍ធ្វើចលនារាងកាយអាចជួយដល់សុខភាពផ្លូវចិត្តរបស់អ្នកបាន ។ ហើយអ្នកអាចធ្វើដូច្នេះបានដោយដើរជុំវិញផ្ទះ ឬព្យាយាមធ្វើលំហាត់ប្រាណក្នុងផ្ទះជាដើមប្រសិនបើអ្នកមិនមានជំនឿចិត្តគ្រប់គ្រាន់ក្នុងការចាកចេញពីផ្ទះ ។
៤. រក្សាទំនាក់ទំនងជាមួយមនុស្សដទៃ
ការរក្សាទំនាក់ទំនងជាមួយអ្នកដទៃមិនថាតាមទូរស័ព្ទ ហ្វេសប៊ុក ឬតាមវិធីផ្សេងៗទៀតទេ ការធ្វើដូច្នេះវាពិតជាសំខាន់ណាស់ព្រោះពួកគេអាចផ្តល់ជាកម្លាំងចិត្តដល់អ្នកបាន ។ ប៉ុន្តែប្រសិនបើអ្នកកំពុងរស់នៅជាមួយអ្នកដទៃដូចជាក្រុមគ្រួសារ ឬមិត្តរួមបន្ទប់ជាដើម អ្នកគួរតែកំណត់ពេលវេលាឲ្យបានច្បាស់លាស់នៅពេលដែលដល់ម៉ោងធ្វើការ និងសិក្សា ៕
ចែករំលែកព័តមាននេះ