ប្រទេសប៊ុលហ្គារី ៖ គណៈកម្មការវេជ្ជសាស្ត្ររបស់ប្រទេសប៊ុលហ្គារី នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា បានលើកឡើងថា សហព័ន្ធកីឡាបាល់ទាត់ប៊ុលហ្គារី (BFU) អាចនឹងត្រូវពន្យារពេលការចាប់ផ្តើមលីគរដូវកាលថ្មីរបស់ខ្លួន ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីមានការឆ្លងរាលដាលកូវីដ១៩ នៅតាមបណ្តាក្លិបជាច្រើន។

ក្រុមនៅលីគកំពូលកំពូលប៊ុលហ្គារី ក៏ដូចជាក្រុមនៅលីគលំដាប់ទី២ ជាងពាក់កណ្តាលបានរងគ្រោះដោយសារវីរុសនេះ ដោយគ្រាន់តែក្លិប Cherno More Varna ត្រូវបានរាយការណ៍ថា មាន ១៦ករណីវិជ្ជមាន និងក្លិប Lokomotiv Plovdiv មាន ៩ករណីផងដែរ ។

លេខាធិការគណៈកម្មការវេជ្ជសាស្ត្រលោក Mihail Iliev បានថ្លែងប្រាប់ រ៉យទ័រ (Reuters) ថា «គណៈកម្មាការវេជ្ជសាស្ត្រ បានធ្វើសំណើរទៅកាន់លីគបាល់ទាត់ក្នុងប្រទេស ដើម្បីពន្យាពេល មួយឬពីរសប្តាហ៍លើកាលបរិច្ឆេទចាស់នៃការចាប់ផ្តើមលីគ ។ ហើយយើងជឿថា វាជាជំហានដ៏សមហេតុផលមួយ ក្នុងការតាមដានពីស្ថានភាពរាលដាលនៃវីរុសនេះ»។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ប្រទេសប៊ុលហ្គារីត្រូវបានរាយការណ៍អំពីចំនួនអ្នកឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៣៣០ករណីក្នុងថ្ងៃសុក្រនេះ។ ដែលបានធ្វើឱ្យចំនួនឆ្លងសរុបបានកើនឡើងដល់ ៦,៦៧២ករណី និងចំនួនអ្នកបាត់បង់ជីវិតសរុបចំនួន ២៦២នាក់៕ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ