ខេត្តត្បូងឃ្មុំ ៖ ដោយសារភ្លើងប្រចណ្ឌ ធ្វើឲ្យនាយនគរបាលពាក់ស័ក្តិ៣ម្នាក់បាញ់ប្រហារស្រីស្នេហ៍របស់ខ្លួននឹងកាំភ្លើងខ្លីចំនួន២គ្រាប់ នៅមុខបន្ទប់ជួលផ្លូវចូល Karaoke Gold Club ក្នុងភូមិជីមាន់ ឃុំក្រែក ស្រុកពញាក្រែក កាលពីវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ។

ការបាញ់ប្រហារនេះ បណ្តាលឲ្យស្ត្រីរងគ្រោះបានបាត់បង់ជីវិត ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ចំពោះរឿងរ៉ាវនេះ មិនទាន់បានដឹងឱ្យស៊ីជម្រៅនោះទេថា ហេតុអ្វីបានជាមានការបាញ់សម្លាប់គ្នាយ៉ាងនេះ ដោយគ្រាន់តែដឹងជាជំហានដំបូងថា មូលហេតុដែលកើតមានអំពើបាញ់ប្រហារស្រីស្នេហ៍នេះ ព្រោះតែរោគប្រចណ្ឌ ។

ស្ត្រីដែលត្រូវប្រុសស្នេហ៍ជាស័ក្តិ៣ប៉ូលិសបាញ់សម្លាប់នេះឈ្មោះ ហេង សុហ៊ាម អាយុ២០ឆ្នាំ រស់នៅភូមិ៣៧ ក្នុងមូលដ្ឋានចម្ការកៅស៊ូក្រែក ស្រុកពញាក្រែក ។ សមត្ថកិច្ចមូលដ្ឋានឲ្យដឹងទៀតថា ក្រោយពីត្រូវគូស្នេហ៍ប្រហារចំនួន២គ្រាប់ចំដើមទ្រូង ស្ត្រីរងគ្រោះបានរងរបួសធ្ងន់ ហើយបន្ទាប់មកក៏ស្លាប់ ។ ឯអ្នកបាញ់ប្រហារនេះឈ្មោះ មូល ទិត្យឧត្តម អាយុ៣១ឆ្នាំ ត្រូវបានគេស្គាល់ថា ជាមន្ត្រីនគរបាលនៅការិយាល័យព្រហ្មទណ្ឌខេត្ត មានឋានន្តរស័ក្តិអនុសេនីយ៍ឯក ។

ក្រោយពីបាញ់ប្រហារស្រីស្នេហ៍របស់ខ្លួនហើយ ជននេះបានបើករថយន្តព្រូសពណ៌ស
បំណងរត់គេចខ្លួនក្នុងទិសដៅពីខាងកើតទៅខាងលិច ។ លុះទៅជិតដល់ច្រកខ្លោងទ្វារមុខសាលាស្រុកពញាក្រែក ដោយសាររថយន្តបើកបរក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្តដឹកទំនិញមួយគ្រឿងពីក្រោយពេញទំហឹង បណ្តាលឲ្យខូចខាតខ្លួនឯងយ៉ាងដំណំ និងរងរបួសជាទម្ងន់ ។

ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍ស្រុកពញាក្រែក បានទៅដល់ដឹកនាយនគរបាលជាខ្មាន់កាំភ្លើងនោះទៅមន្ទីរពេទ្យបង្អែកស្រុក និងបន្តដឹកទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងបញ្ជូនបន្តទៅមន្ទីរពេទ្យឯរាជធានីភ្នំពេញទៀតទាំងយប់ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា មុនពេលមានការបាញ់ប្រហារនេះ គេឃើញមន្ត្រី
នគរបាលខាងលើនិងស្រីស្នេហ៍របស់ខ្លួន ផឹកស៊ីនៅក្នុងបន្ទប់ជួលដែលមានគ្នាទាំងអស់៤នាក់ ។

ក្រោយមក ជននេះបានដើរចេញមករថយន្តរបស់ខ្លួន ឯស្រីស្នេហ៍បានដើរមកក្បែររថយន្ត ហើយភ្លាមនោះដែរ ស្រាប់តែឃើញជននេះដកកាំភ្លើងខ្លីបាញ់ទៅលើស្រីស្នេហ៍របស់ខ្លួនចំនួន២គ្រាប់ រួចហើយបើករថយន្តរត់គេចខ្លួនតែម្ដង ។




ចែករំលែកព័តមាននេះ