រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍ថ្មីមួយ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃភ្ញៀវទេសចរអន្តរជាតិមកដល់ប្រទេសកម្ពុជា ក្នុងរយៈពេល៦ខែដើមឆ្នា ២០២០នេះឃើញថាមានការធ្លាក់ចុះរហូតដល់-៥៥ភាគរយខណៈឆ្នាំមុនភ្ញៀវទេសចរអន្តរជាតិមកដល់កម្ពុជា មានកំណើនប្រមាណ១១,២ភាគរយ ។
តាមរបាយការណ៍នេះក៏បានបង្ហាញផងដែរថា ភ្ញៀវចិននៅតែឈរលំដាប់ទី១ ដដែលនៃភ្ញៀវទេសចរអន្តរជាតិសរុបក្នុងឆមាសទី១នៃឆ្នាំ២០២០នេះ ដែលមានសមាមាត្រប្រមាណ២២,៧ភាគរយ បានធ្លាក់ចុះយ៉ាងគំហុកប្រមាណ -៧១,៤ភាគរយ ។
យោងតាមស្ថិតិរបាយការណ៍របស់គ្រឹះស្ថានអង្គរដែលជាអ្នកលក់សំបុត្រជូនភ្ញៀវទេសចរបរទេសទស្សនារមណីដ្ឋានអង្គរបានអោយដឹងថា ក្នុងរយៈពេល៦ខែនេះមានចំនួនត្រឹមតែជាង៣៨ម៉ឺន៧ពាន់នាក់ប៉ុណ្ណោះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ឃើញមានការធ្លាក់ចុះរហូតដល់ -៦៨,៨៣ភាគរយ និងចំណួលដែលបានមកពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិសម្រាប់ទស្សនារមណីយដ្ឋានអង្គរក្នុងពេល១ឆមាសនេះ មានត្រឹមតែជាង១៨លានដុល្លារអាមេរិកប៉ុណ្ណោះ និងមានការធ្លាក់ចុះប្រមាណ-៦៧,៥៤ភាគរយ ។
តាមស្ថិតិរបាយការណ៍ដដែលបានបង្ហាញផងដែរថា ក្នុងរយៈពេលបីខែចុងក្រោយមានការធ្លាក់ចុះខ្លាំងជាក់ស្ដែង ក្នុងមេសាឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិទិញបណ្ណទស្សនារមណីយដ្ឋានអង្គរមានចំនួន ត្រឹមតែ៦៥៤នាក់ប៉ុណ្ណោះធ្លាក់ចុះ-៩៩,៦៥ភាគរយធៀបនឹងខែមេសា ឆ្នាំមុន ហើយចំណូលក្នុងខែមេសា២០២០នេះដែរ បានត្រឹមតែជាង២ម៉ឺន៩ពាន់ដុល្លារអាមេរិកប៉ុណ្ណោះ ។ សម្រាប់ខែឧសភា ភ្ញៀវទេសចរអន្តរជាតិទិញបណ្ណ មានចំនួន ១.៧៧៦នាក់ ធ្លាក់ចុះ -៩៨,៧៧ភាគរយធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន និងរកចំណូលបានជាង៧២ពាន់ដុល្លារអាមេរិក។ ដោយក្នុងខែចុងក្រោយនេះ ពោលគឺខែមិថុនា ភ្ញៀវទេសចរអន្តរជាតិទិញទស្សនារមណីយដ្ឋានអង្គរមានចំនួន ១.៧៤៧នាក់ធ្លាក់ចុះ -៩៨,៦២ភាគរយ ចំណូលបានជាង៧១ពាន់ដុល្លារធ្លាក់ចុះ-៩៨,៦៩ភាគរយធៀបនឹងខែដូចគ្នាឆ្នាំ ២០១៩ ។
តាមរយៈការធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិបែបនេះ បានបង្ខំអោយម្ចាស់សណ្ឋាគារលំដាប់ផ្កាយនិងបូទិកមួយចំនួន ជាពិសេសនៅខេត្តសៀមរាប ប្រកាសលក់អាជីវកម្មទាំងស្រុងក្នុងនោះគេឃើញថាអ្នកប្រកាសលក់អាជីវកម្មទាំងនោះភាគច្រើនជាអ្នកជួលទីតាំងសម្រាប់ធ្វើអាជីវកម្ម ហើយបើមិនមានចំណូលប្រចាំខែនោះទេ ម្ចាស់អាជីវកម្មក៏មិនអាចរត់រួចក្នុងការបង់ថ្លៃជួលទីតាំងផង បុគ្គលិកផង និងថ្លៃទឹកថ្លៃបានដែរ បើទោះបីជាអាជីវកម្មទាំងនេះ ត្រូវបានបន្ធូបន្ថយពន្ធ ពីសំណាក់រដ្ឋាភិបាលក្ដី ។
លោកតុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជាក៏បានមានប្រសាសន៍ផងដែរថាវិស័យសណ្ឋាគារបានរងផលប៉ះពាល់ដោយសារតែបាត់បង់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសសណ្ឋគារនៅខេត្តសៀមរាប គឺបានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ។ ចំណែកសណ្ឋាគារនៅតំបន់មួយចំនួនទៀតក៏មានផលប៉ះពាល់ដែរតែក្នុងទំហំតិចតួចដូចជានៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀតជាដើម គឺនៅតែមានភ្ញៀវស្នាក់នៅជាហូរហែ ។
លោកបន្តថា មកទល់នឹងខែ ឧសភានិងមិថុនាកន្លងទៅនេះ សេវាកម្មប្រើអោយវិស័យទេសចរណ៍មួយចំនួនចាប់ផ្ដើមកម្រើកឡើងវិញដោយភ្ញៀវទេសចរក្នុងស្រុកចាប់ផ្ដើមធ្វើដំណើរកម្សាន្តទៅតាមរមណីយដ្ឋានក្នុងប្រទេស ពីព្រោះតែពួកគាត់បានស្នាក់តែក្នុងផ្ទះអស់រយៈពេលជាយូរក្នុងអំឡុងពេលកូវីដ១៩ បានឆ្លងរាល ដោយមិបានធ្វើដំណើរទៅកម្សាន្តតាមរមណីយដ្ឋាននានា ដូច្នេះហើយយើងឃើញថា ចរន្តទេសចរក្នុងស្រុកក៏ចាប់ផ្ដើមជាបន្តបន្ទាប់មកវិញ ៕
ចែករំលែកព័តមាននេះ