ការ​ប្រកួត UCL និង UEL វគ្គ​១៦​ក្រុម​ជើង​ទី​២ នឹង​ចាប់ផ្តើម​នៅ​ដើមខែ​ក្រោយ


អន្តរជាតិ ៖ សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា បាន​ធ្វើការ​ប្រកាស​ពី​កាលបរិច្ឆេទ និង​ទីតាំង​ផ្លូវការ សម្រាប់​ការ​ប្រកួត​ពានរង្វាន់ Champions League និង Europa League ជើង​ទី​២ ដែល​ត្រូវ​បាន​ពន្យារ​ពេល​ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​។

សម្រាប់​ពានរង្វាន់ Champions League ការ​ប្រកួត​៤​គូ ដែល​មាន​ដូច​ជា​៖ Manchester City ជាមួយ Real Madrid, Bayern Munich ជាមួយ Chelsea, Juventus ជាមួយ Lyon ហើយ​និង Barcelona ជាមួយ Napoli ក្នុង​ជើង​ទី​២ វគ្គ​១៦​ក្រុម​ចុង​ក្រោយ នឹង​ត្រូវ​ធ្វើការ​ប្រកួត​នៅ​ថ្ងៃ​ទី ៧​ឬ​៨ ខែសីហា នៅ​ក្នុង​កីឡដ្ឋាន​របស់​ក្រុម​ម្ចាស់ផ្ទះ​រៀង​ៗ​ខ្លួន ដូច​តាម​កាលវិភាគ​ចាស់ ដោយ​គ្មាន​វត្តមាន​អ្នក​ទស្សនា​ផ្ទាល់​។

ដោយឡែក​សម្រាប់​ពានរង្វាន់ Europa League ការ​ប្រ​កូត ៦​គូ​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​២ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ៥​ឬ​៦ ខែសីហា នៅ​ក្នុង​កីឡដ្ឋាន​របស់​ក្រុម​ម្ចាស់ផ្ទះ​រៀង​ៗ​ខ្លួន ដូច​តាម​កាលវិភាគ​ចាស់​។ ចំណែកឯ​ការ​ប្រកួត​២​គូរ​វាង​ក្រុម Inter Milan ជាមួយ Getafe ហើយ​និង Sevilla ជាមួយ Roma ដែល​មិន​ទាន់​បាន​ប្រកួត​ជើង​ទី​១ បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩ នឹង​ត្រូវ​លេង​តែ​១​ជើង​ប៉ុណ្ណោះ ពោល​គឺ​នៅ​ថ្ងៃ​ទី ៥​ឬ​៦ ខែសីហា ដែល​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​។

សូម​បញ្ជាក់​ជា​ថ្មី​ថា សម្រាប់​ការ​ប្រកួត​ចាប់ពី​វគ្គ​៨​ក្រុម​ចុង​ក្រោយ រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ពានរង្វាន់​ទាំង​ពីរ នឹង​ត្រូវ​ឡើង​តែ​មួយ​ជើង​ប៉ុណ្ណោះ ដោយ​គ្មាន​អ្នក​ទស្សនា​ផ្ទាល់​ដដែល​។ ដោយ Champions League នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២០ នៅ​ទឹកដី​កណ្តាល​ក្នុង​ទីក្រុង Lisbon ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​។

Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ

ចំណែកឯ Europa League នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០ នៅ​ទឹកដី​កណ្តាល​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​៕ (​ដកស្រង់​ចេញពី Reuters)

Europa League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​
Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ