អាមេរិក ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា សន្តិសុខម្នាក់នៅឯផ្សារភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត បន្ទាប់ពីមានការវាយតប់គ្នាជាមួយអតិថិជនដែលមិនបានពាក់ម៉ាស។
ការិយាល័យមេធាវីប្រចាំស្រុក Los Angeles បាននិយាយថា លោក Umeir Corniche Hawkins បានបាញ់ លោក Jerry Lewis អាយុ៥០ឆ្នាំ កាលពីថ្ងៃទី៥ ខែកក្កដា។ ព្រះរាជអាជ្ញានិយាយថា បុរសទាំងពីរនាក់បានចាប់ផ្តើមឈ្លោះប្រកែកគ្នានៅពេលដែលលោក Lewis ចូលផ្សារដោយមិនពាក់ម៉ាស។ ព្រះរាជអាជ្ញាបានបន្តថា បន្ទាប់មកលោក Lewis បានចាកចេញពីផ្សារ ប៉ុន្តែនៅពេលដែលគាត់ត្រឡប់មកវិញ អ្នកទាំងពីរបានវាយតប់គ្នាម្តងទៀត ហើយ Hawkins បានបាញ់ពីក្រោយ នៅពេលលោក Lewis ដើរចេញទៅ។

ការរឹតបន្តឹងទូទាំងរដ្ឋ ត្រូវបានចេញដោយអភិបាលរដ្ឋកាលីហ្វ័រញ៉ាកាលពីខែមុន ដែល តម្រូវឱ្យប្រជាជនពាក់ម៉ាស នៅពេលចូលទៅក្នុងទីធ្លាសាធារណៈ ដើម្បីការពារការរីករាលដាលនៃមេរោគឆ្លង។ នៅទូទាំងសហរដ្ឋអាមេរិល ការពាក់ម៉ាសបានក្លាយជាចំណុចនៃការជជែកវែកញែកយ៉ាងខ្លាំង ដោយផ្នែកខ្លះនៃប្រជាជនបដិសេធមិនពាក់ ខណៈដែលអ្នកខ្លះទៀតគាំទ្រការពាក់ម៉ាសថា ជាការពារដ៏ល្អ។
ឥឡូវនេះ លោក Hawkins ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងកាន់កាប់កាំភ្លើងមិនស្របច្បាប់។ ភរិយារបស់គាត់ឈ្មោះ Sabrina Carter ក៏ត្រូវបានចោទប្រកាន់ពីបទកាន់កាប់ដោយកាំភ្លើងដែរ។ ប្តីប្រពន្ធនេះ ត្រូវបានផ្តន្ទាទោសកាលពីឆ្នាំ២០១៣ ពីបទរំលោភបំពានដោយប្រើកម្លាំង ដែលអាចបណ្តាលឱ្យមានរបួសរាងកាយធ្ងន់ធ្ងរ។ មេធាវីរបស់ជនជាប់ចោទ មិនបានឆ្លើយតបភ្លាមៗចំពោះសំណូមពររបស់សារព័ត៌មាន CNN សុំការអត្ថាធិប្បាយទេ។

អ្នកទាំងពីរ បានប្រកែកនឹងការចោទប្រកាន់។ ប្រសិនបើការចោទប្រកាន់បានសម្រេច លោក Hawkins ដែលជាសន្តិសុខ នឹងត្រូវពិន័យជាប្រាក់ ១លានដុល្លារអាមេរិក និង ជាប់ពន្ធនាគារពី៥០ឆ្នាំ ទៅមួយជីវិត។ ចំណែកឯប្រពន្ធវិញ អាចនឹងពិន័យជាប្រាក់ ៣៥០០០ដុល្លារ និង ជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ