អង់គ្លេស៖ អ្នកស្រាវជ្រាវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ថ្នាំពីរមុខបញ្ចូលគ្នា ដែលគេប្រើប្រាស់ក្នុងការព្យាបាលជំងឺរលាកថ្លើមប្រភេទ C ក៏អាចជួយអ្នកជំងឺឱ្យជាសះស្បើយពីជំងឺកូវីដ១៩ បានដែរ។ នេះបើយោងតាមប្រភពព័ត៌មាន CNN ។
ការស្រាវជ្រាវតូចចំនួន៣ ដែលសិក្សាលើអ្នកជម្ងឺចំនួន១៧៦នាក់ បានបង្ហាញពីការបញ្ចូលគ្នារវាងថ្នាំពីរប្រភេទ គឺ sofosbuvir និង daclatasvir អាចជួយពន្លឿនការជាសះស្បើយនៃអ្នកជំងឺកូវីដ១៩។ បន្ទាប់ពីបានព្យាបាលអស់រយៈពេល២សប្តាហ៍ អ្នកជំងឺ៩៤% ដែលបានឱ្យថ្នាំពីរមុខនេះ មានសភាពល្អប្រសើរជាង ៧០% នៃអ្នកដែលមិនបានប្រើថ្នាំ។

ការសិក្សាត្រូវបានធ្វើឡើង នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលការរួមបញ្ចូលគ្នានៃថ្នាំត្រូវបានគេប្រើយ៉ាងទូលំទូលាយ ដើម្បីព្យាបាលអ្នកជំងឺរលាកថ្លើមប្រភេទ C ។ លោក Andrew Hill ដែលមកពីសាកលវិទ្យាល័យ Liverpool បាននិយាយថា ការសិក្សាមិនមែនជាការសាកល្បង ដែលត្រូវបានគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់ ដែលអាចឱ្យវេជ្ជបណ្ឌិតសម្រេចចិត្តយកទៅប្រើប្រាស់នោះទេ។
លោកបាននិយាយថា៖ «លទ្ធផលទាំងនេះ គ្រាន់តែជាការរកឃើញបឋម ហើយទាល់តែធ្វើលើមនុស្សច្រើនត្រឹមត្រូវ ទើបអាចយកជាការបាន។ មនុស្សរាប់លាននាក់បានជាសះស្បើយពីជំងឺរលាកថ្លើមប្រភេទ C ដោយប្រើវិធីព្យាបាលនេះ»។
គេនឹងធ្វើការសិក្សានេះ ម្តងទៀតលើមនុស្ស២០០០នាក់ ហើយលទ្ធផលនឹងអាចចេញនៅខែតុលា។ បច្ចុប្បន្នថ្នាំ remdesivir គឺជាថ្នាំប្រឆាំងវីរុសតែមួយគត់ ដែលមានការអនុញ្ញាតឱ្យប្រើជាបន្ទាន់ ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក ដើម្បីព្យាបាលជំងឺកូវីដ១៩៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ