អង្គការអភិរក្សធនធានធម្មជាតិ WWF រំលឹកថា ការដាក់អន្ទាក់បានក្លាយជាវិបត្តិ និងបង្កហានិភ័យធ្ងន់ធ្ងរដល់សត្វព្រៃដែលកំពុងរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានប្រទេសកម្ពុជាមួយដែរ ។ បន្ថែមពីនេះអង្គការអន្តរមួយនេះបានរម្ភយ៉ាងខ្លាំងថា មេរោគជាច្រើនអាចឆ្លងមកសត្វមកមនុស្សតាមរយៈសត្វស្លាប់ពីការដាក់អន្ទាក់នោះ ។

ផ្អែកតាមរបាយការណ៍ «វិបត្តិនៃការដាក់អន្ទាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬ Silence of the Snares: Southeast Asia’s Snaring Crisis» គេបានប៉ាន់ប្រមាណថា មានអន្ទាក់ចំនួនប្រមាណ ១២,៣ លាន កំពុងគំរាមកំហែងដល់ការរស់រានរបស់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ។ ភាគច្រើននៃអន្ទាក់ទាំងនេះត្រូវបានផលិត និងច្នៃឡើងដោយប្រើខ្សែ ឬខ្សែ កាប ។

របាយការណ៍ដដែលបានបង្ហាញថា មានអន្ទាក់សរុបចំនួន ២៣៤.២៩១ ត្រូវបានដោះ និងប្រមូលចេញពីក្នុងតំបន់ការពារធម្មជាតិចំនួន៥ នៅក្នុងប្រទេសកម្ពុជា គិតចាប់ពីឆ្នាំ២០១០ មកទល់ឆ្នាំ ២០១៩ ។

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានមានប្រសាសន៍ថា «អន្ទាក់ជាកត្តាគំរាមកំហែងចម្បងចំពោះការរស់រានរបស់សត្វខ្លាធំនៅក្នុងតំបន់ ហើយវាក៏ជាកត្តារួមចំណែកដ៏ធំមួយដល់ការដែលគេសន្មត់ថាសត្វខ្លាធំនេះបានបាត់បង់ទៅហើយពីក្នុងព្រៃធម្មជាតិក្នុងប្រទេសកម្ពុជា ឡាវ និងវៀត ណាម» ។ វិបត្ដិអន្ទាក់នេះក៏ជាកត្ដាសំខាន់មួយដែលនាំឱ្យមានការថយចុះនូវចំនួនប្រភេទសត្វស៊ីសាច់ជាអាហារមួយចំនួនទៀតដែរនៅក្នុងតំបន់ការពារធម្មជាតិ ដែលគាំទ្រដោយអង្គការ WWF ដូចជាសត្វខ្លារខិន ខ្លាពពក និងសត្វឆ្កែព្រៃ ព្រមទាំងប្រភេទសត្វជាចំណីរបស់ពួកវាដូចជា ទន្សោង ឈ្លូស ជ្រូកព្រៃ ខ្ទីង រមាំង និងសត្វប្រើស ។

ជាការកត់សម្គាល់កាលពីល្ងាចថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០ មានសត្វទន្សោងឈ្មោលមួយក្បាលបានស្លាប់បាត់បង់ជីវិត នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្តនៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ ក្រោយពេលសត្វទន្សោងនោះចុះខ្សោយសុខភាពជាខ្លាំង និងរបួសធ្ងន់ ដោយសារតែជាប់អន្ទាក់របស់ព្រានជាយូរថ្ងៃមក។
WWF ថាការដាក់អន្ទាក់បង្កើនឱកាសដល់មនុស្សក្នុងការប៉ះពាល់ដោយផ្ទាល់នឹងសត្វព្រៃ ដែលវាជា ទង្វើអាចបង្កលទ្ធភាពនៃការចម្លងមេរោគពីសត្វទៅមនុស្ស។ ជាក់ស្តែង ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាសត្វជ្រូកព្រៃ សំពោច និងសត្វពង្រូលស្ថិតក្នុងចំណោមសត្វច្រើនប្រភេទទៀតដែលជាគោលដៅនៃការដាក់អន្ទាក់ ហើយសុទ្ធសឹងជាប្រភេទសត្វដែលបង្កហានិភ័យខ្ពស់បំផុតនៃការចម្លងមេរោគ។ លោក Stuart Chapman ប្រធានកម្មវិធីសត្វខ្លាប្រចាំតំបន់នៃអង្គការ WWF មានប្រសាសន៍ថា «អន្ទាក់បានសម្លាប់និងបង្ករបួសធ្ងន់ធ្ងរដល់ជីវិតសត្វព្រៃដោយមិនរើសប្រភេទឡើយ ។ អន្ទាក់នេះហើយដែលបាន និងកំពុងបំផ្លាញជីវិតសត្វព្រៃសំខាន់ៗនៅក្នុងតំបន់ចាប់តាំងពីប្រភេទសត្វធំៗដូចជា សត្វខ្លាធំ និងសត្វដំរីអាស៊ី រហូតដល់សត្វពង្រូល និងសត្វសំពោច ហើយបន្ថែមលើនេះ វាឈានទៅធ្វើឱ្យតំបន់ព្រៃទាំងមូលលែងមានវត្តមានសត្វព្រៃទៀតផង»។
លោកបានបន្តថា «សត្វព្រៃអាចបន្តរស់រានបាន លុះត្រាតែរដ្ឋាភិបាលនៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចាត់វិធានការបន្ទាន់ចំពោះវិបត្តិអន្ទាក់នេះ»។ WWF បានលើកឡើងថា វិបត្តិបង្កដោយ កូវីដ១៩ បានបង្ហាញឱ្យឃើញថា ត្រូវតែមានការផ្លាស់ប្តូរជាលក្ខណៈប្រព័ន្ធ ដើម្បីដោះស្រាយកត្តា ចលករដែលនាំឱ្យមានការរាលដាលជំងឺជាសកល។ នៅក្នុងសោកនាដកម្មនេះ ក៏មានកាលានុវត្តភាពមួយសម្រាប់ផ្សះផ្សាទំនាក់ទំនងរបស់មនុស្សជាមួយធម្មជាតិឡើងវិញ និងដើម្បីបន្ធូរបន្ថយហានិភ័យនៃការរាលដាលជំងឺផ្សេងទៀតនាពេលអនាគត ។ យ៉ាងណាក៏ដោយ អនាគតប្រសើរមួយអាចចាប់ផ្តើមទៅរួច ទាល់តែ រដ្ឋាភិបាលនានា បណ្តាក្រុមហ៊ុន និងប្រជាជនរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ ចាប់ផ្តើមធ្វើសេចក្តីសម្រេចចិត្តត្រឹមត្រូវពីថ្ងៃនេះទៅ។
អង្គការអភរក្សធនធានធម្មជាតិ WWF បានកំពុងអំពាវនាវជាសកលឱ្យមានការទទួលស្គាល់និងអនុវត្តគោលការណ៍ សុខភាពតែមួយ ‘One Health’ ដោយផ្សារភ្ជាប់សុខភាពរបស់មនុស្ស សត្វ និងបរិស្ថាន ដែលយើងពឹងអាស្រ័យរួមគ្នា ហើយទទូចសុំឱ្យគោលការណ៍នេះត្រូវបានដាក់បញ្ចូលទៅក្នុងការធ្វើសេចក្តីសម្រេចស្តីពីសត្វព្រៃ និងការប្រើប្រាស់ដីធ្លី។ គោលការណ៍នេះក៏គួរត្រូវបានដាក់បញ្ចូលទៅក្នុងសេចក្តីសម្រេចនានាផ្នែកធុរកិច្ចនិងហិរញ្ញវត្ថុផងដែរ ជាពិសេសសេចក្តីសម្រេចពាក់ព័ន្ធនឹងសុខភាពពិភពលោក៕
ចែករំលែកព័តមាននេះ