នៅសុខៗទុស្សេឆាបឆេះបង្គោលខ្សែភ្លើងឆោឡោពេញផ្លូវ (វីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បង្គោលភ្លើងដែលបំពាក់ទៅដោយខ្សែភ្លើងរយីករយាកស្រាប់តែឆ្លងចរន្តទុស្សេបង្កជាអគ្គីភ័យឆាបឆេះបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចអាជ្ញាធរ ហៅរថយន្តពន្លត់អគ្គីភ័យចុះទៅអន្តរាគមន៍បាញ់ពន្លត់ ដើម្បីទប់ស្កាត់កុំឱ្យភ្លើងឆេះរាលដាល់ដល់លំនៅឋាន ប្រជាពលរដ្ឋ ។

ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៤និង៣០នាទីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២០ នៅចំណុចបង្គោលភ្លើង ដែលមានប្រអប់លេខ P026.211 ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១០១១ កែងផ្លូវលេខ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញខ្សែភ្លើងបានឆ្លងចរន្តទុស្សេបែកផ្កាភ្លើងបង្កជាអណ្តាតភ្លើងឆាបឆេះរាលដាលផ្សែងហុយទ្រលោម បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ។ ភ្លាមៗនោះអាជ្ញាធរ និងសមត្ថកិច្ច ក៍បានចុះទៅដល់កន្លែងកើតហេតុ និងហៅរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ដោយសារតែមន្ត្រីអគ្គីសនីមិនទាន់ផ្តាច់ចរន្តអគ្គិសនី ទើបរថយន្តពន្លត់អគ្គិភ័យពុំហ៊ានបាញ់ពន្លត់ឡើយ ដោយខ្លាចគ្រោះថ្នាក់ លុះមួយសន្ទុះក្រោយមក ទើបបាញ់ពន្លត់ ដោយស្មានថា ផ្តាច់ចរន្តអគ្គិសនីរួចហើយ ។ បន្ទាប់ពីបាញ់ពន្លត់អស់ហើយ ស្រាប់តែមានការភ្ញាក់ផ្អើលនាំគ្នារត់ចេញពីទីតាំងកើតហេតុនោះ ដោយសារតែមន្ត្រីអគ្គីសនី ដែលចុះទៅដល់កន្លែងកើតហេតុ បានយកឧបករណ៍វាស់ឃើញនៅមានចរន្តអគ្គិសនី ដោយមិនទាន់ផ្តាច់ចរន្តនៅឡើយទេ ។ នេះចាត់ទុកជាសំណាងហើយ ដែលពុំទាន់មានសមត្ថកិច្ច អាជ្ញាធរនិងប្រជាពលរដ្ឋបានដើរកាត់ទីនោះ។

តាមប្រភពពីនគរបាលមូលដ្ឋានបានអោយដឹងថា ខ្សែភ្លើង និងខ្សែអ៊ិនធើណេតដែលបំពាក់នៅលើបង្គោលនោះត្រូវភ្លើងឆេះរងការខូចខាត តែពុំបណ្តាលអោយឆេះរាលដាលដល់លំនៅឋានរបស់ប្រជាពលរដ្ឋឡើយ ៕ (កែសម្រួលដោយ ៖ ធីតា)











ចែករំលែកព័តមាននេះ