ខេត្តបន្ទាយមានជ័យ ៖ តាមប្រភពព័ត៌មានមួយបានឱ្យដឹងថា ភាគីថៃបានសម្រេចបើកច្រកទ្វារខ្លងលឹក ឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឱ្យអាជីវករកម្ពុជាចូលទៅដឹកទំនិញចូលមកកម្ពុជាវិញរយៈពេល៦ថ្ងៃ តែហាមមិនឱ្យចូលលក់ដូរនៅក្នុងផ្សាររុងក្លឿនោះទេ ។ ការសម្រេចរបស់ភាគីថៃនេះ ត្រូវបានឯកឧត្តមអភិបាលខេត្តប្រាប់ឲ្យដឹង នៅក្នុងកិច្ចប្រជុំប្រចាំខែនៅសាលប្រជុំសាលាខេត្ត កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ។

ឯកឧត្តមអភិបាលខេត្ត អ៊ុំ រាត្រី មានប្រសាសន៍ថា ក្រោយពេលដែលរាជរដ្ឋាភិបាលថៃបិទច្រកទ្វារព្រំដែន ដើម្បីបង្ការទប់ស្កាត់កូវីដ-១៩ ក្នុងកិច្ចប្រជុំតាមវីដេអូខនហ្វឺរេនរវាងអាជ្ញាធរខេត្តបន្ទាយមានជ័យ-កម្ពុជា និងខេត្តស្រះកែវរបស់ថៃ ក្នុងនាមអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមបានស្នើសុំឱ្យឱ្យភាគីថៃសម្រួលឱ្យអាជីវករកម្ពុជាដែលក់ដូរនៅផ្សាររុងក្លឿ ប្រទេសថៃ ចូលទៅពិនិត្យទំនិញនិងដឹកចេញមកវិញ ។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ មានការជួបប្រជុំរវាងអភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តស្រះកែវ ហើយភាគី
ថៃបានអនុញ្ញាតតាមការស្នើសុំពីអភិបាលខេត្តបន្ទាយមានជ័យកម្ពុជា ដោយសម្រេចឱ្យអាជីវ
ករកម្ពុជាដែលលក់ដូរនៅផ្សាររុងក្លឿ ចូលទៅដឹកទំនិញរបស់ខ្លួនដែលលក់ដូរនៅផ្សាររុងក្លឿ តែហាមមិនឱ្យចូលទៅលក់ដូរ និងដឹកទិញទំនិញថ្មីចូលទេ ហើយអនុញ្ញាតឱ្យចូលក្នុង១សប្តាហ៍តែ៦ថ្ងៃ គឺមិនអនុញ្ញាតទេនៅថ្ងៃសៅរ៍ ។

ឯកឧត្តម អ៊ុំ រាត្រី បញ្ជាក់ថា ភាគីថៃសម្រេចឱ្យអាជីវករកម្ពុជាចូលទៅដឹកទំនិញចាស់របស់ខ្លួននៅតូបផ្សាររុងក្លឿក្នុង១ថ្ងៃកំណត់ឱ្យរថយន្តចូលចំនួន៥០គ្រឿង មនុស្ស១០០នាក់ ។
បើនិយាយឱ្យចំទៅ គឺរថយន្ត១គ្រឿងជិះបានតែ២នាក់ ហើយអនុញ្ញាតឱ្យចូលចាប់ពីម៉ោង៨
ព្រឹកដល់ម៉ោង១០ព្រឹក ហើយត្រូវកំណត់ឱ្យចេញវិញឱ្យអស់នៅត្រឹមម៉ោង១រសៀល ។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ភាគីថៃបានសម្រេចនិងអនុញ្ញាត ហើយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលសាលាខេត្តអញ្ជើញមន្ត្រីស្ថាប័នពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចូលរួមប្រជុំពិភាក្សានិងសម្រេចឲ្យចេញចូលឆាប់ៗខាងមុខនេះ ដោយយកទីតាំងស្ថានីយរថយន្តក្រុងប៉ោយប៉ែតធ្វើជាកន្លែងសម្រួលការងារ ព្រោះអាជីវករខ្មែរដែលលក់អីវ៉ាន់នៅផ្សារថៃជាប់ព្រំដែនមានចំនួន៥ផ្សារឯណោះ ។

ឯកឧត្តម អ៊ុំ រាត្រី បញ្ជាក់ថា ដោយឡែកច្រកទ្វារតំបន់ម៉ាឡៃ ស្ថិតនៅស្រុកម៉ាឡៃ គឺភាគីថៃឱ្យរថយន្តធុនធំដឹកទំនិញ និងកសិផលចេញចូលជាធម្មតា តែប្រជាពលរដ្ឋដែលចេញចូលទិញទំនិញគ្រឿងឧបភោគបរិភោគ ក៏តម្រូវឱ្យជិះរថយន្ត១គ្រឿងចំនួន២នាក់ចូលទិញទំនិញនៅផ្សារជាប់ព្រំដែនចម្ងាយជាង២០០ម៉ែត្រ ។

ឯច្រកទ្វារព្រំដែនបឹងត្រកួន ស្រុកថ្មពួក អនុញ្ញាតដូចគ្នា តែការទិញគ្រឿងឧបភោគបរិភោគត្រូវធ្វើការដោះដូរគ្នានៅក្បែរប៉ុស្តិ៍ព្រំដែនកម្ពុជា-ថៃ និងត្រូវប្រជុំសម្រេចជាមួយអាជ្ញាធរស្រុកជាប់ព្រំដែននៅថ្ងៃចន្ទទី១៣ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ ៕ (កែសម្រួលដោយ ៖ បុប្ផា)


ចែករំលែកព័តមាននេះ