រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាននិងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បានរៀបចំដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃសម្រាប់អ្នកសារព័ត៌មានធ្វើដំណើរទៅកាន់តំបន់ជួរភ្នំក្រវាញ ដើម្បីទស្សនាកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ ។ គម្រោងដែលត្រូវបានអនុវត្តរួមគ្នាដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ។ គម្រោងនេះ គឺដើម្បីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញដែលមានទំហំ១,៤លានហិកតា និងដើម្បីលើកកម្ពស់ជីវរស់នៅរបស់សហគមន៍ ។

ដំណើរទស្សនកិច្ចនេះ ដែលដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ អ្នកយកព័ត៌មានត្រូវបានអញ្ជើញឲ្យទៅពិនិត្យមើលសមិទ្ធផលដែលកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញសម្រេចបាន ដើម្បីបានយល់កាន់តែច្បាស់អំពីការប្រឈម ដែលមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន-អង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅទីវាលកំពុងប្រឈមក្នុងពេលចុះបំពេញភារកិច្ចរបស់ខ្លួន ។ គ្រាន់តែក្នុងរយៈពេល១៨ខែចុងក្រោយនេះ មន្ត្រីឧទ្យានុរក្សនៃកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ បានចុះល្បាតចំនួន៦.៥៤៥លើក ដោយល្បាតបានចម្ងាយ២៤៥.០០០គីឡូម៉ែត្រ ។

ឯកឧត្តមបានវាយតម្លៃថា ការខិតខំធ្វើការរបស់មន្ត្រីបានផ្ដល់នូវលទ្ធផល ដោយដោះអន្ទាក់បានចំនួន៣២.៣២២អន្ទាក់។ រឹបអូសរណារយន្ដបាន១.៩៥៤គ្រឿង ។ រឹបអូសឈើខុសច្បាប់បាន
ចំនួន២.១៧៨ម៉ែត្រគូប ។ ចាប់បញ្ជូនជនសង្ស័យទៅតុលាការបាន៨៧នាក់ ។ ចាប់ឃាត់មធ្យោបាយដឹកជញ្ជូនបាន១.០១៩គ្រឿង និងបានទប់ស្កាត់ការរុកទានទន្ទ្រានយកដីរដ្ឋបានចំនួន១៧២ករណី ។
មុនពេលចាប់ផ្ដើមបើកទ្វារ សហគមន៍អេកូទេសចរណ៍ជីផាត គឺជាទីកន្លែងនៃការកាប់ឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ដើម្បីទ្រទ្រង់ជីវភាពរស់នៅ ដែលព្រៃឈើនិងសត្វព្រៃត្រូវបានទទួលរងនូវការបំផ្លិចបំផ្លាញ ។ អាស្រ័យដោយមានការគាំទ្រពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃសហគមន៍ជីផាតបានអភិវឌ្ឍជីវភាពរស់នៅរបស់ខ្លួនប្រកបដោយនិរន្ដរភាព ដែលអាចឲ្យសហគមន៍នេះបានរំដោះខ្លួនឆ្ងាយចេញពីការកាប់បំផ្លាញព្រៃឈើដើម្បីធ្វើកសិកម្មពនេចរ និងការបរបាញ់សត្វព្រៃ ។ ហើយឥឡូវនេះបានងាកមកពឹងផ្អែកលើអេកូទេសចរណ៍ជាប្រភពចំណូលរបស់ខ្លួនវិញ ។

ការការពារព្រៃឈើ បានក្លាយជាមានសារៈសំខាន់ជាអាយុជីវិតសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជីផាត ដោយសារតែភ្ញៀវទេសចរអន្ដរជាតិពីគ្រប់ទិសទីនៅជុំវិញពិភពលោកបានមកទស្សនាសត្វព្រៃ ដែលជាប្រភេទកំពុងរងគ្រោះស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ចំនួន៥៥ប្រភេទ ដោយចំនួនភ្ញៀវមានរហូតដល់៣.០០០នាក់ គឺគិតតែក្នុងឆ្នាំ២០១៩ ។
ដំណើរទស្សនកិច្ចនេះ ក៏បានឆៀងចូលទៅទស្សនាភូមិសុវណ្ណាបៃតង ដែលអង្គការសម្ព័ន្ធ
មិត្តសត្វព្រៃបានជួយអភិវឌ្ឍប្រកបដោយនិរន្ដរភាពនូវជីវភាពកសិករដែលក្រីក្របំផុត និងអត់មានដី នៅក្នុងព្រៃឈើតំបន់ជួរភ្នំក្រវាញអស់រយៈពេលជាង១៧ឆ្នាំ ។ គម្រោងបានផ្ដោតជាសំខាន់ទៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចំនួន២២០គ្រួសារ ដែលពីមុនមកធ្លាប់បានបំផ្លិចបំផ្លាញព្រៃឈើដោយការកាប់ព្រៃធ្វើចម្ការពនេចរ និងបរបាញ់សត្វព្រៃ ។

អាស្រ័យដោយសារគម្រោងនេះ ទើបដីព្រៃរងទឹកភ្លៀងទំហំ៥.៦១០ហិកតា ត្រូវបានសង្គ្រោះពីការកាប់ដុតព្រៃនៅចន្លោះពីឆ្នាំ២០០៤ ដល់ឆ្នាំ២០២០នេះ ។ ដោយមានជំនួយបច្ចេកទេសពីអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ ប្រជាពលរដ្ឋក្នុងភូមិនេះបានទទួលចំណេះផ្នែកគ្រប់គ្រងប្រាក់កាស ជំនាញកសិកម្មបែបទំនើប ក៏ដូចជាបានបង្កើតនិងគ្រប់គ្រងសមាគមកសិកម្មសហគមន៍ និងឃ្លាំងលក់សម្ភារកសិកម្ម ដែលគ្រប់គ្រងមើលពីលើផលិតកម្មកសិកម្ម ។ ផ្សព្វផ្សាយលក់ផលិតផលនៅទីផ្សារ ។ ការថែទាំសុខភាព ការអប់រំការអភិរក្សធនធានធម្មជាតិ និងប្រព័ន្ធឥណទានខ្នាតតូច ។

ដោយឡែកកញ្ញា ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្ដិរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃមិនអាចចូលរួមក្នុងដំណើរទស្សនកិច្ចនេះបានទេ តែបានសម្តែងនូវអំណរគុណចំពោះការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការអភិរក្សព្រៃឈើតំបន់ជួរភ្នំក្រវាញ ។ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បាននិងកំពុងធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០០១មក ដោយបានផ្ដល់ជំនួយបច្ចេកទេសដើម្បីពង្រឹងតំបន់ការពារធម្មជាតិ កែលម្អជីវភាពរស់នៅដែលអាស្រ័យលើព្រៃឈើ ។ បានសង្គ្រោះសត្វព្រៃពីព្រាននិងពីការជួញដូរ និងការពារតំបន់ជួរភ្នំក្រវាញ ជាព្រៃឈើទីជម្រាលប្រភពទឹក ។ ជាអលង្ការជីវចម្រុះ និងជាទ្រព្យធនសេដ្ឋកិច្ចធំជាងគេរបស់ប្រទេសកម្ពុជា ។

ក្នុងដំណើរទស្សនកិច្ចនេះ អ្នកចូលរួមក៏បានទៅទស្សនាសហគមន៍អេកូទេសចរណ៍ជីផាតដែលជាគម្រោងជ័យលាភីអន្ដរជាតិ ដែលបានចាប់បើកទ្វារក្នុងឆ្នាំ២០០៨ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ