ប្រទេសសិង្ហបុរី ៖ សមាគមកីឡាបាល់ទាត់សិង្ហបុរី (FAS) បានចូលរួមមរណទុក្ខ ចំពោះមរណភាពរបស់អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិសិង្ហបុរីគឺកីឡាករ Hafiz Rahim ដែលបានទទួលបាត់បង់ជីវិតក្នុងវ័យ៣៦ឆ្នាំ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដានេះ។

តាមរាយការណ៍ពីមន្ត្រីប៉ូលិសបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែកក្កដា Hafiz Rahim បានជិះម៉ូតូក្នុងគោលបំណងធ្វើដំណើរទៅចូលរួមការហ្វឹកហាត់មួយ ហើយគ្រោះថ្នាក់ដែលបានឆក់យកជីវិតរបស់កីឡាកររូបនេះ គឺបានកើតឡើងនៅក្នុងតំបន់ Tampines ។

នៅក្នុងផេកផ្លូវការរបស់ FAS បានធ្វើការបង្ហាញពីការសោកសៅយ៉ាងខ្លាំង នៅពេលបានដឹងអំពីការស្លាប់របស់ Hafiz Rahim ។ ដោយបានហៅកីឡាកររូបនេះថា ជាអ្នកប្រយុទ្ធដ៏ប៉ិនប្រសប់ ដែលបានចូលរួមជាលើកដំបូងសម្រាប់ប្រទេសសិង្ហបុរីក្នុងឆ្នាំ២០១១ ដោយបង្ហាញខ្លួនចំនួន ៩ប្រកួត និងស៊ុតបញ្ចូលទីបានមួយគ្រាប់សម្រាប់ប្រទេសនេះ។

សូមរំលឹកថា ខ្សែប្រយុទ្ធ Hafiz Rahim គឺជាផ្នែកមួយនៃក្រុមជម្រើសជាតិសិង្ហបុរី ដែលបានឈ្នះពានរង្វាន់ AFF Suzuki Cup កាលពីឆ្នាំ ២០១២។ ដោយឡែកក្នុងក្លិបអាជីព រូបគេធ្លាប់លេងឱ្យក្រុមជាច្រើនដូចជា៖ Geylang United, Singapore Armed Forces, Gombak United, Home United, Warriors FC និងចុងក្រោយជាមួយក្លិប Tampines Rovers Football Club។

ដោយក្នុងនោះ បានឈ្នះពានរង្វាន់លីគកំពូលសិង្ហបុរី S-League ជាមួយក្រុម Warriors FC ក្នុងឆ្នាំ២០១៤ និងពានរង្វាន់ Singapore Cup ជាមួយក្រុម Home United ក្នុងឆ្នាំ ២០១៣ និងជាមួយក្រុម Geylang United ក្នុងឆ្នាំ២០០៩ផងដែរ ៕ (ដកស្រង់ចេញពី tnp.sg)




ចែករំលែកព័តមាននេះ