លោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) ដែលជាសហស្ថាបនិកក្រុមហ៊ុន និងអតីតនាយកប្រតិបត្តិរបស់ Microsoft បាននិយាយថា ជំនាញដែលលោកបានរៀនពេលដែលលោកធ្វើការនៅ Microsoft បានជួយឲ្យលោកជោគជ័យក្នុងកិច្ចការបច្ចុប្បន្ននេះនៅមូលនិធិសប្បុរសធម៌ Bill and Melinda Gates Foundation ។

លោកបានចែករំលែកក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ៣០ខែមិថុនាកន្លងមកថា «សម្រាប់ខ្ញុំ ជំនាញដែលខ្ញុំបានកសាងក្នុងអាជីពមក គឺពិតជាស្របទៅនឹងកិច្ចការរបស់មូលនិធិណាស់» ។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នមូលនិធិខាងលើបានផ្តល់ជាថវិកាដល់គម្រោងដែលឆ្លើយតបនឹងបញ្ហាសុខភាពសាធារណៈ ភាពក្រីក្រ និងការអប់រំ និងព្រមទាំងការឆ្លើយតបនឹងកូវីដ ១៩ ផងដែរ ។
លោកបានចាប់ផ្តើមចាប់អារម្មណ៍លើបញ្ហាសុខភាពសាធារណៈពេលដែលលោកបានបង្កើតមូលនិធិដំបូងក្នុងឆ្នាំ ២០០០ ព្រោះវាជាផ្នែកមួយដែលមិនបានទទួលបានការវិនិយោគ្រប់គ្រាន់នៅឡើយទេ ។
នៅខែមករាឆ្នាំ ២០១៩ លោក ហ្គេតស៍ ធ្លាប់បានសរសេរក្នុងអត្ថបទមួយដែលត្រូវបានផ្សាយដោយ The Wall Street Journal ថា ការវិនិយោគ ១០ប៊ីលានដុល្លារដែលមូលនិធិបានផ្តល់លើការវិនិយោគ និងផ្គត់ផ្គង់ឱសថទៅមនុស្សដែលត្រូវការគឺជាការវិនិយោគល្អបំផុតរបស់លោក ហើយការវិនិយោគ ១០ប៊ីលានដុល្លារនោះបានជួយបង្កើនអត្ថប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចប្រមាណ ២០០ប៊ីលានដុល្លារផងដែរ ។
ទោះជាលោកត្រូវរៀនសូត្រជាច្រើនទាក់ទិននឹងជីវវិទ្យាដើម្បីធ្វើកិច្ចការក្នុងវិស័យនេះពិតមែន ការប្តេជ្ញារបស់លោកក្នុងការគាំទ្រគំនិត និងដំណោះស្រាយថ្មីៗ គឺស្រដៀងគ្នាទៅនឹងពេលលោកនៅធ្វើការនៅ Microsoft ដែរ ។
ប៉ុន្តែក្រៅពីការធ្វើនវានុវត្តន៍ហើយ លោក ហ្គេតស៍ បានចែករំលែកទៀតថាលោកចូលចិត្តការបង្កើតក្រុមការងារដែលពោរពេញដោយមនុស្សល្អៗ ។ លោកបានបន្ថែមថា មូលនិធិរបស់លោកបានរកបានមនុស្សពូកែជាងគេក្នុងវិស័យឱសថដែលយល់ដឹងពីបញ្ហានៃការផ្គត់ផ្គង់វ៉ាក់សាំង និងបានជួយដល់អ្នកបង្កើតថ្មីដែលបានសិក្សាពីបញ្ហារយៈពេលវែងផងដែរ ។
លោកបានបន្តថា ពេលដែលអ្នកបង្កើតបានក្រុមល្អៗ ការធ្វើការគឺសប្បាយណាស់ ។ ទោះជាអ្នកកំពុងប្រឈមមុខនឹងស្ថានការដ៏គួរឲ្យខ្លោចផ្សាពិតមែន អ្នកនៅតែបានបន្តដំណើរទៅមុខ ៕
ចែករំលែកព័តមាននេះ