រាជធានីភ្នំពេញ ៖ មានករណីឪពុកម្តាយបានសម្រេចចិត្តនាំកូនប្រុសបង្កើតម្នាក់ ដែលជាកូនប្រុសពៅទៅកាន់ប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ដើម្បីស្នើសុំឲ្យនគរបាលជួយធ្វើកិច្ចសន្យាកាត់កាល់កូនប្រុសរបស់ពួកគាត់ម្នាក់នោះចោល ដោយសារពួកគាត់អះអាងថា កូនប្រុសម្នាក់នេះធ្វើបាបចិត្តរបស់ពួកគាត់អស់រយៈពេលជិត១០ឆ្នាំ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិ ហើយប្រដៅលែងស្ដាប់ ទើបពួកគាត់សម្រេចចិត្តកាត់កាល់ចោលតែម្ដង។

បុរសជាឪពុកឈ្មោះ ម៉ក់ សុន អាយុ៦២ឆ្នាំ មុខរបរកម្មករ និងស្ត្រីជាម្តាយឈ្មោះ មៃ អុន អាយុ៦៥ ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកកូនប្រុសឈ្មោះម៉ក់ នី អាយុ២៥ឆ្នាំ ជាកូនប្រុសពៅ រស់នៅក្នុងបន្ទុកគ្រួសារ ។

តាមប្រភពពីឪពុកម្តាយខាងលើបានរៀបរាប់ទាំងអួលដើមកថា ពួកគាត់ទាំង២នាក់បាននាំកូនប្រុសម្នាក់ដែលជាកូនប្រុសពៅរស់នៅក្នុងបន្ទុកគ្រួសារ ទៅកាន់ប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះនាពេលនេះ គឺដើម្បីស្នើរសុំឲ្យនគរបាលជួយធ្វើកិច្ចសន្យាកាត់កាល់កូនប្រុសរូបនោះចោល ព្រោះតែអស់និស្ស័យជាឪពុកម្ដានិងកូនតទៅទៀតហើយ។ ដោយសារកូនប្រុសរូបនេះជាមនុស្សចោលម្សៀតគ្មានបានការ គ្មានដឹងគុណដឹងទោសអ្វីទាំងអស់ ធ្វើបាបពួកគាត់គ្មានមេត្តា និងធ្វើឲ្យពួកគាត់គ្រាំគ្រាចិត្តជិត១០ឆ្នាំកន្លងមកហើយ ព្រមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនលើករាប់មិនអស់ គិតជាទឹកប្រាក់អស់រាប់ម៉ឺនដុល្លារ បើទោះបីជាពួកគាត់ប្រៀនប្រដៅយ៉ាងណាក៏មិនស្ដាប់សោះ និយាយរួម កូនម្នាក់នេះធ្វើអ្វីៗទៅតាមទំនើងចិត្ត គ្មានអ្នកណាប្រដៅស្តាប់ឡើយ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ដោយសារតែគិតថាជាសាច់ឈាម ទើបកន្លងមក ទោះជាកូនម្នាក់នេះមិនតាមគន្លងធម៌ តែងតែធ្វើបាបយ៉ាងណាក៏ពួកគាត់ចេះតែស៊ូទ្រាំលំបាកទាំងផ្លូវចិត្ត និងខ្មាសអៀនអ្នកស្រុកភូមិបំផុត ប៉ុន្តែពួកគាត់ក៏មិនបាននឹកគិតដល់ថា ត្រូវកាត់កាល់ចោលបែបនេះឡើយ ហើយបានបន្តធ្វើការអប់រំជាបន្តបន្ទាប់ ។

តាមប្រភពដដែលបានរៀបរាប់បន្តថា រហូតក្រោយមក ពួកគាត់បានរៀបចំទុកដាក់ឲ្យមានគូស្រករនឹងគេ ដោយពួកគាត់បានគិតថាក្រោយពេលរៀបការប្រពន្ធរួច ក្រែងកូនប្រុសម្នាក់នេះចេះកែខ្លួន ប៉ុន្តែអ្វីដែលរឹតតែខ្មាសគេថែមទៀតនោះ គឺបន្ទាប់ពីរៀបការរួចកូនប្រុសនេះចរិកនៅដដែលមិនផ្លាស់ប្ដូរសោះ ឬក៏អាចថាលើសដើមទៀតផង។ ចំណងដៃអាពាហ៍ពិពាហ៍បង្កើតបានកូនម្នាក់ ប៉ុន្តែកូនប្រុសគាត់នេះមិនចេះស្រឡាញ់ប្រពន្ធកូននោះឡើយ មួយថ្ងៃៗគិតតែដើរលេងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះគ្មានសល់ មិនគិតរកស៊ីចិញ្ចឹមប្រពន្ធកូនសោះដឹងតែពីភាពហ៊ឺហា។

តាមប្រភពដដែលបានរៀបរាប់បន្តទៀតថា ដោយសារតែបែបនេះ ទើបបង្កឲ្យមានជម្លោះនៅក្នុងគ្រួសារជាញឹកញាប់រហូតឈានដល់ការលែងលះគ្នា បន្ទាប់មកកូនប្រុសម្នាក់នេះបានមករស់នៅក្នុងបន្ទុកជាមួយពួកគាត់ ហើយច្រើនឆ្នាំកន្លងមកនេះបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងលុយកាក់អស់រាប់ម៉ឺនដុល្លារ មិនតែប៉ុណ្ណោះតែងតែបង្កជម្លោះក្នុងគ្រួសារ និងគំរាមកំហែងពួកគាត់សព្វបែបយ៉ាងជាញឹកញាប់ ។
តាមប្រភពដដែលបានរៀបរាប់បន្តទៀតថា ដោយសារតែអត់ទ្រាំងតទៅទៀតលែងបាន ទើបពួកគាត់សម្រេចចិត្តថានឹងកាត់សាច់១ដុំនេះបោះចោល ប្រសើរជាងទុកឲ្យនៅរងកម្ម ហើយថ្ងៃណាក៏ពួកគាត់ស្គាល់តែទឹកភ្នែក លុះដល់វេលាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ពួកគាត់ក៏បាននាំកូនប្រុសរូបនេះទៅកាន់ប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះដើម្បីសុំឲ្នគរបាលជួយអន្តរាគមន៍ធ្វើកិច្ចន្យាកាត់កាល់កូនប្រុសនេះចោលឈប់ទទួលស្គាល់ ឈប់ទទួលខុសត្រូវ រាល់ទង្វើដែលកូននេះប្រព្រឹត្តតទៅទៀតហើយ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ