ប្រេស៊ីល ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា រដ្ឋាភិបាលប្រេស៊ីលបាននិយាយថា ខ្លួននឹងមិនដកនិយោជិកដែលថ្មីៗនេះមានទំនាក់ទំនងជាមួយលោកប្រធានាធិបតី Jair Bolsonaro ពីការិយាល័យនោះទេ បើទោះបីជារកឃើញថា លោកប្រធានាធិបតីមានជំងឺកូវីដ១៩ ក៏ដោយ។

អគ្គលេខាធិការនៃសាធារណរដ្ឋប្រេស៊ីល បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយដោយនិយាយថា៖ «មិនមានការកំណត់វេជ្ជសាស្ត្រណាមួយពីក្រសួងសុខាភិបាល ឬអង្គការសុខភាពពិភពលោក (WHO) ដែលផ្តល់អនុសាសន៍ ឱ្យដាក់អ្នកដែលមានទំនាក់ទំនងជាមួយនឹងអ្នកឈឺ នៅដោយឡែកនោះទេ»។
រដ្ឋាភិបាលបានផ្តល់ការណែនាំដល់និយោជិកសាធារណៈ ដោយប្រាប់ពួកគេឱ្យស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រ នៅពេលពួកគេមានរោគសញ្ញាទាក់ទងនឹងជំងឺកូវីដ១៩ ដើម្បីវាយតម្លៃពីតម្រូវការនៃការធ្វើតេស្ត។

ប្រសិនបើនរណាម្នាក់ ត្រូវបានគេសង្ស័យថា មានរោគសញ្ញា រដ្ឋាភិបាលបាននិយាយថានិយោជិកត្រូវបានគេណែនាំឱ្យស្នាក់នៅក្នុងផ្ទះ រហូតដល់ការធ្វើតេស្តចេញលទ្ធផល។
យោងទៅតាមអង្គការសុខភាពពិភពលោក (WHO) មនុស្សដែលឆ្លងអាចចាប់ផ្តើមចម្លងវីរុសក្នុងរយៈពេលប្រាំមួយថ្ងៃ មុនពេលចាប់ផ្តើមរោគសញ្ញា។ អង្គការសុខភាពពិភពលោកផ្តល់អនុសាសន៍ថា អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានជំងឺគួរតែចំណាយពេល ១៤ថ្ងៃ នៅដាច់ដោយឡែកពីមនុស្សនិងកន្លែងធ្វើការ៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ