រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តស៊េរីទំនើបមួយគ្រឿង បើកក្នុងល្បឿនលឿន ហើយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកគូទរថយន្តកុងតឺន័រដឹកអីវ៉ាន់ ដែលកំពុងបត់ឆ្វេងត្រឡប់ក្រោយពេញទំហឹងតែម្តង បណ្តាលឱ្យអ្នកបើករថយន្តស៊េរីទំនើបរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង9និង30នាទីយប់ថ្ងៃទី8 ខែកក្កដា ឆ្នាំ2020 តាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ នៅចំណុចកន្លែងថ្លឹងជញ្ជីងចាស់ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។

តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ ពណ៌បៃតងលាយលឿង ពាក់ស្លាកលេខរតនគីរី 3A1151 ជាប្រភេទរថយន្តដឹកអីវ៉ាន់ បើកបរដោយបុរសម្នាក់ពីកើតទៅលិច ខណៈពេលបើកមកដល់ចំណុចកើតហេតុ រថយន្តកុងតឺន័រនោះបានបើកបត់ឆ្វេងត្រឡប់ក្រោយ រួចហើយក៏ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងផ្សេងទៀតម៉ាករ៉េនរ៉ូវើរ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ2BD6292 បើកបរតាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ ពីកើតទៅលិច ដែលម្ចាស់រថយន្តវ័យប្រមាណជាង60ឆ្នាំ ទើបតែចេញមកពីផ្ទះមិត្តភក្តិ រួចហើយក៏ជិះទៅផ្ទះនៅឯម្តុំទឹកថ្លា ។

សាក្សីបន្តថា ពេលនោះដោយសារតែគាត់បើកស៊េរីទំនើបលឿនពេក ទើបជ្រុលទៅបុកគូទពីក្រោយរថយន្តកុងតឺន័រពេញទំហឹងតែម្តង បណ្តាលអោយខ្ទេចរថយន្តរ៉េនរ៉ូវើលអស់មួយកំណាត់ខាងមុខទាំងស្រុង ហើយថែមទាំងផ្ទុះព្រោងទាំងសងខាង បណ្តាលឱ្យម្ចាស់ជាអ្នកបើកបររងរបួសធ្ងន់ ចំណែកឯគូទរថយន្តកុងតឺន័រវិញក្រពឹតតិចតួច។

សាក្សីបន្តទៀតថា ភ្លាមៗនោះដែរ ក៏មានវត្តមានរបស់បងប្អូនខាងម្ចាស់រថយន្តរ៉េនរ៉ូវើ មកដល់កន្លែងកើតហេតុ រួចហើយដឹកយកជនរងគ្រោះយកទៅព្យាបាលបាត់ទៅ រីឯតៃកុងអ្នកបើកបរកុងតឺន័រវិញ បានរត់គេចខ្លួនបាត់បន្សល់ទុកនៅតែរថយន្តតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុខាងលើនេះ រថយន្តភាគីទាំងសងខាងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង រួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត៕ (កែសម្រួលដោយ ៖ បុប្ផា)




ចែករំលែកព័តមាននេះ