យោងទៅតាមលោក ម៉ៃ រ៉ូវឺ (Mike Rowe) ដែលជាពិធីករកម្មវិធី Dirty Jobs បានឲ្យដឹងថា ទោះជាការធ្វើការងារដែលខ្លួនស្រលាញ់ជាក្តីសុបិនរបស់មនុស្សជាច្រើនពិតមែនក្តី វាមិនតែងតែជួយឲ្យអ្នកជោគជ័យទេ ។ លោកបានប្រាប់មកទៀតថា មនុស្សជាច្រើនចំណាយពេល និងលុយលើការងារដែលខ្លួនស្រលាញ់ទោះជាមានឱកាសរកលុយជាច្រើនទៀតពិតមែនក្តី ។

លោកបានចែករំលែកមកថា ប្រសិនបើមានមេរៀនមួយដែលតែងតែកើតមានឡើងលើកម្មវិធីរបស់លោកនោះ គឺមនុស្សជាច្រើនដែលធ្វើការងារដែលខ្លួនមិនស្រលាញ់ ឬស្អប់ទាំងស្រុងចុងក្រោយសប្បាយចិត្តនឹងការងារទាំងនោះវិញ ហើយភាគច្រើនក៏មានជីវភាពធូរធារដែរ ។
មានមនុស្សជាច្រើនដែលចំណាយពេលមួយជីវិតរបស់ពួកគេក្នុងការរកការងារដែលខ្លួនស្រលាញ់ និងភាគច្រើនត្រូវចំណាយលុយ និងពេលវេលាដើម្បីវិនិយោគលើវាមិនថាជាការទៅរៀនអស់ ៤ ទៅ ៥ឆ្នាំ ឬការខ្ចីលុយដើម្បីបើកអាជីវកម្មដែលខ្លួនចាប់អារម្មណ៍ឡើយ ។ ប៉ុន្តែការពិតជាក់ស្តែង អ្នកទាំងនោះមិនតែងតែជាមនុស្សជោគជ័យក្នុងជីវិតទេ ។
លោក រ៉ូវី បានបន្ថែមទៀតថា «ប្រសិនបើអ្ននកគិតថាក្នុងប្រទេសមានតែការងារមួយដែលអាចធ្វើឲ្យអ្នកសប្បាយចិត្តបាននោះ អ្នកនឹងចំណាយពេលជាច្រើនក្នុងការរកការងារមួយនោះច្រើនជាងរកឱកាសល្អៗ» ។
យោងតាមលោក រ៉ូវី បានឲ្យដឹងទៀតថា ការរកឱកាសក្នុងទីផ្សារការងារគឺជាកត្តាសំខាន់ និងបានបន្ថែមថា មនុស្សជាច្រើនដែលបានចូលរួម Dirty Jobs ជាមហាសេដ្ឋីដែលសម្រេចបានភាពជោគជ័យព្រោះតែពួកគេរកឃើញឱកាសក្នុងទីផ្សារ មិនមែនមកពីពួកគេធ្វើការងារដែលខ្លួនស្រលាញ់ទេ ។
ផ្ទុយមកវិញ ពួកគេមិនបានស្រលាញ់ការងារទាំងនោះឡើយពេលដែលចាប់ផ្តើមដំបូង និងគ្រាន់តែរៀនជំនាញដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារតែប៉ុណ្ណោះ ។ ពេលដែលពួកគេទទួលបានការងារដែលទាមទារជំនាញនោះ ពួកគេព្យាយាមធ្វើឲ្យខ្លួនពូកែខ្លាំង ហើយពួកគេព្យាយាមធ្វើឲ្យខ្លួនស្រលាញ់ការងារនោះដែរ ។
លោកមហាសេដ្ឋី ម៉ាក ឃ្យូបេន (Mark Cuban) ក៏ធ្លាប់បានចែករំលែកកាលពីឆ្នាំ ២០១៨ ដែរថា ការធ្វើការដែលខ្លួនស្រលាញ់គឺជាការកុហកធំជាងគេក្នុងជីវិតមនុស្សព្រោះអ្វីដែលអ្នកចូលចិត្តធ្វើមិនប្រាកដថាអាចធ្វើឲ្យអ្នកជោគជ័យឬមានសុភមង្គលបានទេ ៕
ចែករំលែកព័តមាននេះ