ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានកុមារនិងមនុស្សចាស់មួយចំនួនកើតជំងឺកញ្ជ្រិល ឬជំងឺស្អូចនៅក្នុងស្រុកព្រៃនប់។

លោកស្រីលឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុមានប្រសាសន៍ប្រាប់អោយដឹងនាថ្ងៃទី៩ កក្កដា ឆ្នាំ២០២០ ឱ្យដឹងថា ករណីជំងឺកញ្ជ្រិល ឬជំងឺស្អូចនេះមានមែន ប៉ុន្តែមិនមែនជាករណីផ្ទុះជំងឺកញ្ជ្រិល ឬស្អូចក្នុងសហគមន៍ទេ ហើយរាល់សេចក្តីរាយការណ៍ថា ជាការផ្ទុះជំងឺកញ្ជ្រិលឬស្អូចក្នុងសហគមន៍ ក្នុងនាមមន្ទីរសុខាភិបាលខេត្ត លោកស្រីសូមបដិសេធ។

បើតាមលោកស្រីប្រធានមន្ទីរបញ្ជាក់ថា បច្ចុប្បន្ននៅខេត្តព្រះសីហនុគិតត្រឹមថ្ងៃទី៩ កក្កដានេះ មានអ្នកកំពុងកើតជំងឺកញ្ជ្រិលឬស្អូចទាំងមនុស្សចាស់និងកូនក្មេងប្រមាណជិត២០នាក់ ចំណែកអ្នកកើតជំងឺនេះមួយចំនួនបានជាសះស្បើយវិញហើយ។

តាមសេចក្តីរាយការណ៍ពីមន្ត្រីមូលដ្ឋានថ្លែងថា ករណីក្មេងៗនិងមនុស្សចាស់កើតជំងឺកញ្ជ្រិលនិងជំងឺស្អូចនេះ មានកំដៅឡើងខ្ពស់រហូតដល៤០អង្សា ដែលពលរដ្ឋភាគច្រើនមិនបានទៅមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យព្យាបាលទេ គឺរក្សាទុកអ្នកជំងឺនៅក្នុងផ្ទះ ដោយធ្វើការព្យាបាលតាមបែបបុរាណ ។
តាមសេចក្តីរាយការណ៍ពីមន្ត្រីមូលដ្ឋានបានឱ្យដឹងថា ការព្យាបាលបែបបុរាណនេះ លោកស្រីលឹម សាមាន បានពន្យល់ថា ជាប្រការមិនល្អមួយរយភាគរយនោះទេ ក្នុងនោះលោកស្រីប្រធានមន្ទីរសុខាភិបាលបញ្ជាក់ថា ប្រជាពលរដ្ឋគប្បីនាំអ្នកជំងឺទៅមណ្ឌល សុខភាពឬមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីទទួលបានការព្យាបាលពីគ្រូពេទ្យជំនាញ។
សូមបញ្ជាក់ថា នៅរដូវភ្លៀងធ្លាក់នេះក្រោយទទួលបានរបាយការណ៍ពីបញ្ហាជំងឺកញ្ជ្រិល ឬស្អូចនៅតាមមូលដ្ឋានមួយចំនួនក្នុងខេត្ត មន្ត្រីជំនាញផ្នែកជំងឺឆ្លងក្រសួងសុខាភិបាល សហការជាមួយមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យដោយផ្ទាល់នៅតាមភូមិ ឃុំនិងមណ្ឌលសុខភាព ជាមួយនិងការវាយតម្លៃថា នេះមិនមែនជាករណីផ្ទុះជំងឺក្នុងសហគមន៍ឡើយ បញ្ហានៅត្រង់ថា ពលរដ្ឋភាគច្រើនមិនបាននាំអ្នកជំងឺទៅមន្ទីរពេទ្យឬមណ្ឌលសុខភាព ដោយរក្សាទុកអ្នកជំងឺនៅក្នុងផ្ទះ ទើបមិនមានតួលេខអ្នកជំងឺច្បាស់លាស់ កើតទៅជាពាក្យថា ជាករណីផ្ទុះជំងឺកញ្ជ្រិលឬស្អូចក្នុងមូលដ្ឋាន៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ