ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ទៀនវស្សា

3 ឆ្នាំ មុន

នៅ​ពេល​រដូវវស្សា​ចូល​មក​ដល់ ឧបាសក ឧបាសិកា​តែង​ដង្ហែ​ទៀន​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​ដើម្បី​អុជ​បំភ្លឺ​រៀនសូត្រ​ផង និង​ដើម្បី​អុជ​ថ្វាយ​ព្រះ​រតនត្រ័យ​អស់​ខែ​បី​ផង ។ ទៀនវស្សា​នេះ​មាន​ទទឹង​មាត់​មួយ​តឹក និង​កម្ពស់​ពីរ​ហត្ថ ឬ​ខ្ពស់​ជាង​នេះ ធ្វើ​ដោយ​ក្រមួ​នឃ្មុំ ឬ​ក្រមួន​ចំបក់…

នៅ​ពេល​រដូវវស្សា​ចូល​មក​ដល់ ឧបាសក ឧបាសិកា​តែង​ដង្ហែ​ទៀន​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​ដើម្បី​អុជ​បំភ្លឺ​រៀនសូត្រ​ផង និង​ដើម្បី​អុជ​ថ្វាយ​ព្រះ​រតនត្រ័យ​អស់​ខែ​បី​ផង ។ ទៀនវស្សា​នេះ​មាន​ទទឹង​មាត់​មួយ​តឹក និង​កម្ពស់​ពីរ​ហត្ថ ឬ​ខ្ពស់​ជាង​នេះ ធ្វើ​ដោយ​ក្រមួ​នឃ្មុំ ឬ​ក្រមួន​ចំបក់ នៅ​គល់​ទៀន​ខាងក្រោម​មាន​ជើងទ្រ ធ្វើ​ដោយ​ឈើ មាន​ក្បាច់​ត្រប​ក​ឈូក តែ​នៅ​មាត់​ខាងលើ គេ​ច្រើន​ធ្វើ​ឡត​ដែក​ចាក់​ប្រេងដូង ឬ​ប្រេងសណ្ដែក​ដាក់​ប្រ​ឆេះ​​អុជ គឺ​មិន​អុជ​ទៀន​ផ្ទាល់​ទេ ព្រោះ​ក្រែង​ទៀន​នោះ​ឆេះឆាប​អស់​មុន​ពេល​ចេញ​វស្សា ។

របៀប​ធ្វើ​ទៀនវស្សា​នេះ មាន​រចនា​ច្រើន​បែប​ណាស់​តាម​ការ​និយម​របស់​អ្នក​គឺ​ត្រូវ​អុជ​ឲ្យ​ឆេះ​រហូត​គ្រប់​ខែ​បី មិន​ឲ្យ​រលត់​ក្នុង​ខណៈ​ណាមួយ​ឡើយ ។ តែ​វត្ត​ខ្លះ​ព្រះសង្ឃ​លោក​អុជ​ទៀ​ន​​តែ​នៅ​ពេល​ធ្វើ​កិច្ច​ផ្សេង​ៗ​មាន​សូត្រធម៌​នមស្ការ​ជាដើម រួច​ហើយ​ក៏​ពន្លត់​វិញ​ទៅ ។

ទោះជា​យ៉ាងណា​ការ​ធ្វើ​ទៀនវស្សា​បូជា​ព្រះ​រតនត្រៃ​ក្នុង​រយៈពេល​ចូល​វស្សា​នេះ ពុំ​មាន​និយា​យ​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា​ទេ ប៉ុន្តែ​មាន​និយាយ​នៅ​ក្នុង​សាស្ត្រា​អានិសង្ស​ទៀនវស្សា ដែល​ព្រះសង្ឃ​យើង​និយម​សម្ដែង​នៅ​ពេល​ចូល​វស្សា​នេះឯង ។ គម្ពីរ​នេះ ពុំ​មាន​ដាក់​ឈ្មោះ​អ្នក​តែង ហើយ​មិនដឹង​ជា​តែង​ឡើង​ក្នុង​រជ្ជកាល​ណា​ដែរ ។

សេចក្ដី​ក្នុង​សាស្ត្រា​នោះ​ដំណាល​ថា កាល​ព្រះ​សម្ពុទ្ធ​នៃ​យើង​ទ្រង់​គង់​ធរមាន​នៅឡើយ មាន​បុរស​កម្សត់​ម្នាក់​ប្រកបរ​បរកាប់​អុស​លក់​ជា​មុខរបរ​ប្រចាំ​ថ្ងៃ ។ គាត់​តែង​សង្កេត​ឃើញ​ខ្លាឃ្មុំ​មួយ​ធំ លោត​ចេញពី​រូង​មួយ​រៀងរាល់ថ្ងៃ ។ ពេល​ដែល​ខ្លាឃ្មុំ​នោះ​លោត​ចេញ​ផុត​ទៅ គាត់​ក៏​ដើរទៅ​មើលឃើញ​សុទ្ធតែ​អាចម៍​ខ្លាឃ្មុំ ហើយ​ក៏​វេចយ​កមក​បង្ហាញ​អ្នក​ជិតខាង​ឲ្យ​ជួយ​មើល ។ អ្នក​ជិតខាង​ប្រាប់​ថា អាច​ម៌​ខ្លាឃ្មុំ​នេះ​គេ​តែង​យក​មក​ស្ងោរ​ធ្វើ​ក្រមួន​ធ្វើ​ទៀន​អុជ ចូរ​អ្នក​ទៅ​យក​ឲ្យ​ច្រើន​មក ។

បុរស​កម្សត់​នោះ​នឹកគិត​ថា ចុះបើ​អាច​ម៌​ខ្លាឃ្មុំ​នេះ គេ​អាចយ​កមក​ធ្វើ​ជា​ទៀន​អុជ​បាន តើ​គេ​អាច​យក​ទៀន​នោះ​ទៅ​អុជ​ជា​គ្រឿង​សក្ការបូជា​ចំពោះ​ព្រះពុទ្ធ​អង្គ​បាន​ដែរ​ឬទេ ​? ឬ​មួយ​ជា​ការ​មិន​សមគួរ​គប្បី ព្រោះ​ទៀន​នេះ​ធ្វើ​អំពី​សំណល់​មិន​ស្អាត​បែប​នេះ ។ ពេល​ដែល​បុរស​នោះ​កំពុង​តែ​នឹក​សង្ស័យ​មិន​ដាច់ស្រេច​ក្នុង​ចិត្ត​បែប​នេះ ស្រាប់តែ​ឃើញ​ព្រះ​មហា​រោ​ហ​ន្ទ​ត្ថេ​រ​និមន្ត​មក​ដល់ ក៏​ទូល​សួរ​លោក​តាម​ដំណើររឿង ។ ព្រះ​មហា​រោ​ហ​ន្ទ​ត្ថេ​រ​មាន​ថេរ​ដីកា​ថា ជា​ការ​ប្រសើរ​ណាស់ ។

លុះ​បុរស​នោះ​ធ្វើ​បានជា​ទៀន​ច្រើន​ហើយ ក៏​នាំ​យក​ទៅ​ថ្វាយ​ព្រះ​មានបុណ្យ ។ ព្រះ​មហា​រោ​ហ​ន្ទ​ត្ថេ​រដែ​ល​ជា​អ្នកដឹកនាំ​ទៅ​នោះ បាន​ទូល​ព្រះ​អង្គ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន បុរស​នោះ​បាន​ទៅ​យក​អាច​ម៌​ខ្លាឃ្មុំ​មក​ស្ងោរ​យក​ក្រមួន​លញ់​ជា​ទៀន​យក​មក​អុជ​បូជា​ព្រះ​អង្គ ហើ​យ​​​សង្ស័យ​ថា ក្រែង​ពុំ​បាន​ផលានិសង្ស​អ្វី​ទេ​ដឹង ។ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ​ម្នាល​អាវុសោ​! បុរស​នេះ​នឹង​ត្រូវ​បាន​ទទួល​ផលានិសង្ស​ច្រើន​ប្រការ​ប្រាថ្នា​អ្វី​សឹង​បាន​ដូច​បំណង​ទាំងអស់​ ។ បុរស​នោះ​ស្ដាប់​ហើយ​ត្រេកអរ​ក្រៃ​លែង ។

ដោយ​អំណាច​នៃ​បុញ្ញកម្ម​នេះ លុះ​អស់​អាយុសង្ខារ​ទៅ បុរស​នោះ​ក៏​បាន​ទៅ​កើត​ក្នុង​សុគតិភព​មាន​ឫទ្ធិ​ដ៏​ខ្លាំងក្លា​លើស​អស់​ពពួក​ទេវតា​ទាំងឡាយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ