រាជធានីភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាដែលហៅកាត់ថា GMAC បានបន្តអំពាវដល់អ្នកពាក់ព័ន្ធ ពិសេសអង្គការពលកម្មអន្តរជាតិ ILO ជួយជំរុញដល់គណៈកម្មការអឺរ៉ុប និងសភាអឺរ៉ុប ធ្វើការវាយតម្លៃឡើងវិញចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលធ្វើឡើង កាលពីដើមខែកុម្ភៈ ក្នុងការដកអត្ថប្រយោជន៍ EBA មួយចំនួនដែលនឹងចូលជាធរមាននៅថ្ងៃទី១២ ខែសីហា ខាងមុខនេះ។

GMAC បានស្នើគណៈកម្មការអឺរ៉ុប ឲ្យផ្អាកការដកប្រព័ន្ធអនុគ្រោះពន្ធ នោះ១ឆ្នាំសិន ដ្បិតអីវិស័យកាត់ដេរនៅកម្ពុជាបានការរងផលប៉ះពាល់ដ៏អាក្រក់ មិនបានរំពឹងទុក ជាមុនពីជំងឺកូវីដ-១៩ នោះរួចទៅហើយ។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានលើកឡើងថា កាលពីថ្ងៃទី២ ខែកក្កដា ខ្លួនបានទទួលការអញ្ជើញឲ្យចូលរួមពីកម្មវិធីមួយឈ្មោះថា «Call to Action» ដែលរៀបចំដោយILO និងគាំទ្រពីអ្នកបញ្ជាទិញភាគច្រើនមកពីអឺរ៉ុប។ កម្មវិធីនោះជា ការឆ្លើយតបទៅនឹង ផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យកាត់ដេរកម្ពុជា និងប្រទេសដទៃទៀតទូទាំងពិភពលោក។

GMAC ថា «Call to Action» បានពិភាក្សាពីរបៀបគាំទ្ររោងចក្រកាត់ឲ្យរស់រានពីវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ-១៩ និងរបៀបការពារតម្រូវការគាំទ្រប្រាក់ចំណូលរបស់កម្មករ នៅក្នុងវិស័យនេះ។ អ្វីទាំងអស់នេះជាក្តីបារម្ភដ៏ត្រឹមត្រូវដោយសារវិបត្តិដែលបង្កឡើងដោយ ការធ្លាក់ចុះនៃតម្រូវការសម្លៀកបំពាក់សកល ជាពិសេសនៅក្នុងទីផ្សារនាំចេញធំៗរបស់អឺរ៉ុប និងអាមេរិកខាងជើង។ កម្ពុជាបានទទួលរងប៉ះពាល់ពីការព្យួររោងចក្រប្រមាណ៤០០រោងចក្រ និងបាត់បង់ការងារជាង ១៥០ ០០០ការងារក្នុងវស័យកាត់ដេរនេះរួចហើយ ហើយរោងចក្រជាច្រើនទៀត និងកម្មកររាប់ម៉ឺននាក់បន្ថែមទៀតកំពុងស្ថិតនៅក្នុងការហានិភ័យ។
នេះការបញ្ជាក់របស់សមាគមរោងចក្រ កាត់ដេរនៅកម្ពុជា នៅថ្ងៃ៨កក្កដានេះ។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាថា Call to Action ជាកម្មវិធីល្អប៉ុន្តែរហូតមកដល់ពេលនេះ ពុំមានឃើញលទ្ធផលវិជ្ជាមានណាមួយសម្រាប់វិស័យកាត់ដេរ នៅកម្ពុជាទេ ខណៈដែលការកំណត់របស់សហភាពអឺរ៉ុបកាន់តែខិតជិតមកដល់។
GMAC បានស្នើដល់ILO និងអង្គការ ស្ថាប័នទាំងអស់ ដែលគាំទ្រកម្មវិធី Call to Action គាំទ្រដល់ការអំពាវនាវ របស់GMAC ក្នុងការស្នើសុំសហភាពអឺរ៉ុបព្យួរការដកប្រព័ន្ធអនុគ្រោះពន្ធនោះសិន ហើយធ្វើការសម្រេចចិត្តឡើងវិញ។ តាមពិតទៅ GMAC ក៍បានស្នើសំណូមពររបស់ខ្លួននេះទៅ គណៈកម្មការ អឺរ៉ុបរួចហើយកាលពីដើមខែមិថុនាកន្លងមកនេះ៕ ដោយ ៖ អ.សួស្តី
ចែករំលែកព័តមាននេះ