ផ្លូវកាត់ទៅរកភាពជោគជ័យ និងការមានទ្រព្យសម្បត្តិស្តុកស្តម្ភប្រហែលជាមិនមានទេលើលោកនេះ ។ ជាទូទៅ រង្វាន់ត្រូវការឲ្យមនុស្សចំណាយពេលវេលា និងកម្លាំង ។ យ៉ាងណាក្តី មនុស្សនៅតែអាចរៀនសូត្រពីអ្នកដែលមានបទពិសោធន៍ច្រើនជាងខ្លួន និងស្តាប់តាមដំបូន្មានរបស់ពួកគេដែរ ។

យោងទៅតាមលោក ម៉ូហ្គេន ហោសល (Morgan Housel) ដែលបានចំណាយពេលជាច្រើនរៀនសូត្រពីប្រធានបទហិរញ្ញវត្ថុបានឲ្យដឹងថា ខាងក្រោមនេះ គឺជាគោលការណ៍លុយសំខាន់ៗដែលអ្នកត្រូវគោរពប្រសិនបើអ្នកមិនចង់ស្តាយក្រោយ ។
១. ទទួលស្គាល់ថា អ្នកត្រូវកាត់បន្ថយគំនិតអញនិយម
មនុស្សដែលតែងតែចាយវាយលើសសមត្ថភាពធ្វើដូច្នេះព្រោះតែគំនិតអញនិយម និងការចង់បានការទទួលស្គាល់ពីសង្គម ។ មានន័យថា ពួកគេចង់បង្កើតរូបភាពមួយដែលបង្ហាញពីទ្រព្យសម្បត្តិរបស់ខ្លួនឲ្យអ្នកដទៃមើលឃើញ ។អ្នកត្រូវចងចាំថា មនុស្សដែលជោគជ័យក្នុងផ្នែកហិរញ្ញវត្ថុមិនតែងតែជាមនុស្សដែលរកបានលុយច្រើនទេ តែពួកគេភាគច្រើនមិនខ្វល់ខ្វាយពីការគិតរបស់អ្នកដទៃឡើយ ។
២. កុំវិនិយោគលើទំនាក់ទំនងមួយពេលដែលភាគីម្ខាងទៀតមិនយល់ស្របនឹងអ្នកក្នុងផ្នែកចាយវាយ
កត្តាដែលធ្វើឲ្យមនុស្សធ្លាក់ខ្លួនក្រជាងគេ គឺការរៀបអាពាហ៍ពិពាហ៍ជាមួយមនុស្សម្នាក់ដែលមានទម្លាប់ចាយវាយខុសពីអ្នកទាំងស្រុង ។ ទោះជាអ្នកមិនធ្លាក់ខ្លួនក្រ ក៏អ្នកអាចនឹងបាត់បង់អាពាហ៍ពិអាហ៍ដែរព្រោះជម្លោះរឿងលុយជាកត្តាដ៏ធំដែលបង្កឲ្យមានការលែងលះគ្នា ។
៣. ចៀសវាងបញ្ហាដែលធ្វើឲ្យអ្នកអស់លុយ
គ្មាននរណាដែលអាចរួចផុតពីបំណុលលឿនជាងអ្នកដែលចៀសវាងខ្ចីលុយពីអ្នកដទៃទេ ។ មនុស្សជួបនឹងបញ្ហាដែលបង្កឲ្យពួកគេចាយវាយលុយជាច្រើនក្នុងជីវិត។ ជាក់ស្តែង អ្នកមិនចាំបាច់សម្រេចចិត្តត្រឹមត្រូវជានិច្ចទេ អ្នកគ្រាន់តែត្រូវចៀសវាងកំហុសឆ្គងធំៗដែលកើតមានឡើងយូរៗម្តងតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ