លោកមហាសេដ្ឋីអ៊ីឡុន ម៉ាស (Elon Musk) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX ព្រមទាំងលោកមហាសេដ្ឋីជេហ្វ បេសូស (Jeff Bezos) ដែលជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ Amazon និងជាបុរសដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកផងដែរ បានកសាងទ្រព្យសម្បត្តិរបស់ខ្លួនដោយយោងតាមការរៀនគិតខុសពីមនុស្សទូទៅ ។

ជាក់ស្តែង អ្នកទាំងពីរជាមនុស្សដ៏មានភាពឆ្លាតវៃ និងមានការប្តេជ្ញាចង់ធ្វើឲ្យផលិតផលដែលខ្លួនផ្គត់ផ្គង់កាន់តែល្អប្រសើរជានិច្ចផងដែរ ។ ហើយដើម្បីធ្វើដូច្នេះបាន អ្នកទាំងពីរព្យាយាមរៀន និងពង្រឹងជំនាញសំខាន់មួយនោះគឺការត្រិះរិះពិចារណា ។
ជំនាញនេះតម្រូវឲ្យមនុស្សគិតដោយប្រុងប្រយ័ត្ន និងជ្រាលជ្រៅពីប្រធានបទមួយ ឬគំនិតមួយ ។ វារួមមានសមត្ថភាពក្នុងការវិភាគ និងថ្លឹងថ្លែងព័ត៌មាន ការគិតបែបសមហេតុសមផល និងការតភ្ជាប់ព័ត៌មានសំខាន់ៗជាដើម ។ ប៉ុន្តែចំណុចសំខាន់មួយទៀតដែលអ្នកទាំងពីរបានរួមបញ្ចូលក្នុងការត្រិះរិះពិចារណា គឺការព្យាយាមរកកំហុសឆ្គង ឬអ្វីដែលអ្នកទាំងពីរអាចធ្វើឲ្យល្អប្រសើរឡើងបាន ។
លោក ម៉ាស ធ្លាប់បាននិយាយក្នុងបទសម្ភាសន៍មួយថា «ខ្ញុំតែងតែរកអ្វីដែលខុសឆ្គង ។ ដើម្បីធ្វើឲ្យ (Tesla) កាន់តែល្អប្រសើរ… ខ្ញុំត្រូវតែត្រិះរិះពិចារណាឲ្យបានហ្មត់ចត់ ។ ដូច្នេះពេលដែលខ្ញុំមើលឃើញរថយន្តមួយគ្រឿង ខ្ញុំមើលឃើញអ្វីៗទាំងអស់ដែលខ្ញុំគិតថាត្រូវតែផ្លាស់ប្តូរ ឬធ្វើឲ្យវាល្អប្រសើរឡើង» ។
លោក ចេសិន ហ្វ្រ៊ីដ (Jason Fried) ដែលជានាយកប្រតិបត្តិរបស់ Basecamp ធ្លាប់បាននិយាយជាមួយលោកបេសូសនិងបានអះអាងថាលោក បេសូស «ប្រទះឃើញថាមនុស្សដែលវ័យឆ្លាតជាងគេតែងតែផ្លាស់ប្តូរការយល់ដឹង ពិចារណាលើបញ្ហាមួយដែលពួកគេគិតថា ពួកគេបានដោះស្រាយសាជាថ្មី ។ ពួកគេបើកទូលាយក្នុងការទទួលយកទស្សនៈថ្មីៗ ព័ត៌មានថ្មីៗ គំនិតថ្មីៗ គំនិតផ្ទុយពីពួកគេ និងព្យាយាមតវ៉ានឹងការគិតរបស់ខ្លួន» ។
ចំណុចនេះជាចំណុចសំខាន់មួយក្នុងការត្រិះរិះពិចារណា គឺសមត្ថភាពក្នុងការរៀនសូត្រពីគំនិតដទៃទោះជាវាផ្ទុយទៅនឹងគំនិតរបស់ខ្លួនពិតមែនក្តី ៕
ចែករំលែកព័តមាននេះ