រាជធានីភ្នំពេញ ៖ ប្រសិនបើយើងម្នាក់ៗមានប្រាក់ ឬទុនគ្រប់គ្រាន់សម្រាប់វិនិយោគ តើត្រូវចាប់ផ្តើមគិតពីចំណុចណាមុន ហើយប្រសិនបើយើងចង់វិនិយោគលើអចលនទ្រព្យវិញ តើត្រូវមើលលើអ្វីខ្លះ ? ដើម្បីកុំឲ្យការវិនិយោគនោះជៀសផុតពីការបោះលុយចោលទទេរៗ ។

តាមការបកស្រាយអ្នកជំនាញខាងផ្នែកអចលនទ្រព្យ លោក ស៊ាន ធនិន ជាអគ្គនាយកក្រុមហ៊ុន CEO Master Club Investment បានឱ្យនិយមន័យការវិនិយោគថា គឺជាការប្រើប្រាស់លុយដែលយើងមាន ធ្វើអ្វីមួយ ដើម្បីបង្កើតលុយត្រឡប់មកវិញ ឬក៏លុយដែលយើងមាន ធ្វើវាឱ្យបង្កើនផលចំណេញមកឱ្យយើង ។ មានន័យថា លុយដែលយើងមានអាចប្រើប្រាស់វា មកបង្កើនពីលើលុយដែលយើងមាន ។
លោក ស៊ាន ធនិន បាននិយាយថា «ដូចនេះ សួរថា តើយើងត្រូវប្រើការវិនិយោគនោះរបៀបម៉េច ឱ្យត្រូវគោលដៅ ឬបានចំណេញ ហើយបានបង្កើតលុយទាំងនោះមកវិញ ។ ការវិនិយោគមានច្រើនបែបដូចជា ការវិនិយោគលើការទិញអចលនទ្រព្យចូលហ៊ុនជាមួយគេ ឬយកលុយទៅទិញភាគហ៊ុន ឬក៏ប្រើវាទៅទិញហ៊ាងឆេងអត្រាប្តូរប្រាក់ជាដើម គឺក្នុងន័យណាក៏ដោយ ឱ្យតែយើងប្រើប្រាស់លុយនឹងក្នុងគោលបំណងបង្កើនលុយមកវិញ» ។
លោក ស៊ាន ធនិន បានបន្តថា «លុយដែលយើងមានគំរោងចង់វិនិយោគនោះ ជាធម្មតាមុននឹងបានផ្លែផ្កាវាអាចចេញជារូបភាពអ្វីមួយសិនដូចជា ឧទារហណ៍ថា យើងយកលុយទៅធ្វើទុន ក្នុងអចលនទ្រព្យ ដូចនេះវាអាចបំលែង ឬប្រែក្លាយទៅជា ដី ផ្ទះ ឡាន អគារសំណង់ ខុនដូរជាដើម ។ ហើយនៅពេលវេលាណាមួយដែលសមស្របហើយ យើងអាចចាប់ផ្តើមលក់នូវវត្ថុទាំងនោះ ដូចនេះវាពិតជាបានផលលើសទុនដើមរបស់យើង»។
ក្នុងនោះដែលលោក ស៊ាន ធនិន បានលើកយកចំណុចខ្លះៗ ដើម្បីចែករំលែកនូវបទពិសោធន៍ក្នុង វិស័យវិនិយោគនេះថា មុនធ្វើការវិនិយោគ អ្នកចង់វិនិយោគនឹងត្រូវសួរខ្លួនឯងសិនថា ៖ តើអ្នកចង់ក្លាយជាអ្នកវិនិយោគប្រភេទណា? ត្រង់ចំណុចនេះ លោក បានលើកឡើងអំពី អ្នកវិនិយោគមានពីរប្រភេទ គឺអ្នកវិនិយោគសកម្ម និងអ្នកវិនិយោគអកម្ម។
លោក ស៊ាន ធនិន បានពន្យល់ដូចនេះថា «អ្នកវិនិយោគមានពីរប្រភេទ គឺអ្នកវិនិយោគសកម្ម និងអកម្ម។ អ្នកវិនិយោគសកម្ម គឺជាអ្នកដែលដាក់ទុនហើយ មិនបាននៅស្ងៀមទេ ឧទារហណ៍ថា ដាក់ទុនលើអចលនទ្រព្យ ដូចនេះមុនគេដាក់ទុនលើវា គេធ្វើការសិក្សារស្រាវជ្រាវពីទីផ្សារច្រើន និងអ្វីដែលគួរចាប់ផ្តើមមុន។ ហើយនៅពេលដែលគេសម្រេចចិត្តថាដាក់ទុនហើយ ក៏គេនៅតែមិនព្រមនៅស្ងៀមទៀត គឺគេតែងតែតាមដាន ឬមើលព័ត៌មានផ្សេងៗ ដែលទាក់ទងអចលនទ្រព្យនឹង»។
លោក ស៊ាន ធនិន បានបន្តថា «ចំណែកអ្នកវិនិយោគអកម្មវិញ គឺយើងមិនសូវមានការស្វែងយល់ការងារអស់នឹងទេ ប៉ុន្តែចង់វិនិយោគដែរ ដូចនេះគេដាក់លុយចូលទៅ ហើយនឹងមានគេធ្វើការឱ្យយើងហើយ មានន័យគេយកលុយនឹងទៅចាត់ចែងឱ្យយើងហើយ ដូចនេះយើងរងចាំតែគេយកផលមកឱ្យតែប៉ុណ្ណោះ។
មានន័យថាដាក់ទុនទៅ មានអ្នកធ្វើការឱ្យ បន្ទាប់មកបើទទួលផល ក៏ត្រូវចែកឱ្យអ្នកដែលធ្វើការឱ្យគាត់។ លោកបានបញ្ជាក់ថា ជាទូទៅ អ្នកវិនិយោគសកម្មច្រើនតែបានទទួលផលច្រើនជាង អ្នកវិនិយោគអកម្ម ដោយសារតែអ្នកដែលវិនិយោគ សកម្មនឹងគាត់ចាយពេលវេលា ធនធាន និងចាយសមត្ថភាពរបស់គាត់នឹងទៅលើការសិក្សារស្រាវជ្រាវ ហើយនិងប្រឹងប្រែងខ្លាំង។ ហើយចូលអ្នកចងចាំថា រាល់ការវិនិយោគទាំងអស់ តែងតែមានហានិភ័យ មិនមានការវិនិយោគណាមួយ ដែលមានហានិភ័យស្មើសូន្យទេ គ្រាន់តែថាហានិភ័យនោះមានទំហំប៉ុណ្ណា៕
ចែករំលែកព័តមាននេះ