Zlatan ថា AC Milan នឹង​ឈ្នះ Serie A បើ​មាន​វត្តមានរូប​គេ​តាំង​ពី​​ដើមរដូវ​កាល


ប្រទេស​អ៊ី​តា​លី ៖ កីឡាករ Zlatan Ibrahimovic បាន​អះអាង​យ៉ាង​មុតមាំ​ថា ក្រុម AC Milan នឹង​ឈ្នះ​ជើងឯក​ក្រប​ខណ្ឌ Serie A ប្រសិនបើ​ក្លិប​នេះ បាន​ចុះហត្ថលេខា​យក​រូបគេ​មក​លេង​នៅ​ដើមរដូវ​កាល​នេះ ការ​ថ្លែង​បែប​នេះ បន្ទាប់ AC Milan បាន​បំបាក់​ក្រុម Juventus ដោយ​លទ្ធផល ៤-២ កាលពី​យប់​ម្សិលមិញ ហើយ​រូបគេ​ក៏​រកបាន​១​គ្រាប់​ផង​ដែរ ដោយ​បាល់​ប៉េ​ណា​ល់​ទី​។

សូម​រំលឹក​ថា Ibrahimovic បាន​វិល​ត្រឡប់​មក​ចូលរួម​ជាមួយ​ក្លិប AC Milan ដែល​ជា​កន្លែង​រូបគេ​ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់ Scudetto (Serie A) កាលពី​ឆ្នាំ​២០១១ ដោយ​គ្មាន​តម្លៃ​ខ្លួន​កាលពី​ខែមករា (​ពាក់កណ្តាល​រដូវ​កាល​) បន្ទាប់​ពី​សម្រេចចិត្ត​ចាក​ចេញពី​ក្លិប LA Galaxy នៃ​ក្រប​ខណ្ឌ​លី​គ​កំពូល MLS របស់​សហរដ្ឋអាមេរិក ។

ខ្សែប្រយុទ្ធ​ស៊ុ​យ​អែ​ត​វ័យ ៣៨​ឆ្នាំ​រូប​នេះ​បាន​ថ្លែងប្រាប់​គេហទំព័រ DAZN ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា «​ប្រសិនបើ​ខ្ញុំ​នៅ​ទី​នេះ​តាំងពី​ដើមរដូវ​កាល ពួក​យើង​នឹង​ឈ្នះ Scudetto! ។ ខ្ញុំ​គឺជា​ប្រធាន​ក្លិប​, គ្រូបង្វឹក និង​កីឡាករ ប៉ុន្តែ​ពួក​គេ​គ្រាន់តែ​បង់ថ្លៃ​ចំណាយ​លើ​ខ្ញុំ ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​ប៉ុណ្ណោះ​» ។

គួរ​បញ្ជាក់​ថា កុងត្រា​របស់ Ibrahimovic នឹង​ផុតកំណត់​ជាមួយ​ក្រុម AC Milan នៅ​បញ្ចប់​នៃ​រដូវ​កាល​នេះ ហើយ​គេ​ក៏​គ្មាន​បំណង​ក្នុង​ការ​បន្ត​អាជីព​លើ​ទឹកដី​អ៊ី​តា​លី​បន្ថែម​ទៀត​ដែរ ៕ (​ដកស្រង់​ចេញពី​៖ Goal.com)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ