រាជធានីភ្នំពេញ៖ ខណៈការនាំចេញនូវសម្លៀកបំពាក់និងស្បែកជើងមានការធ្លាក់ចុះខ្លាំង មានរោងចក្រមួយចំនួនបានសម្រេចបង្វែរសង្វាក់ផលិតកម្មពីការផលិតសម្លៀកបំពាក់និងស្បែកជើងទៅផលិតម៉ាស់សម្រាប់នាំចេញ ។
លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា រោងចក្រដែលកំពុងកែប្រែពីឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ទៅជារោងចក្រផលិតម៉ាស និងសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ គឺគោលដៅធំ សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។

លោកបានបន្តថា រហូតមកដល់ពេលនេះមានរោងចក្រប្រមាណជាង១០រោងចក្របានដាក់ពាក្យស្នើសុំកែប្រែពីការផលិតសម្លៀកបំពាក់និងស្បែកជើងទៅជារោងចក្រផលិតម៉ាស ហើយក្នុងនោះដែរមានបួនទីតាំងកំពុងមានសកម្មភាពគឺរោងចក្រនៅកំពង់ចាម ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺនិងរាជធានីភ្នំពេញ ។

លោកហេង សួរ បានបញ្ជាក់ផងដែរថា « រាជរដ្ឋាភិបាលគាំទ្រនិងលើកទឹកចិត្តដល់វិនិយោគិនទាំងឡាយដែលកែប្រែពីរោងចក្រកាត់ដេរសម្លៀកបំពាក់ទៅជារោងចក្រផលិតម៉ាសដើម្បីនាំចេញទីផ្សារអន្តរជាតិវិញ ខណៈផលិតផលម៉ាសកំពុងមានទីផ្សារនៅលើសកលលោក» ។ លោកបានបន្តថាការផលិតម៉ាសជាខ្សែច្រវ៉ាក់ផលិតកម្មខ្លី តែត្រូវកំលាំងពលកម្មមិនច្រើនប៉ុន្មានទេ ជាក់ស្ដែងក្នុងមួយខ្សែច្រវ៉ាក់ផលិតកម្មដែលផលិតម៉ាស២លានម៉ាសក្នុងមួយខែត្រូវការកំលាំងពលកម្មប្រមាណតែជាង២០នាក់ប៉ុណ្ណោះ ។

អ្នកនាំពាក្យក្រសួងការងាររូបនេះបានបញ្ជាក់ផងដែរថា ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២០នេះការនាំចេញផលិតផលសម្លៀកបំពាក់និងស្បែកជើង បានធ្លាក់ចុះប្រមាណជាង៥ភាគរយហើយក្នុងរយៈពេលនេះដែរ មានរោងចក្រស្នើសុំផ្អាកសកម្មភាពការងារចំនួនជាង៤០០រោងចក្រ និងរោងចក្របិទដំណើរការតែម្ដងមានចំនួន៨៣រោងចក្រ ។
យោងតាមការព្យាករណ៍របស់សមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើងកម្ពុជាបានបង្ហាញថាផលប៉ះពាល់ទៅលើវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងនឹងកាន់តែខ្លាំងថែមទៀត ក្នុងនោះនឹងអាចបាត់បង់អ្នកបញ្ជាទិញបន្ថែម ដែលនឹងធ្វើអោយបាត់បង់ការងារសម្រាប់កម្មករក៏កាន់តែច្រើនថែមទៀត ហើយការបាត់បង់នោះនឹងមិនអាចត្រលប់មកវិញបានទៀតផងដែរ ៕
ចែករំលែកព័តមាននេះ