ក្នុងកំឡុងពេលដែលសេដ្ឋកិច្ចជួបនឹងវិបត្តិ មនុស្សម្នាក់ៗត្រូវឆ្លងកាត់នូវបញ្ហាជាច្រើនទាំងនៅកន្លែងការងារ និងក្នុងគ្រួសារ ។ ទោះជាគ្រួសារនីមួយៗមិនអាចចៀសវាងផលប៉ះពាល់ដែលកើតមានឡើងក្នុងពេលដែលសេដ្ឋកិច្ចមានវិបត្តិពិតមែនក្តី ពួកគេនៅតែអាចធ្វើការផ្លាស់ប្តូរមួយចំនួនដើម្បីធ្វើឲ្យស្ថានការរបស់ពួកគេកាន់តែប្រសើរឡើង និងជួយឲ្យពួកគេត្រៀមខ្លួនសម្រាប់ថ្ងៃអនាគតផងដែរ ។ ខាងក្រោមនេះ គឺជាផលប៉ះពាល់លើគ្រួសារពេលដែលសេដ្ឋកិច្ចមានវិបត្តិ ៖

១. ផលប៉ះពាល់លើការងារ
ការបាត់បង់ការងារអាចប៉ះពាល់ដល់ស្ថេរភាពរបស់គ្រួសារ និងបុគ្គលបាន ។ តម្លៃខ្លួន សុខភាព និងសុភមង្គលរបស់មនុស្សអាចទទួលរងការប៉ះពាល់យ៉ាងច្រើនពីការបាត់បង់ការងារ ។ ខណៈដែលមនុស្សមួយចំនួនយកពេលដែលបានបាត់បង់ការងារទៅពង្រឹងសមត្ថភាពរបស់ខ្លួន មនុស្សមួយចំនួនទៀតអាចនឹងធ្លាក់ក្នុងជំងឺបាក់ទឹកចិត្ត និងបញ្ហាផ្លូវចិត្តជាច្រើនទៀតជាដើម ។
ប្រសិនបើអ្នកមានបញ្ហាហិរញ្ញវត្ថុបន្ទាន់ អ្នកអាចសុំជំនួយពីមិត្ត ឬក្រុមគ្រួសារដើម្បីដោះទាល់ ។ ដំណោះស្រាយរយៈពេលវែងរួមមានការពង្រឹងជំនាញបន្ថែម ឬរក្សាទំនាក់ទំនងល្អជាមួយបុគ្គលិកផ្នែកធនធានមនុស្សក្នុងក្រុមហ៊ុនដែលអ្នកចាប់អារម្មណ៍ជាដើម ។
២. ផលប៉ះពាល់លើជីវិតក្នុងគ្រួសារ
ស្ត្រេសដែលបានពីការមិនអាចរកការងារថ្មី ឬបាត់បង់ប្រាក់ចំណូលអាចប៉ះពាល់ដល់ទំនាក់ទំនងក្នុងគ្រួសារ ឬបង្ខំឲ្យមានការផ្លាស់ប្តូរសំខាន់ៗដូចជាការលក់រថយន្ត ឬលក់ផ្ទះដើម្បីសងបំណុលជាដើម ។ ប៉ុន្តែអ្វីដែលអ្នកគួរចងចាំគឺសមាជិកក្នុងគ្រួសារក៏អាចសហការគ្នាដើម្បីឆ្លងកាត់បញ្ហាផ្សេងៗបានដែរ ។
៣. ផលប៉ះពាល់លើឱកាសរកលុយ
ក្នុងកំឡុងពេលដែលមានភាពមិនប្រាកដប្រជានេះ សហគ្រិនអាចនឹងជួបការលំបាកក្នុងការរកធនធានគ្រប់គ្រាន់ដើម្បីចាប់ផ្តើម ឬវិនិយោគលើអាជីវកម្ម ។ បច្ចុប្បន្ននេះប្រហែលជាមិនមែនជាពេលល្អក្នុងការចាប់ផ្តើមអាជីវកម្មថ្មីទេ ប៉ុន្តែអ្នកនៅតែអាចបន្តធ្វើការស្រាវជ្រាវរកគំនិតថ្មីៗ និងរកដៃគូអាជីវកម្មដែលចាប់អារម្មណ៍ក្នុងការសហការជាមួយអ្នកដែរ ៕
ចែករំលែកព័តមាននេះ