រាជធានីភ្នំពេញ ៖ មេធាវីលោក កឹម សុខា ចំនួន២រូប បានពន្យល់ប្រាប់ពីដំណើរចុះទស្សនាចម្ការស្រកានាគជាលើកដំបូងរបស់លោក កឹម សុខា ស្របតាមការកំណត់របស់ចៅក្រមស៊ើបសួរ ។

ការពន្យល់នេះ បន្ទាប់ពីក្រុមប្រឆាំងមួយចំនួនរិះគន់ថា ការចុះទៅតាមខេត្តរបស់លោក កឹម សុខា គឺខុសនីតិវិធីតុលាការទាំងលោក កឹម សុខា កំពុងជាប់ក្តីក្កាំង មិនទាន់ដាច់ស្រេចនោះទេ ។

យ៉ាងណាក្តី មេធាវីលោក កឹម សុខា ទាំងលោក ម៉េង សុភារី និងលោក ផែង ហេង ផ្ញើជូនអ្នកធ្វើពុតដេកលក់ និងអ្នកបំភ័ន្តនោះ គឺមិនត្រឹមត្រូវព្រោះចៅក្រមស៊ើបសួរបានសម្រេចឲ្យ កឹម សុខារួចហើយ កាលពីឆ្នាំ២០១៩ ។

យោងតាមបណ្តាញសង្គម របស់ មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា បានសរសេរកាលពីពេលថ្មីៗនេះថា លោកស្រី ម៉េង សុភារី សហមេធាវីបានពន្យលថា ដើម្បីជៀសវាងការយល់ខុស ឬយល់ច្រលំ ឬមានការចោទប្រកាន់ខុសដោយសាមិនយល់ ឬមិនដឹងចំពោះការធ្វើដំណើរចេញពីលំនៅដ្ឋានរបស់លោក កឹម សុខា ក្នុងនាមខ្ញុំជាមេធាវីរបស់លោក កឹម សុខា ខ្ញុំសូមជំរាបជូនសាធារណៈជនជ្រាប

១-លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចកែប្រែកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការមួយចំនួន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយសម្រេចឲ្យលោក កឹម សុខា ជាប់កាតព្វកិច្ច ៣ចំណុច ដូចខាងក្រោមវិញ ៖ ក. មិនត្រូវចេញក្រៅព្រំប្រទល់ដែនរាជាណាចក្រកម្ពុជា ។ មានន័យថា លោក កឹម សុខា អាចធ្វើដំណើរបាននៅទូទាំងប្រទេសកម្ពុជា លើកលែងតែការធ្វើដំណើរទៅក្រៅប្រទេស ។ ខ. មិនត្រូវធ្វើសកម្មភាពនយោបាយ ។ មានន័យថា ទោះជាលោកកឹម សុខា មានសិទ្ធិធ្វើដំណើរនៅទូទាំងប្រទេសកម្ពុជាក៏ដោយ តែលោក កឹម សុខា មិនអាចធ្វើសកម្មភាពនយោបាយបានឡើយ ។ គ. ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច ។
លោកស្រីបន្តថា ចំណុចដែលហាមមិនឲ្យជួបជនបរទេសត្រូវបានលុបចោល ហេតុនេះហើយទើបកន្លងមកបណ្តាទូតបានអញ្ជើញមកជួបលោក កឹម សុខា ដល់គេហដ្ឋានចាប់តាំងពីមានសេចក្តីសម្រេចកែប្រែកាតព្វកិច្ចចុះ ថ្ងៃទី១០.១១.២០១៩ ។
លោកស្រីមេធាវីថាលោក កឹម សុខា មិនទាន់មានសាលក្រម ឬសាលក្រមស្ថាពរសម្រេចផ្តន្ទាទោសពីបទក្បត់ជាតិទេ ។ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាជនណាដែលមិនទាន់មានសាលក្រមផ្តន្ទាទោសជាស្ថាពរ ជននោះនៅតែចាត់ទុកជាជនគ្មានទោស ។
ហេតុនេះ រហូតមកដល់បច្ចុប្បន្នលោកមិនមែនជាជនក្បត់ជាតិឡើយ ។ លោកស្រីបញ្ជាក់ថា៖«សរុបមកការធ្វើដំណើររបស់ឯកឧត្តម កឹម សុខា ដោយគោរពកាតព្វកិច្ចចំណុច «ខ» នៃសេចក្តីសម្រេចរបស់តុលាការ មិនមែនជាការដើរចេញពីបន្ទាត់ក្រហមអ្វីឡើយ ។
ចំណែកលោក ផែង ហេង សហមេធាវី បានបញ្ជាក់ថា «បើគ្រាន់តែយល់ច្រឡំ គឺងាយពន្យល់ទេ ឆាប់យល់ ។ តែបើធ្វើជាមិនយល់នោះពិបាកហើយ ។ ខ្មែរប្រើឃ្លា១ ថា «ដាស់មនុស្សដេកលក់ងាយភ្ញាក់តែបើដាស់អ្នកធ្វើពុតដេកលក់ គឺដាស់មិនភ្ញាក់ទេ»។
សូមជម្រាបថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ លោកកឹម សុខា បានចុះទៅទស្សនាចម្ការស្រកានាគរបស់លោកនៅខេត្តត្បូងឃ្មុំជាលើកដំបូង បន្ទាប់ពីខកខានជាច្រើនឆ្នាំមកហើយ បន្ទាប់ជាប់ក្នុងសំណុំរឿងក្បត់ជាតិ ។
លោក ចាន់ ចេន មេជាវីលោកកឹម សុខា បានបញ្ជាក់ថា គោលបំណងដែលលោក កឹម សុខា ចុះខេត្តនេះ គឺដើម្បីពិនិត្យស្វែងយល់ពីផលដំណាំ និងជីវភាពកសិករក្នុងអំឡុងពេលជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅកម្ពុជាក៏ដូចជា ពិភពលោក ។
បើតាមមេធាវីការពារក្តីរូបនេះបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី៦ កក្កដា ឆ្នាំ២០២០ថាដំណើរចុះតាមមូលដ្ឋានលើកដំបូងរបស់លោក កឹម សុខានេះមិនប៉ះពាល់ដល់ដំណើរការនីតិវិធីច្បាប់នោះទេ ។
មេធាវីរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា ៖«ខ្ញុំសូមធ្វើការពន្យល់អំពីច្បាប់ដល់អស់លោកអ្នកដែលមិនដឹង ឬដឹងហើយធ្វើជាមិនដឹង ។ ឯកឧត្តម កឹម សុខា មិនមែនជាទណ្ឌិត ឬត្រូវបានតុលាការផ្តន្ទាទោសពីបទក្បត់ជាតិនោះទេ ហើយពេលនេះមិនមានច្បាប់ណាដែលហាម ឯកឧត្តម កឹម សុខា មិនឲ្យចេញក្រៅផ្ទះនោះទេ គឺគេហាមមិនឲ្យចេញទៅក្រៅប្រទេសតែប៉ុណ្ណោះ ។ ដូច្នេះការដើរហើរ ឬចេញទៅខាងក្រៅផ្ទះគ្រប់ទីកន្លែងនៅក្នុងប្រទេស វាជាសេរីភាពរបស់ឯកឧត្តម កឹម សុខា»៕
ចែករំលែកព័តមាននេះ