រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាព្រឹកថ្ងៃទី៨ កក្កដា ឆ្នាំ២០២០ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពស្ថានីយបូមទឹកលូ៥ ស្ថិតនៅភូមិឫស្សីទី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅពេលចុះទៅពិនិត្យនោះដែរ ឃើញសកម្មភាពប្រជាពលរដ្ឋចាក់ដីផ្នែកខាងក្រោយហៀរលើប្រឡាយប្រហែលជិត១០ម៉ែត្រ ដោយដីរបស់ប្រជាពលរដ្ឋមានជម្រៅតែ១២ប៉ុណ្ណោះ ជាហេតុធ្វើឱ្យលោកអភិបាលរាជធានីសម្តែងក្តីមិនពេញចិត្តទៅនឹងទង្វើបែបនេះ ហើយលោកអភិបាលរាជធានីបានស្តីបន្ទោសទៅអភិបាលខណ្ឌ និងចៅសង្កាត់ដែលបណ្តែតបណ្តោយឱ្យប្រជាពលរដ្ឋចាក់ដីរំលោភលើប្រឡាយបែបនេះ ។

ពាក់ព័ន្ធនឹងបញ្ហាមានប្រជាពលរដ្ឋចាក់ដីហៀរមកលើប្រឡាយនេះដែរ លោកអភិបាលរាជធានី បានតម្រូវឱ្យកាយចេញវិញទាំងអស់ បើមិនធ្វើតាមទេ អាចប្រឈមនឹងផ្លូវច្បាប់ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)



ចែករំលែកព័តមាននេះ