រាជធានីភ្នំពេញ ៖ រយៈពេល៦ខែ ឆ្នាំ២០២០នេះ ពិនិត្យរកឃើញយានយន្តល្មើសច្បាប់ជាង២៣ម៉ឺនគ្រឿង នេះបើយោងតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ដែលអានដោយលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ គ.ស.ច.គ បានរាយការណ៍ជូនសម្ដេចស ខេង និងអង្គប្រជុំ អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ និងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក្នុងរយៈពេល១ឆមាសឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ។

ក្នុងរបាយការណ៍បានឲ្យដឹងទៀតថា ៖ ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក្នុងរយៈពេល១ឆមាសឆ្នាំ២០២០ ក្នុងនោះបានត្រួតពិនិត្យយានយន្តជិត១លានគ្រឿង មានម៉ូតជាង៦០ភាគរយ និងបានពិនិត្យរកឃើញយានយន្តល្មើសបានជាង២៣ម៉ឺនគ្រឿង ។

ដោយឡែករយៈពេល២ខែ ពីខែឧសភា ដល់ខែមិថុនា បានពិន័យយានយន្តចំនួន៨៣០០០ករណី ក្នុងនោះម៉ូតូជាង៦ម៉ឺនករណី និងបានអនុវត្តការបង់ប្រាក់ពិន័យបានជាង ១២ប៊ីលានរៀល ក្នុងនោះមិនទាន់បង់ប្រាក់ពិន័យមាន២០ភាគរយ ។ នៅក្នុងរយៈពេល៦ខែនេះដែរ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ១៦១៩លើក បាត់បង់ជីវិត៨១៦នាក់ របួស២៤៤៩នាក់ ភាគច្រើនកើតឡើងនៅភ្នំពេញ កំពង់ធំ និងខេត្តកណ្ដាល ។ មូលហេតុបង្កឱ្យមានគ្រោះថ្នាក់ គឺការបើកបរល្មើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ វ៉ាជែង បត់ ស្រវឹង កត្តាយានយន្ត និងកត្តារួមផ្សុំមួយចំនួនទៀត ។

ជាការកត់សំគាល់ បើធៀបនឹងឆ្នាំ២០១៩ គ្រោះថ្នាក់នេះបានថយចុះ៥៥២លើកស្មើនឹង២៥ភាគរយ អ្នកបាត់បង់ជីវិតបានថយចុះ១៧២នាក់ស្មើនឹង១៧ភាគរយ និងអ្នករងរបួសបានថយចុះ៧៧៨នាក់ ស្មើនឹង២៤ភាគរយ ។ អ្នកបាត់បង់ជីវិតភាគច្រើន គឺជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ពិសេសគឺនៅពេលយប់ ។
លោកជំទាវអគ្គលេខាធិការក៏បានឱ្យដឹងដែរថា ៖ក្នុងរយៈពេល១ឆមាសឆ្នាំ២០២០នេះដែរ ការត្រួតពិនិត្យអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព បានបង្ខំឱ្យរកមួកមកពាក់ ហើយពិន័យបាន៨២ភាគរយនៃចំនួនល្មើសសរុប ហើយមន្ត្រីអនុវត្តច្បាប់ បានអនុវត្តវិធានការល្បាតត្រួតពិនិត្យតាមផ្លូវជាតិសំខាន់ៗ ដោយរកឃើញយានយន្តល្មើសជាង២ម៉ឺនគ្រឿង ក្នុងនោះរថយន្តធន់ធ្ងន់ជាង៣០ភាគរយ បានត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ និងចាត់ការតាមច្បាប់បានជាង៤ពាន់នាក់ ព្រមទាំងបានត្រួតពិនិត្យយានយន្តកែច្នៃលក្ខណៈខុសបច្ចេកទេសមួយចំនួនទៀត យានយន្តចេញពីគោលដៅកំពង់ផែ និងបានបង្កើនការផ្សព្វផ្សាយអប់រំយ៉ាងសកម្ម ។
ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លុវគោក សម្ដេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាពលរដ្ឋប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ដែលក្នុងរយៈពេល៦ខែមកនេះ និងជាពិសេសរយៈពេល២ខែចុងក្រោយនៃការរឹតបន្តឹងការអនុវត្តច្បាប់ ពលរដ្ឋបានចូលរួមគាំទ្រយ៉ាងសកម្ម មានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ដោយប្រកាន់ខ្ជាប់នូវច្បាប់ ទោះបីជាមិនបាន១០០ភាគរយក៏ដោយ ។
សម្ដេចក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានធ្វើការងារយ៉ាងសកម្ម និងមានកិច្ចសហការរវាងក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលការងារនេះគឺជាបទពិសោធន៍យ៉ាងល្អ ដោយមិនអាចក្រសួងណាមួយមានះរៀងខ្លួន ឬយកមុខយកមាត់រៀងខ្លួននោះទេ ប៉ុន្តែនេះគឺជាការរួមគ្នាបេសកកម្មដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ។
សម្ដេចក្រឡាហោមក៏បានថ្លែងកោតសរសើរ និងអរគុណចំពោះគណៈកម្មការចរាចរណ៍ទទួលបន្ទុកចរាចរណ៍រាជធានីខេត្ត ស្នងការ អធិការដ្ឋានទាំងអស់ ដែលបានខិតខំធ្វើការងារនេះដោយមិនខ្លាចនឿយហត់ ព្រមទាំងអ្នកចូលរួមផ្សេងទៀត ដូចជាប្រព័ន្ធផ្សព្វផ្សាយ វិស័យឯកជនជាដើម និងសង្គមស៊ិវិល ដែលបានធ្វើសកម្មភាពយ៉ាងផុលផុស ជាទីសង្ឃឹមសម្រាប់អនាគតនៃការកសាងសង្គមជាតិ ឈានទៅរកភាពស៊ីវិល័យ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ