រាជធានីភ្នំពេញ ៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសផ្ទេភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ តាមបណ្តាអង្គភាព នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋាបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។

ពិធីនេះក៏មានការចូលរួមពីលោកអនុប្រធាននាយកដ្ឋានបុគ្គលិក លោក លោកស្រីស្នងការរង លោក លោកស្រី នាយការិយាល័យ អធិការនគរបាលខណ្ឌទាំង១៤ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ កម្មវិធីមានបំពាក់ ឋានន្តរស័ក្តិសរុបចំនួន១១៣រូប ថ្នាក់ឧត្តមសេនីយ៍ត្រី៤រូប ថ្នាក់វរសេនីយ៍ឯក១១ រូប ថ្នាក់វរសេនីយ៍ទោ៦០ រូប ថ្នាក់វរសេនីយ៍ត្រី៣៧ រូប និងផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងសរុបចំនួន៥៩ រូប ថ្នាក់នាយការិយាល័យ២ រូប ថ្នាក់នាយរងការិយាល័យ២០ រូប ថ្នាក់អធិការរង២៧ រូប ថ្នាក់នាយផ្នែក នៃអធិការដ្ឋាននគរបាលខណ្ឌ៣ រូប និងថ្នាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល៧ រូប។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទើបត្រូវបានបំពាក់(ផ្កាយ១) ឡើងប្តេជ្ញាចិត្តតំណាងឲ្យនាយនគរបាលជាតិ ចំពោះមុខគណៈអធិបតី។ បន្ទាប់មកលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញមានមតិសំណេះសំណាលជាមន្ត្រីទើបតែងតាំងថ្មី ដោយលោក ស្នងការបានកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំការពារសន្តិសុខសុវត្ថិភាព ជាពិសេសបានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ម្យ៉ាងវិញទៀតមន្ត្រីទើបតែងតាំងថ្មីត្រូវគោរពវិន័យកងកម្លាំងឲ្យបានល្អ ត្រូវបង្ហាញអាកប្បកិរិយា និងសម្ដីឲ្យបានសមរម្យជាមួយប្រជាពលរដ្ឋ ជាមួយនោះដែរលោកស្នងការក៏បានធ្វើកោតសរសើរ ដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស និងក្រុមការងាររបស់អធិការខណ្ឌ និងប៉ុស្តិ៍ ដែលតែងតែតាមដាន ឆ្លើយតបដោះស្រាយ និងមានវិធានការណ៍ ជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស បន្ទាប់ពីទទួលបានខំមិន អំពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ មិនថាយប់ ឬថ្ងៃឡើយ។

លោកស្នងការបានសង្កត់ធ្ងន់ថា គ្រប់អង្គភាពទាំងអស់ត្រូវគ្រប់គ្រងវត្តមានមន្ត្រីឲ្យបានល្អ មួយវិញទៀតមិនអត់ឱនឲ្យដាច់ខាត ចំពោះមន្ត្រីណាដែលប្រព្រឹត្តិខុសពីវិន័យកងកម្លាំង មន្ត្រីអនុវត្តខុសអាចត្រូវដាក់ពិន័យ បើធ្ងន់ធ្ងរគឺបណ្តេញចេញពីក្របខណ្ឌ ហើយអនុវត្តបន្តតាមនីតិវិធីច្បាប់។ ជាកិច្ចបញ្ចប់ នៃពិធីនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់អង្គពិធីទាំងមូល។
នាយឧត្តមអគ្គស្នងការរង បានសម្ដែងការអបអរសាទរដល់នាយនគរបាលទាំងអស់ដែលទើបទទួលបានការប្រកាសតែងតាំង និងបំពាក់ឋានន្តរស័ក្តិថ្មី ហើយនាយឧត្តមអគ្គស្នងការរង បានណែនាំដល់កម្លាំងទាំងអស់ត្រូវតែ គោរពវិន័យកងកម្លាំងឲ្យបានល្អ។ នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរដល់ការងារគ្រប់គ្រង ដឹកនាំ ជាពិសេសគឺការយកចិត្តទុកដាក់ខ្ពស់របស់លោកឧត្តមស្នងការ ដែលតែងតែចុះសួរសុខទុក្ខជាប្រចាំ ដល់មន្ត្រីដែលមានជំងឺ គ្រោះថ្នាក់ចរាចរណ៍ និងមន្ត្រីដែលជួបបញ្ហាប្រឈមផ្សេងៗ ។
អ្វីដែលបានកត់សម្គាស់ក្នុងកម្មវិធីនោះឃើញថា មានការផ្ទេរតំណែងលោកវរសេនីយ៍ឯក អ៊ីវ ភារិទ្ធ ចេញពីនាយការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ឲ្យទៅបម្រើការជាអនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលក្រសួងមហាផ្ទៃ នឹងដាក់ជំនួសដោយលោកវរសេនីយ៍ទោ រីម ម៉ិច វិញ ។ (កែសម្រួលដោយ ៖ មុន្នី)
ចែករំលែកព័តមាននេះ