មនុស្សជាច្រើនក្នុងសម័យថ្មីនេះមិនពឹងផ្អែកលើប្រភពចំណូលតែមួយទៀតទេ ។ ផ្ទុយមកវិញ មនុស្សកាន់តែច្រើនបានចាប់ផ្តើមធ្វើការងារពីរទៅបីកន្លែងក្នុងពេលតែមួយ ។ ប្រសិនបើអ្នកស្ថិតក្នុងចំណោមមនុស្សដែលកំពុងពិចារណាធ្វើការពីរទៅបីកន្លែងដែរ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួនដែលបានពីរបៀបធ្វើការងារថ្មីនេះដែលអាចជួយដល់ការសម្រេចចិត្តរបស់អ្នកបាន ។

១. វាជួយបង្កើនប្រាក់ចំណូលរបស់អ្នក
ប្រសិនបើអ្នកមានគម្រោងក្នុងការបង្កើនប្រាក់ចំណូលសម្រាប់ថ្ងៃអនាគត ជួយបង់ថ្លៃផ្ទះ សម្រាប់វិស្សមកាល ឬសម្រាប់ការវិនិយោគជាដើម នោះអ្នកគួរតែពិចារណាធ្វើការបន្ថែមមួយទៅពីរកន្លែងទៀតព្រោះវាអាចជួយបង្កើនប្រាក់ចំណូលរបស់អ្នកបាន ។ ប៉ុន្តែអ្វីដែលអ្នកគួរតែជៀសវាងគឺការចាយវាយទៅតាមប្រាក់ចំណូលដែលបានកើនឡើងដែរ ។
២. វាជួយឲ្យអ្នកស្គាល់មនុស្សកាន់តែច្រើន
ប្រសិនបើការងារទីពីរឬទីបីរបស់អ្នកមានភាពស្រដៀងគ្នាទៅនឹងការងារដំបូងរបស់អ្នកនោះ វាអាចជួយឲ្យអ្នកស្គាក់មនុស្សកាន់តែច្រើនក្នុងវិស័យ និងថែមទាំងឲ្យអ្នកស្គាល់អតិថិជនកាន់តែច្រើនថែមទៀត។ ចំណុចដែលអ្នកត្រូវចងចាំគឺដាច់ខាតព្យាយាមជៀសវាងកិច្ចការដែលអាចប៉ះពាល់ដល់អត្ថប្រយោជន៍ក្រុមហ៊ុនធំរបស់អ្នក។
៣. វាអាចជួយឲ្យអ្នកពង្រឹងជំនាញសំខាន់ៗបាន
ប្រសិនបើអ្នកមិនមានឱកាសរៀនសូត្រ ឬហ្វឹកហាត់ច្រើននៅកន្លែងធ្វើការរបស់អ្នកទេនោះ ការធ្វើការពីរទៅបីកន្លែងទៀតអនុញ្ញាតឲ្យអ្នកពង្រឹងជំនាញ និងបង្កើនឱកាសក្នុងការដំឡើងប្រាក់ខែ ឬតំណែងជាដើម ។
៤. វាអាចជួយជំរុញឲ្យអ្នកសាកល្បងចំណាប់អារម្មណ៍ថ្មីៗ
បុគ្គលិកដែលធ្វើការពេញម៉ោងជាច្រើនមិនពេញចិត្តនឹងការងារដែលពួកគេមានទេ ។ ទោះជាពួកគេអាចរកចំណូលបានគ្រប់គ្រាន់សម្រាប់ការរស់នៅប្រចាំថ្ងៃបានពិតមែន មនុស្សតែងតែមានចំណាប់អារម្មណ៍លើអ្វីដែលខ្លួនតែងតែចង់ធ្វើ ។ ដូច្នេះការធ្វើការពីរទៅបីកន្លែងទៀតនឹងអនុញ្ញាតឲ្យអ្នកធ្វើអ្វីដែលអ្នកចូលចិត្ត ។
៥. វាអាចក្លាយជាអាជីវកម្មពេញលេញមួយបាន
ការងារទីពីរទៅបីរបស់មនុស្សជាច្រើនបានក្លាយជាអាជីវកម្មពេញលេញ ។ ប្រសិនបើអ្នកមិនមានសមត្ថភាពក្នុងការលាឈប់ពីការងារអ្នកទេ អ្នកនៅតែអាចគ្រប់គ្រងអាជីវកម្មក្នុងពេលទំនេររបស់អ្នកបាន ៕
ចែករំលែកព័តមាននេះ