រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងផែនការបានលើកឡើងថា ការចេញទៅបើកប្រាក់ឧបត្ថម្ភពីរដ្ឋរបស់ប្រជាពលរដ្ឋក្រីក្រដែលងាយរងគ្រោះដោយសារជំងឺកូវីដ១៩ នៅជុំទី១នោះជិតអស់ហើយ រហូតមកដល់ពេលនេះ។

លោកឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានទទួលស្គាល់ការបើកប្រាក់ឧបត្ថម្ភនៅជុំទីមួយនេះ មានបញ្ហាខ្លះបានបង្កឲ្យមានការសប្បាយចិត្តពីពលរដ្ឋនៅក្នុងនោះមានដូចជា ពលរដ្ឋក្រីក្រពិតប្រាកដមិនទទួលបានបណ្ណ័សមធម៌និងការឧបត្ថម្ភប្រាក់។

នៅក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីរបស់លោកនៅទូទាំងប្រទេស តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី៦កក្កដា លោក ឆាយ ថន បានលើកពីបញ្ហាដែលបានកើតមានក្នុងពេលផ្តល់ប្រាក់ឧបត្ថម្ភនេះ ដូចជា មានករណីអ្នកមានជីវភាពល្អប្រសើរនៅមានប័ណ្ណ និង ទទួលបានការឧបត្ថម្ភ។ ប័ណ្ណសមធម៌ខ្លះ បានផុតសុពលភាព (លើសពី៣ឆ្នាំ) និងមានអ្នកបំផុសឱ្យពលរដ្ឋទៅទទួលប្រាក់ឧបត្ថម្ភ។ គ្រួសារក្រីក្រក្រីក្រពិតប្រាកដមិនទទួលបានប័ណ្ណ និងការឧបត្ថម្ភ។ គ្រួសារខ្លះនៅបន្តប្រើ ប័ណ្ណអាទិភាព Post ID របស់ក្រសួងសុខាភិបាលមកទាមទារ ប្រាក់ឧបត្ថម្ភ។ គ្រួសារខ្លះជាគ្រួសារចំណាកស្រុក ឬ មិនមានសៀវភៅគ្រួសារ និង សៀវភៅស្នាក់នៅ និងប័ណ្ណរហែកឬ បាត់ជាដើម។
លោករដ្ឋមន្ត្រីបានលើកឡើងថា ពលរដ្ឋបានបង្ហាញការសប្បាយចិត្ត និង បាននាំគ្នាផ្ទុះការតវ៉ា ដោយផ្ទាល់ ប្រយោល ជាពិសេសតាមបណ្តាញសង្គម ទោះបីមានការពន្យល់ ណែនាំ ជាពិសេសក្រសួងផែនការតាមបណ្តាញសង្គម សារព័ត៌មាន វិទ្យុ ទូរទស្សន៍ និង ចុះដោះស្រាយដល់ទីតាំងផ្ទាល់ ក៏នៅមិនទាន់មានភាពជ្រះស្រឡះ និងនៅតែបន្ត។ ជាមួយនេះដែរ មានក្រុមការងារជាតិចុះតាមឃុំនិងសង្កាត់ ក៏នៅតែខិតខំជួយតាមដានការងារនេះផងដែរ។
នៅពេលផ្តល់ការឧបត្ថម្ភសាច់ប្រាក់ដំណាក់កាលទី១ បញ្ចប់ ការផ្តល់សាច់ប្រាក់ក្នុងដំណាក់កាលទី២ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ដោយត្រូវប្រើប្រាស់ទិន្នន័យបច្ចុប្បន្នភាព។ លោករដ្ឋមន្ត្រីក្រសួងផែនការបានបញ្ជាក់ថា ទិន្នន័យថ្មីគិតត្រឹមថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០២០ ជាបណ្តោះអាសន្ន មានគ្រួសារក្រីក្របានកើនចំនួន ២៤ ៩១៥គ្រួសារ ពី៥៦ម៉ឺននាក់គ្រួសារដែលប្រកាសដំណាក់កាលទី១នោះ។
មន្ត្រីនៅតែស្នើឲ្យពលរដ្ឋដែលគិតថាខ្លួនក្រីក្រទៅដាក់ពាក្យស្នើសុំសម្ភាសដើម្បីបានប័ណ្ណសមធម៌ បើកប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។ កាលពីថ្ងៃទី៦កក្កដា គេបានឃើញរដ្ឋបាលខេត្តសៀមរាបបង្កើតក្រុមការងារដើម្បីចាំទទួលពាក្យពលរដ្ឋមកស្នើសុំសម្ភាសថាពលរដ្ឋក្រីក្រ។
សម្រាប់អ្នកខេត្តសៀមរាប បើចង់សម្ភាសថាខ្លួនក្រីក្រ អាចទាក់ទងទៅមន្ត្រី ដែលរដ្ឋបាលខេត្តបានប្រកាសគឺ លោក ហាក់ សុធារ៉ា ០១២ ៧៧៩ ៧០៧ លោក ទិព្ធ ពិសិដ្ឋ ០១៧ ៦៦៥ ៩៥៤លោកស្រី ស្រី សុគុណ ០១២ ៦៣០ ២២៥ និងលោក សេង វិសាល ០១២ ៨៣៦ ៣២៥៕
ចែករំលែកព័តមាននេះ