ការងារដែលអ្នកកំពុងមានសព្វថ្ងៃនេះ ឬការងារដែលអ្នកចង់បានប្រហែលជាត្រូវបានលុបបំបាត់ទាំងស្រុងក្នុងកំឡុងពេល ១០ឆ្នាំទៀត ។ មូលហេតុ គឺមកពីសេដ្ឋកិច្ចមានការផ្លាស់ប្តូរយ៉ាងលឿនដែលបានប៉ះពាល់ដល់ទីផ្សារការងារជុំវិញពិភពលោក ។ តើអ្នកមានជំនាញគ្រប់គ្រាន់ដែលអាចធ្វើឲ្យអ្នកត្រៀមខ្លួនសម្រាប់ទីផ្សារការងារនៅថ្ងៃអនាគតទេ?
ខាងក្រោមនេះ គឺជាជំនាញទន់មួយចំនួនដែលកាន់តែមានតម្រូវការនៅកន្លែងការងារ ៖

១. ជំនាញចរចារ
មិនថាអ្នកជាអាជីវករ ឬបុគ្គលិកការិយាល័យទេ អ្នកត្រូវតែមានជំនាញក្នុងការចរចាដើម្បីទទួលបានអ្វីដែលអ្នកចង់បាន ។ វាជាជំនាញដែលទាមទារភាពអត់ធ្មត់ និងការខិតខំប្រឹងប្រែងដើម្បីរៀន ហើយវាក៏ត្រូវការការហ្វឹកហាត់ផងដែរ ។
២. ជំនាញបញ្ចុះបញ្ចូល
បច្ចុប្បន្ននេះ ហឹង្សាមិនតែងតែអាចជួយឲ្យអ្នកទទួលបានអ្វីដែលអ្នកចង់បានទេ ។ ផ្ទុយមកវិញ អ្នកត្រូវរៀនបញ្ចុះបញ្ចូលមនុស្សឲ្យយល់ស្របតាមអ្នក ។ ជំនាញនេះគឺពិតជាសំខាន់ណាស់សម្រាប់មនុស្សដែលធ្វើការក្នុងផ្នែកទីផ្សារ និងសហគ្រិនផងដែរ ។
៣. ជំនាញគ្រប់គ្រងជម្លោះ
ជំនាញនេះមានសារៈសំខាន់ណាស់ប្រសិនបើអ្នកចង់ឡើងតំណែងកាន់តែខ្ពស់ក្នុងក្រុមហ៊ុន ។ សហគ្រិនក៏ត្រូវការជំនាញនេះដែរក្នុងកាលៈទេសៈដែលអ្នកជួបនឹងមិត្តរួមការងារ ភ្ញៀវ ឬអ្នកផ្គតផ្គង់ដែលពិបាកនិយាយគ្នា ។
៤. ជំនាញគ្រប់គ្រងពេលវេលា
ជីវិតក្នុងជំនាន់ទំនើបនេះពោរពេញទៅដោយការងារចាំបាច់ដែលត្រូវធ្វើមិនថាជាការទទួលទូរស័ព្ទ ឆែកអ៊ីមែល ឆាត ឬចុចមើលប្រព័ន្ធសង្គមទេ ។ កត្តាទាំងនេះសុទ្ធតែជាចំណុចដែលប៉ះពាល់ដល់ប្រសិទ្ធិភាពការងាររបស់មនុស្ស ។ ជាមួយនឹងជំនាញក្នុងការគ្រប់គ្រងជំនាញ មនុស្សអាចរុញច្រាននូវអ្វីដែលទាមទារចំណាប់អារម្មណ៍របស់អ្នក និងផ្តោតស្មារតីតែលើកិច្ចការដែលសំខាន់ប៉ុណ្ណោះ ។
៥. ជំនាញគ្រប់គ្រងស្ត្រេស
ការស្ត្រេសព្រោះតែការងារអាចបង្កការប៉ះពាល់ដល់សុខភាពរបស់មនុស្សបានដែរ ។ មិនមាននរណាម្នាក់ដែលអាចកម្ចាត់អារម្មណ៍ស្ត្រេសពីអ្នកបានទេ ហើយអ្នកមិនគួរអនុញ្ញាតឲ្យអារម្មណ៍ស្ត្រេសមកបបង្កការប៉ះពាល់ដល់អ្នកបានឡើយ ។ ចំណុចដែលល្អមួយគឺជំនាញប៉ុន្មានខាងលើមានភាពប្រទាក់ប្រទិនគ្នា ដូច្នេះអ្នកក៏អាចគ្រប់គ្រងអារម្មណ៍ស្ត្រេសរបស់អ្នកបានដែរប្រសិនបើអ្នកមានសមត្ថភាពក្នុងការគ្រប់គ្រងពេលវេលា និងជៀសវាងជម្លោះក្នុងកន្លែងការងារជាដើម ៕
ចែករំលែកព័តមាននេះ