ប្រទេសកូឡុំប៊ី ៖ សហព័ន្ធកីឡាបាល់ទាត់កូឡុំប៊ី (FCF) រួមនិងមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់ខ្លួន ទទួលរងការពិន័យជាប្រាក់ចំនួន ៤,៦លានដុល្លារអាមេរិក បន្ទាប់ពីបានកេងចំណេញប្រាក់លើការលក់សំបុត្រសម្រាប់ការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ World Cup 2018 ដែលប្រទេសរុស្ស៊ីធ្វើជាម្ចាស់។

ការសម្រេចចិត្តនេះ បានធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតអស់រយៈពេល ២ឆ្នាំកន្លងមក ហើយក្នុងនោះការពិន័យក៏រួមបញ្ចូលទាំងក្រុមហ៊ុន TICKET YA ដែលជាដៃគូលក់សំបុត្ររបស់ FCF សម្រាប់ការប្រកួតក្នុងផ្ទះរបស់ប្រទេសកូឡុំប៊ី នៅវគ្គជម្រុះប្រចាំតំបន់អាមេរិកខាងត្បូង (CONMEBOL)។

ក្រុមអ្នកស៊ើបអង្កេតជំនាញបាននិយាយថា សំបុត្រប្រមាណជាង ៤ម៉ឺនសន្លឹកត្រូវបានក្រុមមន្ត្រីដែលជាប់ពាក់ព័ន្ធបន្លំកេងចំណេញដោយតម្លើងថ្លៃរហូតដល់ ៧៤ដុល្លារក្នុងមួយសន្លឹក លើពីតម្លៃដើមដែលចេញពីដោយសហព័ន្ធបាល់ទាត់ពិភពលោក FIFA ដែលមានតម្លៃត្រឹមតែ ១៦,៤ដុល្លារក្នុងមួយសន្លឹកប៉ុណ្ណោះ។ ដែលវាបានធ្វើពួកគេអាចបង្កើតប្រាក់ចំណេញច្រើនជាង ៣,៥លានដុល្លារ។

បុគ្គលសំខាន់ៗគួរឱ្យកត់សម្គាល់ ដែលត្រូវបានពិន័យរួមមានលោក Ramon Jesurun ប្រធាន FCF និងលោក Alvaro Gonzalez អនុប្រធានរបស់ FCF ។ ខណៈដែលលោក Luis Bedoya អតីតប្រធាន FCF ក៏ត្រូវទទួលរងការពិន័យផងដែរ។

សូមរំលឹកជូនថា ក្រុមជម្រើសជាតិកូឡុំប៊ីបានឆ្លងផុតការប្រកួតវគ្គជម្រុះប្រចាំតំបន់ CONMEBOL ដោយឈានបន្តទៅការប្រកួតវគ្គជម្រុះក្នុងពូលនៅប្រទេសរុស្ស៊ី។ ដោយពួកគេស្ថិតក្នុងពូល H និងបានឈរនៅចំណាត់ថ្នាក់កំពូលតារាងដែលរួមមាន ជប៉ុន, សេណេហ្គាល់ និង ប៉ូឡូញ ហើយបន្តឈានទៅដល់ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ។ ប៉ុន្តែពួកគេបានទទួលរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិអង់គ្លេស ដោយបាល់កាត់សេចក្តី១១ម៉ែត្រ៕ (ដកស្រង់ចេញពី៖ Reuters)
ចែករំលែកព័តមាននេះ