អ៊ីស្រាអែល ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ប្រទេសអ៊ីស្រាអែល បានដាក់ចេញនូវការរឹតបន្តឹងយ៉ាងតឹងរ៉ឹងជាបន្តបន្ទាប់ ដូចជាការបិទទ្វារសាលប្រជុំ ក្លិបរាត្រី បា និងកន្លែងផ្សេងៗទៀត ខណៈដែលករណីកូវីដ១៩ បានកើនឡើងនៅពាសពេញប្រទេស។

រដ្ឋាភិបាលក៏បានប្រកាសផងដែរថា កន្លែងហាត់ប្រាណ និងអាងហែលទឹកសាធារណៈ នឹងត្រូវបិទជាថ្មីម្តងទៀត ក៏ដូចជាកន្លែងវប្បធម៌ផងដែរ។ កន្លែងគោរពបូជា នឹងត្រូវបានកំណត់ត្រឹម១៩នាក់រាល់ការចូលម្តងៗ ហើយភោជនីយដ្ឋាននឹងត្រូវបានកំណត់ត្រឹម ២០នាក់នៅហាងដែលបិទជិត ឬ៣០នាក់នៅហាងដែលមានខ្យល់ចេញចូល ដែលត្រូវរក្សាតុឱ្យនៅឆ្ងាយពីគ្នា។
កាលពីថ្ងៃព្រហស្បតិ៍ អ៊ីស្រាអែល មានករណីកូវីដ១៩ឆ្លងថ្មី ដល់ទៅ ១,១៤០ករណីត្រឹមតែមួយថ្ងៃ។ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ អ៊ីស្រាអែលមានជាមធ្យមប្រមាណ ៨០០ករណីឆ្លងថ្មី ក្នុងមួយថ្ងៃ ដែលកើនឡើងជិត ៤០ដង ចាប់ពីពាក់កណ្តាលខែឧសភានៅពេលដែលប្រទេសនេះមានប្រហែលជា ២០ករណីថ្មីក្នុងមួយថ្ងៃ។

នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃច័ន្ទថា ៖ «ជំងឺរាតត្បាតកំពុងរីករាលដាល ដែលច្បាស់ដូចព្រះអាទិត្យ។ វាកំពុងកើនឡើងយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ ហើយកំពុងតែអូសបន្លាយផ្ទុយពីអ្វីដែលគេប្រាប់យើង»។
លោកនាយករដ្ឋមន្ត្រីបានបន្តថា៖ «សព្វថ្ងៃនេះ មានករណីធ្ងន់ធ្ងរប្រហែល៩០ ហើយចំនួននេះបានកើនឡើងទ្វេដងរៀងរាល់បួនថ្ងៃម្តង។ ប្រសិនបើយើងមិនធ្វើសកម្មភាពឥឡូវនេះ យើងនឹងមានរាប់រយហើយប្រហែលជាជាង ១០០០ករណីធ្ងន់ធ្ងរ នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលនឹងធ្វើឱ្យប្រព័ន្ធរបស់ខូចខាតធ្ងន់ធ្ងរ។ ដូច្នេះយើងត្រូវតែចាត់វិធានការភ្លាមៗ ដើម្បីការពារមិនឱ្យកាន់តែធ្ងន់»៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ