ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ខុស​គ្នា​រវាង​ចូល​វស្សា​សម័យ​ព្រះពុទ្ធ​និង​បច្ចុប្បន្ន

3 ឆ្នាំ មុន

យោង​តាម​គម្ពីរ​ធម្មបទដ្ឋកថា​បាន​បង្ហាញ​ថា ភិក្ខុសង្ឃ​ក្នុង​ព្រះពុទ្ធ​សាសនា​ទោះជា​គង់​នៅ​​​ទីណា​ក្តី គឺ​ត្រូវ​តែ​ប្រារព្ធ​កិច្ច​វត្ត​ចូល​ព្រះ​វស្សា​រយៈពេល​បី​ខែ​នៅ​រៀង​រាល់​វស្សាន​ដូ​វ ឬ​រដូវភ្លៀង​ជា​កំហិត បើ​ពុំនោះ​ទេ​នឹង​មានទោស​គឺ​ត្រូវ​អាបត្តិ​ទុក្កដ​តាម​ផ្លូវ​វិន័យ​ជា​ធរមាន ។ មានការ​ខុស​ប្លែក​គ្នា​ក្នុង​ការ​បំពេញ​កិច្ច​វត្ត​ចាំ​វស្សា​របស់​ភិក្ខុ​សាមណេរ​នៅ​សម័យ​ពុទ្ធកាល និង​បច្ចុប្បន្ន​នៅ​កម្ពុជា​យ៉ាងនេះ​គឺ នៅ​សម័យ​ព្រះពុទ្ធ​គង់​ធរមាន​នៅឡើយ ភិក្ខុ​សាមណេរ​កំណត់​ទីតាំង​គង់​ចាំ​ព្រះ​វស្សា​ដោយហេតុ​ពីរ​យ៉ាង​គឺ…

យោង​តាម​គម្ពីរ​ធម្មបទដ្ឋកថា​បាន​បង្ហាញ​ថា ភិក្ខុសង្ឃ​ក្នុង​ព្រះពុទ្ធ​សាសនា​ទោះជា​គង់​នៅ​​​ទីណា​ក្តី គឺ​ត្រូវ​តែ​ប្រារព្ធ​កិច្ច​វត្ត​ចូល​ព្រះ​វស្សា​រយៈពេល​បី​ខែ​នៅ​រៀង​រាល់​វស្សាន​ដូ​វ ឬ​រដូវភ្លៀង​ជា​កំហិត បើ​ពុំនោះ​ទេ​នឹង​មានទោស​គឺ​ត្រូវ​អាបត្តិ​ទុក្កដ​តាម​ផ្លូវ​វិន័យ​ជា​ធរមាន ។

មានការ​ខុស​ប្លែក​គ្នា​ក្នុង​ការ​បំពេញ​កិច្ច​វត្ត​ចាំ​វស្សា​របស់​ភិក្ខុ​សាមណេរ​នៅ​សម័យ​ពុទ្ធកាល និង​បច្ចុប្បន្ន​នៅ​កម្ពុជា​យ៉ាងនេះ​គឺ នៅ​សម័យ​ព្រះពុទ្ធ​គង់​ធរមាន​នៅឡើយ ភិក្ខុ​សាមណេរ​កំណត់​ទីតាំង​គង់​ចាំ​ព្រះ​វស្សា​ដោយហេតុ​ពីរ​យ៉ាង​គឺ ទី​១​ដោយ​ការ​អារាធនា​និមន្ត​អំពី​អ្នកស្រុក​ឱ្យ​គង់​ចាំ​វស្សា​នៅ​នឹង​ស្រុកភូមិ​របស់​ខ្លួន​ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្គត់ផ្គង់​ចង្ហាន់ និង​ទី​២​ដោយ​លោក​យល់​ឃើញ​ថា កន្លែង​នោះ​មាន​ពុទ្ធបរិស័ទ​ល្មម​សមគួរ​នឹង​ចិញ្ចឹម​នូវ​ភិក្ខុសង្ឃ​ដែល​ចាំ​វស្សា​ហ្នឹង​បាន ក៏​សម្រេច​ចូល​ចាំ​វស្សា​នៅ​ទីនោះ​តែ​ម្តង​ទៅ គឺ​មិនបាច់​ចាំតែ​មាន​វត្ត​អារាម​នោះ​ទេ មាន​ពីរ​ចំណុច​ហ្នឹង ។ ដូច​ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង​ក្នុង​រដូវ​ចូល​វស្សា​ខ្លះ​ព្រះ​អង្គ​ទៅ​គង់​ចាំ​វស្សា​ក្នុង​ព្រៃ​ជ្រៅ​តែ​មួយ​អង្គ​ឯង​យ៉ាង​ស្ងប់ស្ងៀម​ជាមួយ​សត្វ​ម្រឹគីម្រឹ​គា មាន​ដំរី ស្វា និង​សត្វ​ស្លាប​តូច​ធំ​ក្នុង​ព្រៃ​ប្រកបដោយ​សេចក្ដីសុខ​ពេញ​មួយ​វស្សា ។

តាម​ឯក​សារបាន​បង្ហាញ​ថា នៅ​សម័យ​ពុទ្ធកាល មាន​ពុទ្ធបរិស័ទ​អ្នកមាន​ស្ដុកស្ដម្ភ​ដូច​ជា មហា​ឧបាសិកា​វិសាខា អនាថបិណ្ឌិក​សេដ្ឋី លោក​អ្នក​បណ្ឌិត និង​មហាសេដ្ឋី គហបតី​ពាណិ​ជ្ជ​ជា​ច្រើន ព្រមទាំង​ព្រះមហាក្សត្រ និង​ព្រះរាជ​វង្សានុវង្ស​នៃ​នគរ​ផ្សេង​ៗ​ផង​តែង​ឧបត្ថម្ភ​បច្ច័យ​ទាំងឡាយ​បួន​រួម​មាន ចង្ហាន់​បិណ្ឌបាត​ប្រចាំ​ថ្ងៃ​ជាដើម ដែល​ហៅ​ថា​និច្ចភត្ត ជាប់​មិន​ដាច់ ថ្វាយ​ដល់​ព្រះពុទ្ធ និង​ប្រគេន​ដល់​ភិក្ខុសង្ឃ​អស់​វារៈ​បី​ខែ​នៃ​រដូវ​ចូល​ព្រះ​វស្សា​ពេញ​បរិបូណ៌​មិន​ឱ្យ​លោក​ខ្វះ​កន្លះ​ឡើយ ។

ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ន​នេះ​ជា​ទូទៅ ភិក្ខុសង្ឃ​សាមណេរ​ចាំបាច់​ត្រូវ​និមន្ត​ចេញ​បិណ្ឌបាត​ជា​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល​កាន់​វស្សា​បី​ខែ ដោយហេតុ​ថា ពុំ​សូវ​មាន​ពុទ្ធបរិស័ទ​អារាធនា​និម​ន្ត​គង់​ចាំ​វស្សា​ដោយ​ផ្គត់ផ្គង់​ភត្តាហារ ព្រមទាំង​គ្រឿង​បរិក្ខារ​ផ្សេង​ៗ ដូច​ក្នុង​សម័យ​ព្រះពុ​ទ្ធ​​កាលនោះ​ឡើយ ។

ទាក់ទង​នឹង​ការ​ផ្គត់ផ្គង់​បច្ច័យបួន​ដល់​ព្រះសង្ឃ​ក្នុង​កំឡុង​ពេល​គង់​ចាំ​វស្សា​វិញ ព្រះ​មហា​សែ​ម មុនី​បាន​បកស្រាយ​ថា មានការ​ខុស​ប្លែក​គ្នា​ពី​សម័យ​ពុទ្ធកាល ពោល​គឺ​សព្វ​ថ្ងៃនេះ បរិស័ទ​ភាគច្រើន​និយម​ប្រគេន​ជា​បច្ច័យ​ប្រាក់សុទ្ធ​(​លុយ​)​ដល់​ភិក្ខុសង្ឃ ឬ​វេយ្យាវច្ចៈ ដែល​ជា​អ្នក​ខ្នះខ្នែង​បម្រើ​កិច្ចការ​ក្នុង​វត្ត មាន​អាចារ្យ​ជាដើម បើសិនជា​យើង​ធ្វើ​ឱ្យ​ត្រូវ​តាម​ធម៌​​វិន័យ គប្បី​បវារណា​លោក​ដោយ​បច្ច័យបួន មាន​សំពត់​ចីវរ អាហារបិណ្ឌបាត ទី​សេនា​សនៈ និង​ថ្នាំកែរោគ តាម​កិច្ច​វិន័យ ។ ប៉ុន្តែ​សព្វ​ថ្ងៃនេះ មិន​មាន​បរិស័ទ​យើង​ធ្វើ​អ៊ីចឹង​ទេ បើ​មាន​ក៏​មាន​តិចតួច​ណាស់ ដែល​ភាគច្រើន​គឺ​យក​ប្រាក់សុទ្ធ​ទៅ​ប្រគេន​តែ​ម្ដង​ឬ​ក៏​ទុកដាក់​នៅ​នឹង​វេយ្យាវច្ច​ ​។

ទោះជា​យ៉ាងណា​ក៏​ដោយ​ចុះ គោលដៅ​សំខាន់​នៃ​ការ​ចូល​វស្សា​របស់​ភិក្ខុ​សាមណេរ​ទាំង​នៅ​សម័យ​ពុទ្ធកាល និង​បច្ចុប្បន្ន​គឺ​ដើម្បី​ប្រតិបត្តិ​ធម៌​វិន័យ​ឱ្យ​បាន​ហ្មត់ចត់ ម៉ឺងម៉ាត់ ពិសេ​ស​ផ្នែក​គន្ថធុរៈ បាន​ដល់​ការ​សិក្សា​គម្ពីរ​បាលី​ជាដើម និង​វិបស្សនាធុរៈ បាន​ដល់​ការ​ចម្រើ​ន​សមណធម៌​ដែល​ជា​ការ​អនុវត្ត​ជាក់ស្ដែង​ជម្រះ​នូវ​គ្រឿង​មន្ទិល​សៅហ្មង​ក្នុង​ចិត្ត​ឱ្យ​ស្អាត​ផូរផង់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ