តុបតែងសួនច្បារជុំវិញរូបសំណាកស្តេចកន ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ គេសង្កេតឃើញប្រធានប្រជាការពារឃុំស្ទឹងកាច់ សហការជាមួយនឹងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំស្ទឹងកាច់នាំគ្នាចុះតុបតែងសួនច្បារក្នុងបរិវេណរូបសំណាកស្តេចកន ដោយកាត់តម្រឹមដើមផ្កា ដែលបានដាំជុំវិញសួននេះ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវមកពីតាមបណ្តាខេត្ត ឱ្យមកលេងកំសាន្តកាន់តែច្រើនកុះករផងដែរ ។

ហេតុការណ៍ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅជាប់បណ្តោយផ្លូវជាតិលេខ៥៧ ឆ្ពោះទៅព្រំដែនកម្ពុជា-ថៃ ក្នុងភូមិស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

តាមប្រភពព័ត៌មានពីលោក រិន សាម៉េត អាយុ៥១ឆ្នាំ ជាប្រធានប្រជាការពារឃុំស្ទឹងកាច់បានរៀបរាប់ឱ្យដឹងថា នៅត្រង់កន្លែងសួនច្បារក្នុងបរិវេណរូបសំណាកស្តេចកននេះ គឺមានដាក់ទោងសម្រាប់ក្មេងៗ ជិះលេង និងឧបករណ៍ហាត់ប្រាណសម្រាប់ឱ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តនាំគ្នាហាត់ប្រាណដើម្បីសុខភាព មិនថាពេលព្រឹក ឬពេលល្ងាចត្រជាក់នោះទេ ។

លោកបន្តទៀតថា រហូតមកដល់ពេលនេះ គួរឱ្យសោកស្តាយបំផុត ដោយឧបករណ៍មួយចំនួនត្រូវបានក្មេងទំនើងលួចយកទៅអស់ ។ រីឯរបស់ដែលនៅសេសសល់ ដូចជាបង់ សម្រាប់អង្គុយលេង ត្រូវបានវាយបែកខ្ទេចខ្ទី ខណ:នគរបាលប៉ុស្តិ៍ និងប្រជាការពារនាំគ្នាសម្រាកពីការយាមកាមពេលយប់ជ្រៅ គឺពួកគេឆក់ឱកាសធ្វើបែបនេះតែម្តង ។

លោកបញ្ជាក់ថា នៅក្នុងបរិវេណរូបសំណាកស្តេចកននេះ មានដាក់តាំងរូបសេះពណ៌មាសចំនួន៨ក្បាល ដែលជាតំណាងឱ្យសេនាទ័ពសេះ ។ ជារៀងរាល់ថ្ងៃ លោកតែងតែសង្កេតឃើញថា ឱ្យតែដល់ពេលល្ងាច គឺមានប្រជាពលរដ្ឋនាំកូនចៅទៅលេងកំសាន្ត និងដើរហាត់ប្រាណនៅត្រង់កន្លែងសួនច្បារខាងលើនេះ ជាពិសេសថ្ងៃសៅរ៍ អាទិត្យ មានមនុស្សច្រើន ។

លោកបញ្ជាក់បន្តថា ប្រជាពលរដ្ឋនាំគ្នាលេងត្រង់កន្លែងសួនច្បារក្នុងបរិវេណរូបសំណាកស្តេចកននេះតែពេលភ្លឺច្បាស់ប៉ុណ្ណោះ លុះដល់យប់បន្តិច គឺនាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន ដោយសារតែកន្លែងនេះ មានរថយន្ត ម៉ូតូ ឆ្លងកាត់ទៅមកជាច្រើន ហើយណាមួយកម្លាំងខាងលោកមានគ្នាតិច មិនអាចការពារបានគ្រប់ជ្រុងជ្រោយឡើយ ហើយត្រង់កន្លែងដាំផ្កា (ដើមស្នាយ) នៅជុំវិញសួនមានប្រវែងជិត២០០ម៉ែត្រ ដោយលោកអភិបាលស្រុកសាលាក្រៅបានប្រគល់សួនច្បារនេះឱ្យខាងឃុំស្ទឹងកាច់ ជាអ្នកមើលថែ និងដាំផ្កាភ្ញីបន្ថែមទៀត សម្រាប់លំអ និងទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យចូលទៅលេងកំសាន្តកាន់តែច្រើន ។

ចំណែកលោក នួន សាវឿន នាយរងគរបាលប៉ុស្តិ៍ស្ទឹងកាច់ បានរៀបរាប់ឱ្យដឹងដែរថា ខាងលោកពិតជាសោកស្តាយយ៉ាងខ្លាំង ខណ:ឃើញបង្គោលរបងជុំវិញសេះ៨ក្បាល ត្រូវបានក្មេងទំនើងនាំគ្នាកាច់បំបាក់ អស់ជាច្រើនដើម ពួកគេវាយបំបាក់បង់អង្គុយលេង និងទោងផងដែរ ។ លោកបន្តទៀតថា ចាប់ពីពេលនេះតទៅខាងលោកនឹងដាក់កម្លាំងចាំយាម ដើម្បីតាមរកមុខក្មេងទំនើងទាំងនោះ ហើយនឹងចាប់យកទៅអប់រំ ដើម្បីកុំឱ្យបន្តនាំគ្នាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈបែបនេះទៀត ។

លោកបញ្ជាក់ថា ខាងលោកក៏ធ្លាប់ ចាប់បានក្មេងទំនើងខ្លះៗដែរកាលពីមុន ក៏ធ្វើការអប់រំរួចឱ្យត្រឡប់ទៅផ្ទះវិញ ។ តែពេលនេះ បើសិនជាតាមទាន់ក្មេងទាំងនោះ ខាងលោកនឹងចាប់ឱ្យពួកគេរៀបចំសង់បង្គោលរបងសេះ ដែលបានកាច់ផ្តួលនេះឡើងវិញ ព្រោះការបំផ្លិចបំផ្លាញរបស់សាធារណ:បែបនេះ គឺមិនសមរម្យនោះឡើយ នាំឱ្យពួកគេកាន់តែប្រព្រឹត្តអាក្រក់ថែមទៀត ៕ (កែសម្រួលដោយ ៖ ធីតា)
















ចែករំលែកព័តមាននេះ