ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលគេអះអាងថា មានសតិមិនប្រក្រតីផង បានបង្កអគ្គិភ័យបណ្ដាលឲ្យឆេះផ្ទះអស់គ្មានសល់ ហើយឆេះបាត់បង់ជីវិតទាំងខ្លួនឯងទៀត នៅក្នុងបន្ទប់ទៀតផង ក្រោយពីបង្គការអុកឡុកនៅក្នុងផ្ទះ ដែលកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺថ្ងៃទី០៧ កក្កដា នៅចំណុចភូមិកណ្ដាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្ម គោល។

អធិការស្រុកថ្មគោល លោក ផង់ សុភាព បានឲ្យដឹងថា ម្ចាស់ផ្ទះនោះឈ្មោះ ឆម វឿត ស្រី អាយុ៦៧ឆ្នាំ រីឯកូនប្រុសដែលបាត់បង់ជីវិត នៅក្នុងអណ្ដាតភ្លើងឈ្មោះ ទុយ សុភឿន ងាយុ៣២ឆ្នាំ។ លោកអធិការបានប្រាប់ថា ផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់អស់នោះ ធ្វើពីថ្មក្រោមឈើលើ មានទំហំ៥ម៉x៧ម៉ ខូចខាតស្ទើរទាំងស្រុងតែម្ដង រួមទាំងសម្ភារ និង ទ្រព្យសម្បត្តិនៅក្នុងផ្ទះផង។

បើតាមរបាយការណ៍មន្ត្រីបច្ចេកទេស ដែលចុះពិនិត្យនៅទីតាំងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យនេះ អាចបណ្ដាលមកពីជនរងគ្រោះ ឈ្មោះ ទុយ សុភឿន ជាអ្នកបង្កឡើងតែម្ដង។ របាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះបានចូលបន្ទប់ រួចចាក់គន្លឹះទ្វារជាប់ ថែមទាំងទាញទូខោអាវយកមករាំងខ្ទប់ថែមទៀត។ ដោយសារតែជននេះមានសតិមិនប្រក្រតី ទើបជននេះបានខ្សែភ្លើង មកតបិទបើកៗ ហើយថែមទាំងដុតសម្ភារនៅក្នុងបន្ទប់ និង ធ្វើឲ្យទុស្សេចរន្តអគ្គីសនីបង្កជាអគ្គីភ័យឆេះផ្ទះ និង ឆេះស្លាប់ខ្លួនឯងនៅក្នុងបន្ទប់តែម្ដង។

លោក ផង សុភាព បានបញ្ជាក់ដែរថា នៅយប់កើតហេតុនោះ ជនរងគ្រោះរូបនេះ ហាក់បង្កការអុកឡុកយ៉ាងខ្លាំងនៅក្នុងផ្ទះ ដោយមិនមានអ្នកហ៊ានតទល់ទេ។ ប៉ុន្តែនៅយប់ជ្រៅ ពេលជននេះចូលក្នុងបន្ទប់ ក៏បង្កឲ្យមានអគ្គិភ័យឆេះទាំងផ្ទះ ឆេះទាំងខ្លួនឯងតែម្ដង។ សូមរំលឹកថា នេះជាលើកទី២ហើយ ដែលមានអគ្គិភ័យបានកើតហេតុឡើង បណ្ដាលឲ្យមានមនុស្សស្លាប់ នៅស្រុកថ្មគោល។

ប៉ុន្តែការកើតឡើង លើកទី១-កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ឧសភា កន្លងទៅនេះ នៅក្នុងភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល កាលនោះត្រូវសមត្ថកិច្ចសន្មត់ថា ជា «អំពើឃាតកម្ម» ដែលគេសង្ស័យទៅលើឈ្មោះ យៃ ឡើយ ប្រុសអាយុ៥៣ឆ្នាំ និង ជាម្ចាស់ផ្ទះផងថា ជាអ្នកបង្ក។ នៅក្នុងសំណុំរឿងឧក្រិដ្ឋនេះ សមត្ថកិច្ចបានដាក់ការសង្ស័យថា ឈ្មោះ យៃ ឡើយ បានសម្លាប់ប្រពន្ធ និង កូនស្រីរបស់ខ្លួននៅក្នុងផ្ទះ រួចចាក់សោទ្វារជាប់ពីខាងក្រៅ ហើយដុតផ្ទះចោលតែម្ដង ខណៈជននេះបានរត់គេចបាត់ទាំងយប់ភ្លាមៗដែរ។

បើទោះជាសមត្ថកិច្ច បានធ្វើការសន្និដ្ឋានយ៉ាងជាក់លាក់ថា ការស្លាប់ពីរនាក់ម្ដាយនិងកូនស្រីនៅក្នុងផ្ទះយ៉ាងអាណោចអធ័មនេះ ជា«អំពើឃាតកម្ម» ដែលបង្កឡើងដោយបុរសជាប្ដីនិងជាឪពុកក្ដី តែរយះពេលជាងមួយខែកន្លងមកហើយ សមត្ថកិច្ចនៅតែមិនទាន់អាចបំបែកសំណុំរឿងនេះបាននៅឡើយទេ។

ទោះយ៉ាងណា ពាក់ព័ន្ធនឹងករណីអគ្គីភ័យដែលបានកើតឡើង ខាងលើជាថ្មីនេះ បើតាមលោកផង់ សុភាព អធិការស្រុក បានបញ្ជាក់ថា វាមិនមែនជាករណីអំពើឃាតកម្មដូចលើកមុនទេ តែជាទង្វើរបស់កូនប្រុសម្ចាស់ផ្ទះ ដែលមានសតិមិនគ្រប់ទឹក បង្កឱ្យមានអគ្គិភ័យកើតឡើង ដែលបណ្ដាលឱ្យឆេះខ្ទេចទាំងផ្ទះ ឆេះស្លាប់ទាំងខ្លួនឯង៕


ចែករំលែកព័តមាននេះ