ជប៉ុន ៖ តាមប្រភពព័ត៌មាន BBC បានឱ្យដឹងថា ប្រទេសជប៉ុន មានការព្រួយបារម្ភទៅលើការបន្តធ្លាក់ភ្លៀង ក្រោយពីមានទឹកជំនន់កាលពីចុងសប្តាហ៍កន្លងមកនេះ ដែលធ្វើឱ្យមានមនុស្សបាត់បង់ជីវិតយ៉ាងហោចណាស់ ៣៧នាក់។

បុគ្គលិកជួយសង្គ្រោះជាង ៤ម៉ឺននាក់ នៅភាគនិរតី កំពុងស្វែងរកអ្នកនៅរស់នៅឡើយ កាលពីថ្ងៃច័ន្ទ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យបាក់ដី និងទន្លេបាក់ច្រាំង នៅថ្ងៃសៅរ៍។ លេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន បានប្រាប់អ្នកយកព័ត៌មានថា មនុស្សចំនួន ១៣នាក់នៅតែមិនទាន់រាប់បញ្ចូលនៅឡើយ ដោយ៨០០នាក់ត្រូវបានជួយសង្គ្រោះ។ ភ្លៀងដែលមានកម្ពស់ ៣០សង់ទីម៉ែត្រ ត្រូវបានរំពឹងថា នឹងកើតឡើងក្នុងរយៈពេល២ថ្ងៃខាងមុខ។

អ្នកឆ្លើយឆ្លងព័ត៌មាន BBC នៅទីក្រុងតូក្យូ លោក Rupert Wingfield-Hayes មានប្រសាសន៍ថា ស្របពេលដែលប្រទេសជប៉ុនខាងលិច ទទួលរងនូវភ្លៀងធ្លាក់ខ្លាំងពីតំបន់ត្រូពិកក្នុងរដូវមូសុង ពីរថ្ងៃចុងក្រោយនេះ ឃើញថា មានភ្លៀងធ្លាក់ខ្លាំងគួរឱ្យកត់សម្គាល់នៅលើកោះ Kyushu។ អាណាខេត្ត Kumamoto និង Kagoshima បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារប្រជាជនរាប់សែននាក់ ត្រូវបានគេណែនាំឱ្យជម្លៀសចេញ។

ទោះយ៉ាងណា មជ្ឈមណ្ឌលជម្លៀស កំពុងដំណើរការនៅកម្រិតទាបដោយសារតែហានិភ័យនៃការឆ្លងវីរុស។ មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យ លោក Toshihiko Nakamura បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា ពួកគេបានបញ្ជូនជនភៀសខ្លួនមួយចំនួនទៅកាន់មជ្ឈមណ្ឌលមួយផ្សេងទៀត ដោយសារតែច្បាប់នៃការរក្សាគម្លាតសង្គម។

ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន បាននិយាយថា ការធ្លាក់ភ្លៀងបែបនេះមិនដែលឃើញមាននៅក្នុងតំបន់នោះទេ។ នៅយប់ថ្ងៃសៅរ៍ ទឹកទន្លេគូម៉ា បានផ្ទុះឡើងយ៉ាងខ្លាំងនៅតាមកន្លែងជាច្រើន ដែលជន់លិចកន្លែងតាំងទីលំនៅទាបៗ។ ជនរងគ្រោះចំនួន ១៤នាក់ ត្រូវបានគេរកឃើញនៅក្នុងមណ្ឌលថែទាំមួយ បន្ទាប់ពីទឹកទន្លេបានជន់លិចជាន់ក្រោម។ ៥០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ៕ ដកស្រង់ចេញពីវេបសាយ ៖ bbc (កែសម្រួលដោយ ៖ បុប្ផា)












ចែករំលែកព័តមាននេះ