រាជធានីភ្នំពេញ ៖ ក្បាលដីរបស់តារាចម្រៀងលោកព្រាប សុវត្ថិ ត្រូវបានមន្ត្រីជំនាញនៃ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានចុះទៅវាស់វែង និងបោះបង្គោល កំណត់ព្រំហើយរកឃើញថា តារាចម្រៀងរូបនោះបានសាងសង់របងរំលោភចូលដីផ្លូវសាធារណៈ ។

ការចុះវាស់វែងខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចដីលេខ ១៧៤ ផ្លូវលំស្ថិតនៅ ភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាដីរបស់តារាចម្រៀង ព្រាប សុវត្ថិ បន្ទាប់ពីមានប្រជាពលរដ្ឋរស់នៅជុំវិញចំនួន៧០គ្រួសារ បានផ្តិតមេដៃប្តឹងលោកព្រាប សុវត្ថិចោទប្រកាន់ថា បានរំលោភផ្លូវសាធារណៈ និងទទូចអោយមន្ត្រីជំនាញចុះវាស់វែង។ នៅក្នុងការវាស់វែងក៏មានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ ។

តាមមន្ត្រីជំនាញ អោយដឹងថា ការចុះបោះបង្គោលព្រំដីនេះធ្វើឡើងតាមដីការអម លេខ ៩៤៣\២០ ដ ក អ រ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានក្បាលដីលេខ១៧៤ និងក្បាលដីលេខ ១៧៥ ។

តាមកំណត់ហេតុស្តីពីករណីប្តឹងជំទាស់ នឹងការចុះបញ្ជីក្បាលដីលេខ១៧៤ របស់មន្ត្រីជំនាញបានអោយដឹងថា ជាកិច្ចចាប់ផ្តើមក្រុមការងារបច្ចេកទេស បានចុះរកចំណុចព្រំដីជ្រុងខាងត្បូង ផ្នែកខាងកើត ដោយពិនិត្យឃើញថា ភាគីលោក ព្រាប សុវត្ថិ បានសង់របងប្រវែង១,៩០ម៉ែត្រ និងព្រំដីជ្រុងខាងត្បូងផ្នែកលិច ដោយពិនិត្យឃើញថា លោកព្រាប សុវត្ថិ បានសង់របងប្រវែង៣,២០ម៉ែត្រ នៃក្បាលដីលេខ ១៧៤ ចូលលើផ្លូវសាធារណៈ ។

នៅក្នុងកំណត់ហេតុ ក៏បានអោយដឹងទៀតថា បន្ទាប់មក ក្រុមការងារបច្ចេកទេសបានបន្តរកចំណុចព្រំដី របស់លោកស្រី ហេង គន្ធា ជ្រុងខាងលិច ផ្នែកខាងជើង ដោយពិនិត្យឃើញថា លោកស្រី ហេង គន្ធា បានសង់របងប្រវែង០,២ម៉ែត្រ និងជ្រុងខាងកើត ផ្នែងខាងជើង ដោយពិនិត្យឃើញថា លោកស្រីបានធ្វើរបងមិនប៉ះពាល់អ្វីទេនៃក្បាលដីលេខ ១៧៥។

តាមព័ត៌មានអោយដឹងថា បន្ទាប់ពីធ្វើការវាស់វែង ភាគីខាងលោក ព្រាប សុវត្ថិ ក៏បានទទួលស្គាល់ថា បានធ្វើរបងចូលផ្លូវសាធារណៈ ពិតប្រាកដមែន។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៧០នាក់ ដែលរស់នៅ ក្នុងភូមិ ច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ជុំវិញផ្ទះលោក ព្រាប សុវត្ថិ ក៍បាននាំគ្នាផ្តិតមេដៃប្តឹងលោកព្រាប សុវត្ថិ ដោយចោទលោក ព្រាប សុវត្ថិ ដែលជាតារាចម្រៀងល្បីឈ្មោះ បានរំលោភយកដីផ្លូវសាធារណៈ ហើយបានផ្តិតមេដៃប្តឹងទាស់ករណីក្បាលដីចុះបញ្ជីលេខ ១៧៤ ដែលជាក្បាលដីលោកព្រាប សុវត្ថិ ស្ថិតនៅភូមិ ច្រេស សង្កាត់គោកឃ្លាងខណ្ឌសែនសុខ ដោយសារការចុះបញ្ជីនោះបានរំលោភចូលដីផ្លូវ។ បន្ទាប់ពីមានពាក្យបណ្តឹង នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ អាជ្ញាធរខណ្ឌសែនសុខ បានចុះទៅសម្របសម្រួលនិងដោះស្រាយជូនប្រជាពលរដ្ឋ ។

នៅចំពោះមុខអាជ្ញាធរ ប្រជាពលរដ្ឋសំណូមពរដល់លោកព្រាប សុវត្ថិ ចំនួន៣ចំណុច ១-ស្នើអោយលោកព្រាប សុវត្ថិ ធ្វើការរុះរើសម្ភារៈផ្សេងៗចេញពីលើផ្លូវសារធារណៈខាងក្រោយដីឡូតិ៍របស់លោកព្រាប សុវត្ថិ ២-ស្នើសុំអោយគាគីលោកព្រាប សុវត្ថិ កែសម្រួលចតរថយន្តនៅលើផ្លូវសាធារណៈពិបាកចេញចូល និងបញ្ហាសម្លេងរបស់រថយន្ត និង៣-ស្នើសុំអោយភាគីលោកព្រាប សុវត្ថិ កាប់មែកឈើដែលធ្លាក់ទៅផ្ទះរបស់ពួកគាត់ចេញអោយអស់។

ចំណែកចំណុចដែលចោទថា លោកព្រាប សុវត្ថិ រំលោភយកដីផ្លូវសាធារណៈ មិនបានដាក់បញ្ជូលក្នុងការសម្របសម្រួលនេះនោះទេ ដោយប្រជាពលរដ្ឋទទូចសុំអោយមន្ត្រីជំនាញខាងសូរិយោដីចុះទៅវាស់វែង ក្បាលដីលេខ ១៧៤ ដែលជាដីលោកព្រាប សុវត្ថិ ព្រមទាំងវាស់វែងផ្លូវ ព្រោះផ្នែកខាងក្រោយដីផ្លូវមុន មានទទឹងប្រវែង១០ម៉ែត្រ ហើយពេលនេះនៅសល់តែ៧ម៉ែត្រនោះទេ ។

បន្ទាប់ពីមានការទទូចស្នើសុំ ទើបមន្ត្រីជំនាញក៏បានចុះទៅវាសវែង ដើម្បីរកការពិតឃើញ ថាតារាចម្រៀង បានសង់រំលោភដីសាធារណៈពិតមែន ។ ទោះបីជាយ៉ាងណា កោះសន្តិភាពពុំបានទទួលការបំភ្លឺណាមួយពីលោកព្រាប សុវត្ថិ ជុំវិញការសង់របងរំលោភដីផ្លូវសាធារណៈនេះនៅឡើយ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ