រាជធានីភ្នំពេញ ៖ ខណៈផលប៉ះពាល់ទៅលើវិស័យសណ្ឋាគារផ្ទះសំណាក់ និងបូទិកពីមេរោគរាតត្បាត កូវីដ១៩ នៅតែបន្ត ម្ចាស់អាជីវកម្មមួយចំនួនបានសម្រេចប្រកាសលក់អាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់ ជាពិសេសនៅតំបន់ដែលរងផលប៉ះពាល់ខ្លាំង គឺទឹកដីខេត្តសៀមរាបតែម្តងដែលការដាក់លក់មានចំនួនច្រើន ជាងខេត្ត-ក្រុងផ្សេងៗ ។

បើយោងតាមលោកស្រីក្លេខៃ ចិន ប្រធានសមាគមសណ្ឋាគារកម្ពុជា បានអោយដឹងថា ជាការពិតណាស់ ម្ចាស់សណ្ឋាគារនិងបូទិកជាច្រើនបានប្រកាសលក់អាជីវកម្មទាំងស្រុង ព្រោះតែខ្វះទុនក្នុងការបន្តដំណើរការអាជីវកម្មនេះ ។ លោកស្រីបាននិយាយថា «ម្ចាស់អាជីវកម្មសណ្ឋាគារ និងបូទិកនៅតំបន់ដែលរងផលប៉ះពាល់ខ្លះដូចជានៅសៀមរាប បានប្រកាសតាមហ្វេសប៊ុក ដាក់លក់សណ្ឋាគារ បូទិករបស់ខ្លួនព្រោះមិនអាច ឬមិនចង់រង់ចាំកូវីដ១៩ស្ងប់ស្ងាត់ ដោយសារតែមិនដឹងពេលណាទើបវាត្រលប់មកសភាពធម្មតាវិញ បើទោះបីជាពេលនេះសកម្មភាពទេសចរក្នុងស្រុកបានងើបឡើងវិញបន្តិចក្ដី » ។

លោកស្រីបានបន្តថា ក្រៅពីអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ និងបូទិកដែលបានប្រកាសលក់នោះ គេឃើញថាកន្លែងលក់វត្ថុអនុស្សាវរីយ៍ជាច្រើននៅសៀមក៏បានបិទទ្វារ និងត្រៀមលក់ទីតាំងទាំងនោះដែរ ដោយសារតែពួកគេមិនមានចំណូលទាល់តែសោះ ក្នុងអំឡុងពេលមេរោគរាតត្បាតឆ្លងមកដល់កម្ពុជា ។

ម្ចាស់អាជីវកម្មមួយចំនួនដែលមានទុនក៏បានផ្លាស់ប្តូរពីផ្ទះសំណាក់ សណ្ឋាគារបូទិកទៅជាអាជីវកម្មផ្សេងបម្រើក្នុងមូលដ្ឋាននិងភ្ញៀវក្នុងស្រុកវិញ តែសម្រាប់ម្ចាស់អាជីវកម្មដែលមិនមានទុនក៏លក់បន្តទៅអ្នកផ្សេង ។
ជាក់ស្តែងការប្រកាសលក់សណ្ឋាគារ និងបូទិក គឺមានតម្លៃជិតមួយលានដុល្លារ ដល់រាប់រយលានដុល្លារទៅតាមទំហំនិងកម្រិតផ្គាយរបស់សណ្ឋាគារ និងបូទិក នីមួយៗ ។

លោកតុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ទីតាំងសណ្ឋាគារនិងផ្ទះសំណាក់នៅតំបន់ខ្លះហាក់ទទួលបានកំណើនឡើងវិញ ខណៈទីតាំងខ្លះនៅតែរងឥទ្ធិពលពីកូវី១៩ ។ ទីតាំងអាជីវកម្មដែលបានប្រសើរឡើងវិញខ្លះៗនោះ ដូចជានៅភ្នំពេញ ព្រះសីហនុ មណ្ឌលគីរីជាដើម ក៏ប៉ុន្តែទីតាំងដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដដែលនោះ គឺខេត្តសៀមរាបដោយផ្ទះសំណាក់និងសណ្ឋាគារជាច្រើនទៀតនៅបន្តបិទទ្វារ និងផ្អាកអាជីវកម្ម ។
លោកបានបន្តថាម្ចាស់អាជីវកម្មសណ្ឋាគារ ដែលជួលទីតាំងរបស់គេដើម្បីធ្វើអាជីវកម្មក៏បានប្រកាសលក់ក្នុងតម្លៃណាមួយទៅអ្នកផ្សេងតែសម្រាប់ផ្ទះសំណាក់និងសណ្ឋាគារជាម្ចាស់ទីតាំងផងនោះក៏បន្តអាជីវកម្ម ឬក៏កែប្រែអាជីវកម្មខ្លះដើម្បីរកចំណូលសម្រាប់ផ្គត់ផ្គង់ទៅបុគ្គលិករបស់ខ្លួន ។ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងកាលពីពេលថ្មីនេះថាអាជីវកម្មទេសចរណ៍ជិត៣ ពាន់ទីតាំងបានបិទ បណ្ដោះអាសន្នដោយសារកូវីដ១៩និងធ្វើអោយបាត់បង់ឱកាសការងារជាង៤៥ពាន់នាក់ ។
យ៉ាងណាក៏ដោយ ក្នុងរយៈពេល៣សប្ដាហ៍នៃខែមិថុនា ក៏មានភ្ញៀវក្នុងស្រុកប្រមាណ៤៥ម៉ឺននាក់បានចេញដើរកម្សាន្ត ដែលសកម្មភាពនេះក៏អាចស្រោចស្រង់វិស័យទេសចរណ៍បានខ្លះដូចជាផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋានក៏ដូចជាសេវាកម្មទេសចរណ៍ផ្សេងទៀត ៕
ចែករំលែកព័តមាននេះ