ប្រទេសជប៉ុន ៖ យោងតាមរ៉យទ័រថា មនុស្សជិត៤០នាក់ត្រូវបាត់បង់ជីវិត ខណៈភ្លៀងធ្លាក់ខ្លាំងនៅបន្តលើកោះក្យូស៊ូភាគខាងត្បូងជប៉ុន ។
ក្នុងសន្និសីទសារព័ត៌មានមួយ នាយកខុន្ទកាល័យនៃរដ្ឋាភិបាលជប៉ុន លោកយ៉ូស៊ីហ៊ីដស៊ូហ្គាប្រកាសថា ទឹកជំនន់ និងការបាក់ដី បានឆក់យកជីវិតមនុស្ស២១នាក់រួចហើយ ចំណែកមនុស្ស១៨នាក់ទៀតក៏ត្រូវបានសន្មត់ថា អាចបាត់បង់ជីវិតផងដែរ រួចមនុស្ស១៣នាក់បានបាត់ខ្លួន។

លោកបញ្ជាក់ថា បណ្ដាមជ្ឈមណ្ឌលសម្រាប់ទទួលអ្នកជម្លៀសខ្លួនចេញត្រូវបានបង្កើតឡើង ទន្ទឹមគ្នានឹងបណ្ដាវិធានការសុខាភិបាលចាំបាច់នានា សម្រាប់បង្ការការឆ្លងវីរុសCOVID-19។
កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ មនុស្សជាង២០០.០០០នាក់ បានត្រូវស្នើឲ្យចាកចេញពីលំនៅឋាន។

កាលពីខែតុលាឆ្នាំទៅមិញ ទឹកជំនន់ ក្រោយការវាយប្រហារនៃព្យុះទីហ្វុងHAGIBIS បណ្ដាលឲ្យមនុស្សបាត់បង់ជីវិតចំនួន៩០នាក់នៅជប៉ុន៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)




ចែករំលែកព័តមាននេះ