អ្នកស្រាវជ្រាវបារាំងបានបញ្ជាក់ថា មនុស្សរស់នៅកម្ពុជា ដំបូងៗមានភស្ដុតាងជាង៦០០.០០០ឆ្នាំមុន មាននៅតំបន់ខ្ពង់រាបក្នុងតំបន់ស្រែស្បូវ រលួច ស្រែឫស្សី…ខេត្តក្រចេះ រហូតដល់អំឡុងឆ្នាំ២៥០០មុនគ្រឹស្តសករាជ នៅតំបន់ស្នួលរបស់ខេត្តក្រចេះ មានការកសាងរដ្ឋរបស់សហគន៍មនុស្ស ដំបូងៗ រស់នៅក្នុងជំរំដីរាងមូល នៅស្ថានីយធួនស្នួល (មុខផ្សារស្នួល) កាំឡែក ប៉ាក់កាឡី ជើងឃ្លូ និងត្រពាំងល័ក្ស ។នេះបើតាមឯកសាររដ្ឋបាលខេត្តក្រចេះ ។

ប្រភពដដែលបន្តថាបើតាមវចនានុក្រមខ្មែរបានពន្យល់ពាក្យ ក្រចេះ(ន.) ឈ្មោះខែត្រមួយនៃប្រទេសកម្ពុជា ខែត្រក្រចេះ ។ ឈ្មោះម្សៅក្រអូប ៖ ម្សៅក្រចេះ តាមវចនានុក្រមខែ្មរ របស់សមេ្តចសង្ឃរាជ ជួន-ណាត ភាគទី១ និង ភាគទី២ ត្រង់ទំព័រ៩៣០ បោះពុម្ពឆ្នាំ១៩៦៧ សរសេរថា «ក្រចេ» (ន.) (ពាក្យជនជាតិស្ទៀង) ក្របី កំពង់ក្រចេ កំពង់ចម្លងក្របី (ក្លាយមកជា ក្រចេះ) ។

តាមការរៀបរាប់របស់ចាស់ទុំរស់នៅក្នុងតំបន់នេះ នាដើមទសវត្សឆ្នាំ១៩០០ បានឲ្យដឹងថានៅសម័យដើមខេត្តក្រចេះ មានជនជាតិដើមភាគតិចជាច្រើនរស់នៅ ហើយមានការទាក់ទងពាណិជ្ជកម្ម ផ្សេងៗ នៅភូមិភាគឦសានទាំងមូលតាមច្រក «កំពង់ចម្លងក្របី» របស់ជនជាតិស្ទៀងឆ្លងពីក្រចេះទៅតំបន់ខាងលើ និងក្រចេះមកតំបន់ខាងក្រោម ហើយតែងតែមកផ្លាស់ប្តូរទំនិញទៅវិញទៅមកនៅ កំពង់ចម្លងនេះ(សូមកុំច្រឡំនៅជិតកែវសីមា ភ្នងសម្លាប់ Gatille ១៩៣០’s ក្រោយមកក្លាយជាពាក្យ Kratie ឬ Kratié ជាពាក្យខុស ត្រឹមត្រូវគួរសរសេរ Kracheh)។

ក្នុងសៀវភៅប្រវត្តិសាស្ដ្រប្រទេសកម្ពុជា ចាប់ពីសតវត្សទី១ នៃគ្រឹស្ដសករាជរហូតមក របស់លោកអាដេម៉ា ឡឺក្លែរ អតីតរ៉េស៊ីដង់បារាំងប្រចាំប្រទេសកម្ពុជា បោះពុម្ព នៅទីក្រុងប៉ារីស នាឆ្នាំ១៩១៤ (ប្រែសម្រួលដោយ លោកទេព ម៉េងឃាង ហៅទី ឃាយុ បោះពុម្ព នៅកម្ពុជា នាឆ្នាំ២០០៦) លើលេខយោងក្នុងទំព័រទី៣៨-៣៩ លោកបាន រៀបរាប់ឈ្មោះ ទីក្រុងបុរាណដែលមាននៅកម្ពុជា ។

ក្នុងនោះមានឈ្មោះក្រុងបុរាណមួយនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ គឺទីក្រុងសម្ភុបុរៈ ។ លោក អាដេម៉ា ឡឺក្លែរ បានពន្យល់ ថា៖ សម្ភុបុរៈ=ទីក្រុងរបស់អ្នកប្រាជ្ញ ។ ភស្ដុតាងសិលាចារិកk.125 ដែលបានសិក្សា ដោយសាស្ដ្រាចារ្យបណ្ឌិត វង់ សុធារ៉ា បញ្ជាក់ថា នៅខេត្តក្រចេះ មានក្រុងបុរាណមួយរបស់ខ្មែរគឺក្រុងសម្ភុបុរៈ (នៅស្រុកសំបូរ) ៕ (កែសម្រួលដោយ ៖ បុប្ផា)




ចែករំលែកព័តមាននេះ