ខេត្តកំពង់ឆ្នាំង ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលី ឬហៅថា បង្កងដង្កៀបក្រហមឈ្មោះ «ភារម្យសត្យា» មានទីតាំងស្ថិតនៅក្នុងភូមិទួលទ្រា ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានអះអាងថា រយៈពេលបទពិសោធន៍នៃការចិញ្ចឹមបង្កង៣ឆ្នាំ គាត់ទទួលបានជោគជ័យ គួរជាទីគាប់ចិត្ត ។

យ៉ាងនេះក្តី ទម្រាំឈានដល់បានផ្លែផ្កាបានប៉ុណ្ណេះ គាត់ក៏ធ្លាប់ទទួលការបរាជ័យខ្លះដែរ គឺកាលពីចាប់ផ្ដើម១ឆ្នាំដំបូង ។ បច្ចុប្បន្នអ្វីដែលជាមហិច្ឆតាជាងនេះទៅទៀតនោះគាត់កំពុងបង្កើតស្រែបង្កងឲ្យបានលើផ្ទៃដីចំនួន១០ ហិកតា នៅភូមិស្ដុកកប្បាស ឃុំប្រស្នឹប ស្រុករលាប្អៀរ គឺជាទីតាំងចិញ្ចឹមបង្កងយកសាច់ ។

លោក ហង្ស ភារម្យ អាយុ ៣៥ឆ្នាំ ជាម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងខាងលើបានឱ្យដឹងថា គាត់ចាប់ផ្ដើមបើកកសិដ្ឋានចិញ្ចឹមបង្កងនៅទីនេះពីដំបូងឡើង គាត់ចិញ្ចឹមកូនបង្កងត្រឹម១ពាន់ក្បាល ប៉ុណ្ណោះ ។ ដោយដាក់ចិញ្ជឹមក្នុងអាងចិញ្ចឹមសិប្បនិមិត្តចំនួន២ ។ ក្រោយមកដោយការចិញ្ចឹមបានជោគជ័យខ្លះបរាជ័យខ្លះ ។ ប៉ុន្តែលោកអាចពង្រីកកសិដ្ឋានរបស់លោកជាបន្តបន្ទាប់ ។

ក្នុងរយៈពេលជាង១ឆ្នាំក្រោយមកក៏បានទទួលជោគជ័យស្ទើរទាំងស្រុង ដោយសារតែលោកចេះថែទាំ និងស្គាល់ច្បាស់ពីជីវិតបង្កងអូស្ត្រាលី ឬបង្កងដង្កៀបក្រហម និងចេះធ្វើការបង្កាត់ពូជ បន្តកូនរបស់វា ។ ចំពោះទីតាំងដែលគាត់ចាប់ផ្ដើមចិញ្ចឹមនៅទីនេះពីដំបូងឡើង គឺគិតថា ចិញ្ជឹមដើម្បីបង្កាត់ពូជ និងយកសាច់ ។ ប៉ុន្តែបច្ចុប្បន្ន ដោយសារលោកបានពង្រីកធ្វើជាកន្លែងបង្កាត់ពូជភ្ញាស់កូនអស់ទៅធ្វើឱ្យទីតាំងនេះចង្អៀត ម្លោះហើយលោកសម្រេចមិនដាក់ចិញ្ចឹមបង្កងយកសាច់នោះទេ គឺទុកធ្វើតែកន្លែងបង្កាត់ពូជទាំងអស់ ដោយបានជីកស្រះចំនួន០៧កន្លែង និងធ្វើកន្លែងសម្រាប់មេភ្ញាស់កូន១កន្លែង លើផ្ទៃដីជាង១ហិកតា ។

ចំណែកទីតាំងចិញ្ចឹមបង្កងយកសាច់ គឺលោកបានរៀបចំស្រែបង្កង ១កន្លែងផ្សេងទៀត ដែលមានផ្ទៃដី១០ហិកតា នៅភូមិស្ដុកកប្បាស ឃុំប្រស្និប ស្រុករលាប្អៀរ ដែលមកដល់ពេលនេះលោកទើបតែធ្វើបាន ២ហិកតា ដោយបានដាក់កូនប្រមាណជាង២ម៉ឺនក្បាលរួចទៅហើយ ។ ជាទិសដៅបន្តលោកនឹងដាក់កូនបង្កងឱ្យបានពី១៥ទៅ៣០ម៉ឺនកូន ។

ដោយនៅស្រែបង្កងនោះ គឺធ្វើការដាំស្រូវផង និងចិញ្ចឹមបង្កងផងក្នុងរយៈពេល៦ ខែ គឺប្រមូលទាំងផលស្រូវ និងប្រមូលទាំងផលបង្កងព្រមគ្នាតែម្តង ។

សព្វថ្ងៃនេះ លោកលក់បង្កងសាច់ ក្នុង១គីឡូថ្លៃ៣០ដុល្លារ ប៉ុន្តែលក់បានខ្លះៗប៉ុណ្ណោះ ។ បើសម្រាប់កូនបង្កងវិញគាត់លក់បានពី១ទៅ២ម៉ឺនក្បាលក្នុងខែដែលមានតម្លៃពី១៥០០ទៅ២០០០រៀល ក្នុង១ក្បាល ។ ដោយឡែកសម្រាប់មេបាបង្កងក្នុង១គូ គាត់លក់ពី៣ទៅ៤ម៉ឺនរៀល ៕



ចែករំលែកព័តមាននេះ