រាជធានីភ្នំពេញ ៖ ពិតជាគួរឱ្យអាណិតអាសូរពន់ពេកណាស់ ចំពោះបុរសជនអនាថាម្នាក់មានរូបរាងស្គមស្គាំង និងស្នាមរបួសជើងផងនោះ ទំនងជាហេវហត់អស់កម្លាំង ដែលគេសង្ស័យថា គាត់មិនបានហូបអាហារគ្រប់គ្រាន់នោះ ខណៈកំពុងដើរសុខៗ ស្រាប់តែដួលប្រកាច់ធ្លាក់ចូលទៅក្នុងទឹកលូមួយកន្លែង ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយស្រង់ឡើងលើគោក រួចរាយការណ៍ជូនទៅក្រុមសង្គ្រោះអង្គភាព៧១១ ឱ្យចុះមកជួយសង្គ្រោះបឋម ព្រមទាំងដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដើម្បីសង្គ្រោះបន្ទាន់ ទន្ទឹមនឹងនេះ ប្រសិនបើអាជ្ញាធរ ឬសប្បុរសជនបានដឹង សូមជួយដល់បុរសម្នាក់នេះផង។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចមុខបន្ទាយកងវិស្វកម្មអគ្គបញ្ជាការទ័ពជើងគោក តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសម្នាក់ខាងលើឈ្មោះឆេង វណ្ឌី ហៅទូច អាយុជាង៤០ឆ្នាំ មានស្រុកកំណើតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្រោយពេលដឹងខ្លួន បុរសម្នាក់ខាងលើបានរៀបរាប់គ្រូពេទ្យឱ្យដឹងថា គាត់មានជំងឺយូរមកហើយ ដោយត្រូវសត្វក្របីវ័ធនៅឯស្រុកកំណើត ហើយគាត់គឺជាជនអនាថា និងត្រូវបានគេដឹកយកមកចោលនៅភ្នំពេញច្រើនថ្ងៃមកហើយ មិនតែប៉ុណ្ណោះគាត់បានក្ដៅខ្លួនរយៈពេល៥ថ្ងៃកន្លងមកហើយដែរ លុះពេលដើរតាមផ្លូវក៏ដួលប្រកាច់ដោយមិនដឹងខ្លួនតែម្ដង។
តាមប្រភពពីអ្នកបុរសអ្នករត់ម៉ូតូឌុបម្នាក់បាននិយាយថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់នោះដើរតាមចិញ្ចើមផ្លូវជាតិលេខ៣យឺតៗក្នុងស្ថានភាពហេវហត់អស់កម្លាំង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានឈរនៅក្បែលូដែលគ្មានគម្របមានតែដែកព័ទ្ធជុំវិញប៉ុណ្ណោះ ។
តាមប្រភពដដែលបានបន្តថា បន្តិចក្រោយមកស្រាប់តែបុរសម្នាក់នោះដួលប្រកាច់ប្រមៀលធ្លាក់ចូលទៅក្នុងលូដែលគ្មានគម្របនោះ ខណៈនោះគាត់និងអ្នករត់ម៉ូតូឌុបដទៃទៀតស្មានថាបោកក្បាលនិងគែមមាត់លូបាត់បង់ជីវិតបាត់ទៅហើយ ប៉ុន្តែក្រោយពីនាំគ្នារត់ទៅមើលឃើញអត់អីទេគ្រាន់តែសន្លប់ប៉ុណ្ណោះ ក៏នាំគ្នាសែងលើកបុរសម្នាក់នោះចេញពីក្នុងលូឡើងមកលើ រួចបានរាយការណ៍ជូនក្រុមសង្គ្រោះអង្គភាព៧១១ ឲ្យចុះមកជួយសង្គ្រោះបឋម ព្រមទាំងដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដើម្បីសង្គ្រោះបន្ទាន់។
ដោយឡែកក្រុមគ្រូពេទ្យបានប្រាប់ឲ្យដឹងថា ក្រោយពេលដែលក្រុមសង្គ្រោះអង្គភាព៧១១ ដឹកបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ក្រុមគ្រូពេទ្យបានជួយសង្គ្រោះបុរសម្នាក់នេះយ៉ាងយកចិត្តទុកដាក់ និងដោយក្ដីអាណិតអសូរបំផុត ដោយបានយកទៅដាក់នៅបន្ទប់សម្រាប់ព្យាបាលជនអនាថា ដែលបានរៀបចំទុកស្រាប់នៅក្នុងមន្ទីរពេទ្យខាងលើ ពេលនោះគ្រូពេទ្យបានពិនិត្យអំពីអាការៈឃើញថា បុរសនេះមានកម្ដៅរហូតដល់ទៅ៤០អង្សាគឺក្ដៅខ្លាំង ទើបបានជាប្រកាច់បែបនេះ។
ក្រុមគ្រូពេទ្យបានបន្តថា ក្រោយមកក៏បានព្យាបាលតាមវិធីសាស្ត្រវិជ្ជសាស្ត្រ ទើបកម្ដៅធ្លាក់ចុះមកវិញ ហើយបុរសម្នាក់នោះក៏សម្ងំដេក ប៉ុន្តែអ្វីដែលជួបការលំបាកនោះ គឺនៅត្រង់មិនអាចដាក់សេរ៉ូមឲ្យបុរសម្នាក់នេះបានទេ ព្រោះពេលដាក់សេរ៉ូមចេះតែបោចចោលជាច្រើនលើកច្រើនសារ ។ ប៉ុន្តែបុរសម្នាក់នោះប្រហែលជាមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ ហើយក្រុមគ្រូពេទ្យបាននិងកំពុងតាមដាននូវអាការៈរបស់បុរសម្នាក់នោះជាបន្តទៀតមិនធ្វេសប្រហែសទេ ហើយក៏បានផ្គត់ផ្គង់បាយទឹកជូនបុរសម្នាក់នោះផងដែរ ព្រោះបុរសម្នាក់នោះគ្មានអ្នកមើលថែ ។ ម្យ៉ាងទៀតក្រៅពីបុរសម្នាក់នេះក៏នៅមានអ្នកជំងឺដែលជាជនអនាថាម្នាក់ទៀតនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺកំពុងសម្រាកព្យាបាលជំងឺនៅទីនោះ ហើយទទួលបានការផ្គត់ផ្គង់បាយទឹកក្នុងពេលសម្រាកព្យាបាលដូចបុរសខាងលើនោះដែរ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ